• 2017-11-18 04:45:23
  • ប្រវត្តិបច្ចេកវិទ្យា

LG​ ​ធ្លាប់​យក​ឈ្នះ​ Apple នៅ​ទឹកដី​អាមេរិក មុន​ធ្លាក់​ដល់​តំណែង​លេខ ៥

  • 2017-11-18 04:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG Corporation (អតីត​ឈ្មោះ Lucky-GoldStar) ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​ធំ​លំដាប់​ទី ៤ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ មាន​ការិយាល័យ​កណ្ដាល​នៅ​អគារ​ភ្លោះ Twin-Tower ក្នុង​ស្រុក Yeongdeungpo-gu ទីក្រុង​សេអ៊ូល ដោយ​ផ្ដោត​លើ​ការ​ផលិត​ឧបករណ៍​អេឡិចត្រូនិក, គ្រឿង​សារធាតុ​គីមី, ឧបករណ៍​ទូរគមនាគមន៍​ ​និង​ប្រតិបត្តិការ​លើ​ក្រុមហ៊ុន​សម្ព័ន្ធ​ដទៃ​ទៀត​រួម​មាន LG Electronics, Zenith, LG Display, LG Uplus និង LG Chem ជុំវិញ ៨០ ប្រទេស។

  • ដើម​កំណើត:

LG Corp. បែង​ខ្លួន​ចេញ​ពី​ក្រុមហ៊ុន Lak-Hui Chemical Industrial Corp. ដំបូង​បង្អស់​នា​ឆ្នាំ ១៩៤៧ ដែល​ជា​ក្រុមហ៊ុន​ទី ១ ប្រឡូក​ចូល​ឧស្សាហកម្ម​ប្លាស្ទិក។ នៅ​ឆ្នាំ ១៩៥២ បន្ត​បង្កើត​ក្រុមហ៊ុន Lucky (បច្ចុប្បន្ន​ជា LG Chem) និង​ឆ្នាំ ១៩៥៨ មាន​ក្រុមហ៊ុន GoldStar ច្របាច់​បញ្ចូល​តែ​មួយ​ទៅ​ជា​ក្រុមហ៊ុន Lucky-GoldStar។

ដើម្បី​ប្រជែង​ក្នុង​ទីផ្សារ​លោក​ខាង​លិច ដល់​ឆ្នាំ ១៩៩៥ ឈ្មោះ Lucky-GoldStar Corporation ត្រូវ​បាន​ប្ដូរ​ទៅ​ជា​ឈ្មោះ LG ដែល​អក្សរ​ពីរ​តួ​នេះ​តំណាង​ឲ្យ​ពាក្យ Life's Good។ ទើប​តែ​ឆ្នាំ ២០០៩ ក្រុមហ៊ុន LG បាន​ប្រើប្រាស់ Domain Name ផ្ទាល់​ខ្លួន​មួយ​ប្រចាំ​គេហទំព័រ LG.com។

  • ការ​សហការ​រួម​គ្នា:

ចាប់​តាំង​ពី​ឆ្នាំ ២០០១ ក្រុមហ៊ុន LG បាន​ចូល​រួម​បណ្ដាក់​ទុន​លើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន ២ រួម​មាន Royal Philips Electronics ដែល​មាន LG Philips Display និង LG Philips LCD ប៉ុន្តែ​ត្រូវ​បាន​លក់​ភាគហ៊ុន​ទាំង​មូល​នៅ​ចុង​ឆ្នាំ ២០០៨។ រហូត​ដល់​ឆ្នាំ ២០០៥ ទើប LG បន្ត​សហការ​ជាមួយ Nortel Network បង្កើត​បាន​ក្រុមហ៊ុន LG-Nortel Co. Ltd មក​ទល់​ពេល​បច្ចុប្បន្ន។

​​​​​* ទីផ្សារ​អន្តរជាតិ:

ថ្វី​បើ​នៅ​ឆ្នាំ ២០១២ ក្រុមហ៊ុន LG បាត់បង់​ឱកាស​ក្ដោបក្ដាប់​ទីផ្សារ​ធំ​នៅ​ទឹកដី​អាមេរិក ក្រឡេក​ទៅ​ឆ្នាំ ២០១៣ គិត​ត្រឹម​ថ្ងៃ​ទី ២០ មករា ក្រុម​ការងារ Counterpoint Research បាន​ប្រកាស​ជា​សាធារណៈ LG យក​ឈ្នះ​លើ Apple រហូត​ក្លាយ​ជា​ក្រុមហ៊ុន​លំដាប់​ទី ២ នៅ​អាមេរិក បន្ទាប់​ពី​ក្រុមហ៊ុន SAMSUNG។

