• 2017-12-15 02:00:28
  • គន្លឹះ

WSAPPX ជា​អ្វី? ម្តេចបាន​វា​ប្រើ​ Disk និង CPU ច្រើន​ក្នុង Windows 10?

  • 2017-12-15 02:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើ​អ្នក​ធ្លាប់​អូស​មើល​បញ្ជី Process ដំណើរការ​ក្នុង Task Manager អ្នក​ប្រហែល​ជា​ឃើញ​មាន WSAPPX ដែល​មាន​ឈ្មោះ​ចម្លែក ប្រើ​ធនធាន CPU និង Disk ច្រើន​ក្នុង Windows។ កុំព្យូទ័រ​អ្នក​ប្រហែល​ប្រែ​ជា​មាន​ល្បឿន​យឺត​ពេល​វា Active។ 

អ្វី​ទៅ​ជា WSAPPX?

WSAPPX ជា​ដំណើរការ​មួយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ កម្មវិធី​លក្ខណៈ Universal (ប្រើ​បាន​ច្រើន​ជាង​មួយ Platform) និង Microsoft Store ក្នុង Windows 8 និង 10។ កម្មវិធី​លក្ខណៈ Universal មិន​មាន​លើ Windows 7 និង​ជំនាន់​ពី​មុនៗ​នោះ​ទេ ដូច្នេះ​អ្នក​នឹង​មិន​ឃើញ​ដំណើរការ​នេះ​លើ​ជំនាន់ Windows ទាំង​នោះ​ឡើយ​។ 

អ្នក​អាច​មើល​ដំណើរការ​នេះ​ដោយ​បើក Task Manager (ចុច​លើ Ctrl + Shift + Esc) រួច​ជ្រើសរើស Tab ឈ្មោះ Processes រួច​អូស​ដល់​ក្រោម​។

ដំណើរការ​នេះ​មាន​ដំណើរការ​រង​ពីរ​ដែល​អ្នក​អាច​ចុច​មើល​វា​ក្នុង Task Manager បាន។ លើ Windows 8 មាន​ដំណើរការ​រង​ឈ្មោះ WSService ឬ Windows Store Service ហើយ​លើ Windows 10 ឈ្មោះ ClipSVC ឬ Client License Service។ ទាំង​លើ Windows 10 និង 8 ក៏​មាន​នូវ AppXSVC និង AppX Deployment Service ផង​ដែរ​។

ដំណើរការ​ទាំង​នេះ​ធ្វើ​អ្វី​ខ្លះ​

ទាំង ClipSVC និង WSService ផ្តល់​នូវ​ការ​គាំទ្រ​រចនាសម្ព័ន្ធ​សម្រាប់ Microsoft Store ដូចនេះ​ប្រសិនបើ​អ្នក​បិទ​ដំណើរការ​ពួកវា កម្មវិធី Store នឹង​មិន​ដំណើរការ ដោយសារ​ដំណើរការ​ទាំង​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ Licensing (អាជ្ញាប័ណ្ណ​)។ ពួកវា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ការពារ​ការ​យាយី​ឯកជន​ភាព​សម្រាប់​កម្មវិធី​លើ Windows Store។

ដំណើរការ​ផ្សេង​ទៀត AppXSVC ទទួល​ខុស​ត្រូវ​ចំពោះ​ការ Deploy (ដាក់​កម្មវិធី​ក្នុង Store) កម្មវិធី ដែល​មាន​ន័យ​ថា​វា​ដំណើរការ​គ្រប់​ពេល​អ្នក​ដំឡើង លុប ឬ​កំណែ​ទម្រង់​កម្មវិធី​លើ Store។ ឈ្មោះ​របស់​វា​បាន​ពី File extension សម្រាប់​កម្មវិធី Store គឺ AppX។ ជា​ធម្មតា កម្មវិធី Desktop ពី​មុន​ដំណើរការ​ដោយ File បញ្ចប់​ក្នុង​ទម្រង់ EXE។

ដូច​ទៅ​នឹង​កម្មវិធី Android ដោយ​មាន File extension APK ដែរ អ្នក​អាច​យក File AppX ពី​គ្រប់​ទីកន្លែង​សម្រាប់​ដំឡើង​លើ PC អ្នក ប៉ុន្តែ​ប្រយ័ត្ន​បើក​ចំ​កម្មវិធី​មាន​មេរោគ (Malware)។ ដោយសារ​ដំណើរការ​រង​ទាំងនេះ​ដំណើរការ​ក្រោម​ដំណើរការ​សំខាន់ WSAPPX អ្នក​នឹង​ឃើញ​ការ​ប្រើប្រាស់​ធនធាន​កើន​ឡើង​ ពេល​មួយ​ក្នុង​ចំណោម​នោះ​ដំណើរការ (Active)។ 

