• 2018-05-21 03:38:02
  • ព័ត៌មាន

ក្រុមហ៊ុន​ចិន​មួយ​បង្ហោះ​គ្រាប់​រ៉ុកកែត​ដំបូង​ខ្លួន​ឯង អាច​ជា​គូ​ប្រជែង​ធំ​របស់ SpaceX (មាន​វីដេអូ)

  • 2018-05-21 03:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​នេះ ប្រទេស​ចិន​ទាំង​មូល​បាន​អបអរសាទរ​ចំពោះ​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​ឯកជន​ខ្លួន ឈ្មោះ​ថា OneSpace។ បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​ផ្នែក​អវកាស​ជាង​ពីរ​ទសវត្សរ៍​ហើយ​នោះ ពេល​នេះ​រដ្ឋាភិបាល​ចិន​បាន​បើក​ភ្លើង​ឲ្យ​វិស័យ​ឯក​ជន​ចូល​មក​ក្នុង​កិច្ចការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដ៏​ធំ​នេះ​ហើយ។

គ្រាប់​រ៉ុកកែត​ដែល​បាញ់​សាកល្បង​នេះ ត្រូវ​បាន​រាយ​ការណ៍​មក​ថា បាន​ហោះ​ផុត​រយៈ​កម្ពស់ ៤០ គ.ម និង​បន្ត​ជាង ២៧៣ គ.ម ទៀត​មុន​ពេល​ដែល​វា​ធ្លាក់​មក​ផែន​ដី​វិញ នៅ​តាម​ទី​តាំង​ដែល​គ្រោង​ទុក។ ការ​បង្ហោះ​គ្រាប់​រ៉ុកកែត​ធន់​ស្រាល OS-X របស់​ក្រុមហ៊ុន OneSpace នេះ​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​ជា​ទី​គាប់​ចិត្ត។

ក្រុមហ៊ុន​ឯកជន​ដំបូង​របស់​ចិន ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​អវកាស​នេះ ក៏​មាន​មហិច្ឆតា​ធំ​មិន​ធម្មតា​ដែរ ពោល​គឺ​ចង់​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន ធំ​បំផុត​មួយ​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ទំហំ​តូច លើ​ពិភព​លោក ដែល​ខ្លួន​មាន​គម្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​ចំនួន ១០ ក្នុង​ឆ្នាំ ២០១៩ ខាង​មុខ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OneSpace លោក Shu Chang ក៏​បាន​លើក​ឡើង​ពី​ក្រុមហ៊ុន ផលិត​រ៉ុកកែត​ធំ​បំផុត​របស់​អាមេរិក SpaceX ផង​ដែរ។ លោក​បាន​លើក​ឡើង​ថា៖ "ពួក​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដូច SpaceX កាល​គ្រា​ដំបូង​អ៊ី​ចឹង។ SpaceX ជា​ក្រុមហ៊ុន​ឯកជន​ផលិត​រ៉ុកកែត​ដំបូង​នៅ​អាមេរិក ឯ​យើង​ជា​ក្រុមហ៊ុន​ឯកជន​ផលិត​រ៉ុកកែត​ដំបូង​នៅ​ចិន។ យ៉ាងណាមិញ យើង​ប្រើ​បច្ចេកវិទ្យា​នៃ​ប្រទេស​របស់​យើង​ផ្ទាល់ ខុស​គ្នា​ទៅ​នឹង​អ្វី​ដែល SpaceX កំពុង​នឹង​ប្រើ "។

គ្រាប់​រ៉ុកកែត OS-X ដែល​សាក​ល្បង​ជោគ​ជ័យ​នា​លើក​ដំបូង​នេះ មាន​កម្ពស់ជាង ៩ ម៉ែត្រ និង​អាច​ផ្ទុក​វត្ថុ​ទៅ​អវកាស​បាន​ត្រឹម ១០០ គ.ក ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​ជាមួយ​គ្រាប់​រ៉ុកកែត​បច្ចុប្បន្ន​របស់ SpaceX ដែល​មាន​ឈ្មោះ​ថា Falcon 9 ដែល​មាន​កម្ពស់​ជិត ១០៥ ម៉ែត្រ និង​អាច​ផ្ទុក​វត្ថុ​នានា​ទៅ​អវកាស​ដល់​ទៅ​ជាង ២២ ៦៨០ គ.ក​ទៅ​ទៀត៕

គ្រាប់​រ៉ុកកែត OS-X របស់ OneSpace
គ្រាប់​រ៉ុកកែត Falcon 9 របស់ SpaceX

ចុចអាន៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់