ហេតុអ្វីបានជា WSAPPX ប្រើ​ធនធាន (Disk និង CPU) ច្រើន​ម្ល៉េះ

ភាគច្រើន​អ្នក​នឹង​ឃើញ WSAPPX Active ពេល​អ្នក​ប្រើ Microsoft Store ដោយ​បើក​ធម្មតា ចុច​ចុះ​ចុច​ឡើង ដំណើរការ​នេះ​នឹង​ចាប់ផ្តើម​។ ពេល​ទាញ​យក​កម្មវិធី ឬ​ដំឡើង​កំណែទម្រង់​កម្មវិធី វា​នឹង​ប្រើ​ធនធាន​កាន់​តែ​ច្រើន​។ ពេល​អ្នក​ដំឡើង​កម្មវិធី Desktop (EXE) ដំណើរការ​ដំឡើង​នេះ​ក៏​ប្រើប្រាស់​ធនធាន​ច្រើន​ដែរ​។ យ៉ាង​ណា​មិញ ជំនួស​ការ​ដំណើរការ​ក្រោម Process WSAPPX អ្នក​នឹង​ឃើញ​មាន​កម្មវិធី​ថ្មី​ប្រើ​នូវ CPU និង Disk។ 

ប្រសិនបើ​អ្នក​មិន​ធ្លាប់​ប្រើ Microsoft Store ឬ កម្មវិធី​លក្ខណៈ Modern តែ​អ្នក​នៅ​តែ​ឃើញ WSAPPX active ព្រោះ​មាន​កម្មវិធី​ធ្វើ​កំណែទម្រង់​ក្នុង Background ប៉ុន្តែ​អ្នក​អាច​ការពារ​ចំនុច​នេះ​បាន​។

របៀប​បិទ​កម្មវិធី Store ពី​ការ​ធ្វើ​កំណែទម្រង់​ដោយ​ស្វ័យប្រវត្តិ​

អ្នក​វាយ​បញ្ចូល​ពាក្យ Store ក្នុង Start Menu ហើយ​បើក Microsoft Store។ អ្នក​ចុច​លើ Menu មាន​ចំនុច​បី​គ្រាប់​នៅ​ជ្រុង​ខាង​ស្តាំ​ផ្នែក​ខាងលើ បន្ទាប់​មក​ចុច Settings។ ក្នុង Settings menu អ្នក​អាច​បិទ​បើក​ធ្វើ​កំណែ​ទម្រង់​ដោយ​ស្វ័យប្រវត្តិ​ត្រង់ Update apps automatically។ 

ដើម្បី​ត្រួតពិនិត្យ​សម្រាប់​កំណែទម្រង់​ដោយ​ខ្លួនឯង អ្នក​ចុច​លើ​ប៊ូតុង Menu ម្តង​ទៀត ហើយ​ជ្រើសរើស Downloads and updates រួច​ចុច​លើ​ប៊ូតុង Get updates ដើម្បី​ត្រួត​ពិនិត្យ​កំណែទម្រង់​ថ្មី និង​ដំឡើង​តែ​ម្តង​។

លុប​នូវ កម្មវិធី​លែង​ប្រើ និង​បញ្ឈប់​កម្មវិធី​ដំណើរការ​ក្នុង Background

ខណៈ​ពេល​អ្នក​មិន​គួរ​បិទ​ការ​ធ្វើ​កំណែទម្រង់​ដោយ​ស្វ័យប្រវត្តិ អ្នក​អាច​ធ្វើ​តាម​វិធី​នេះ​ដើម្បី​ការពារ​កម្មវិធី Store ពី​ការ​ដំណើរការ ពេល​អ្នក​មិន​ចង់​។

ដំបូង​លុប​នូវ​កម្មវិធី​អ្នក​លែង​ប្រើ​ ពី​ប្រព័ន្ធ​អ្នក​។ ដូច​អ្នក​ដឹង Windows 10 មាន​នូវ Candy Crush Saga ដំឡើង​រួច​ជា​ស្រេច​។ ប្រសិនបើ​អ្នក​មិន​ធ្លាប់​លេង​ហ្គេម​នេះ អ្នក​មិន​ចង់​ឲ្យ​វា​ធ្វើ​កំណែទម្រង់​ក្នុង Background ដែល​ចំណាយ​នូវ​ធនធាន​អត់​ប្រយោជន៍​។ អ្នក​អាច​ចូល​ទៅ​កាន់ Settings > Apps > Apps & features ដើម្បី​ពិនិត្យ​មើល​អ្វី​អ្នក​បាន​ដំឡើង​លើ PC។ អ្នក​ចុច​លើ​កម្មវិធី ហើយ​ជ្រើសរើស Uninstall ដើម្បី​លុប​វា​ចោល​។ 

មួយវិញទៀត អ្នក​អាច​ការពារ​កម្មវិធី​ពី​ការ​ដំណើរការ​ក្នុង Background ដោយ​ចូល​ទៅ​កាន់ Settings > Privacy > Background apps ដើម្បី​បិទ​បើក​ចំនុច​នេះ​។ 

តើ​អ្នក​អាច​បិទ​ដំណើរការ​នេះ​ដែរ ឬ​ទេ​

Windows ពិចារណា WSAPPX ជា​ដំណើរការ​ប្រព័ន្ធ​សំខាន់​មួយ​។ 

ប្រសិនបើ​អ្នក​បិទ​វា​តាម Task Manager វា​នឹង​ប្រាប់​អ្នក​ថា ក្រោយ​បិទ​ដំណើរការ​នេះ​ប្រព័ន្ធ Windows ប្រហែល​ជា​មិន​ដំណើរការ​រលូន​។ យល់​ល្អ​មិន​បាច់​បិទ​វា​នោះ​ទេ​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់