ពេល​នោះ​ LG លក់​ដាច់​ម៉ូដែល Optimus G បាន​ជាង ១ លាន​គ្រឿង​នៅ​ទីផ្សារ​អាមេរិក​ខាង​ជើង និង​បាន​ជាង ១០ លាន​គ្រឿង​នៃ L-Series លើ​ទីផ្សារ​សកល។ SAMSUNG បាន​ចំណែក​ទីផ្សារ​ ៣៣ ភាគរយ ខណៈ LG បាន ១៣ ភាគរយ និង Apple បាន ១២ ភាគរយ។ ប៉ុន្តែ​ជាង​កន្លះ​ឆ្នាំ​ក្រោយ ក្រុម​ការងារ comScore បាន​ចេញ​របាយការណ៍ LG ធ្លាក់​ដល់​តំណែង​ទី ៥ វិញ នៅ​ខែ​មិថុនា ឆ្នាំ ២០១៣។​

  • ស្លាក​សញ្ញា:

មក​ទល់​សព្វថ្ងៃ LG ប្តូរ​ស្លាក​សញ្ញា (Logo) នៃ​ក្រុមហ៊ុន​ខ្លួន​ចំនួន ២ ដង​គត់ រួម​មាន​ Logo ដំបូង​នៅ​ឆ្នាំ ១៩៩៥ ដល់​ចុង​ឆ្នាំ ២០១៤ និង​ Logo ថ្មី​គិត​ចាប់​ពី​ដើម​ឆ្នាំ ២០១៥ មក​ទល់​បច្ចុប្បន្ន ដោយ​ខុស​គ្នា​ត្រឹម​ប្រភេទ Font និង​ផ្ទៃ​ទម្រង់​រូប​អក្សរ L និង​ G ជា​ស្នាម​ញញឹម ស្លាក​សញ្ញា​ថ្មី​មាន​ពណ៌​ក្រហម​រាង​ដិត​បន្តិច។

  • ការ​ចាប់​ផ្ដើម​លើ​ទីផ្សារ​ទូរទស្សន៍:

LG Electronics បាន​ប្រកាស​បង្ហាញ នូវ​ទូរទស្សន៍​ប្រើ​អេក្រង់ OLED ដំបូង​បង្អស់​ទំហំ​អេក្រង់ ៥៥ អ៊ីញ នា​ឆ្នាំ ២០១៣ និង​អេក្រង់ ៧៧ អ៊ីញ​នា​ឆ្នាំ ២០១៤។ នៅ​ឆ្នាំ ២០១១ ជា​ពេល​ដែល LG មាន​ទូរទស្សន៍​ឆ្លាតវៃ និង​នៅ​ឆ្នាំ ២០១៤ LG បាន​ប្រើ​នូវ​ប្រព័ន្ធ webOS ជាមួយ​ផ្ទៃ Interface Ribbon បំពាក់​លើ Smart TV មួយ​ចំនួន។ ភាព​ជោគជ័យ​បាន​កើត​មាន ក្រោយ​ ៨ ខែ​នៃ​ការ​ប្រកាស​បង្ហាញ LG លក់​ដាច់ Smart TV បាន​ជាង ៥ លាន​គ្រឿង​ឯ​ណោះ។​

អ្វី​ដែល​អស្ចារ្យ​នៅ​ឆ្នាំ ២០១៦ ទូរទស្សន៍​ពិសេស​អាច​ដេញ​មូស ដោយ​ប្រើ​រលក Ultrasonic Waves មាន​សំឡេង​ស្ងាត់​ល្អ និង​មិន​រំខាន​ដល់​មនុស្ស ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៦ មិថុនា ឆ្នាំ ២០១៦។ ក្រោយៗ​មក​បច្ចេកវិទ្យា​នោះ​បាន​ប្រជ្រៀត​ខ្លួន​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់, ម៉ាស៊ីន​បោក​គក់ រហូត​ដល់​ស្មាតហ្វូន។​​

  • ការ​ចាប់​ផ្ដើម​លើ​ទីផ្សារ​ស្មាតហ្វូន:

LG បាន​វិវត្ត​ខ្លួន​ចូល​ក្នុង​ទីផ្សារ​ស្មាតហ្វូន Touchscreen ដំបូង​បង្អស់​នា​ឆ្នាំ ២០០៧ ស្រប​ពេល iPhone ចេញ​ដំបូង នៅ​ពេល​នោះ​ទើប​មាន​ម៉ូដែល LG Prada ក្នុង​អំឡុង ១៨ ខែ​លក់​ដាច់​បាន ១ លាន​គ្រឿង ធៀប​នឹង Apple បាន​ដល់ ៦.១ លាន​គ្រឿង​ត្រឹម​រយៈ​ពេល ១៥ ខែ។

​ក្រោយៗ​មក​ក៏​វិវត្ត​ចូល​ដល់​ត្រកូល G ខណៈ​ម៉ូដែល G Flex ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​មាន​រាង​កោង បង្ហាញ​នា​ថ្ងៃ​ទី ២៧ តុលា​ឆ្នាំ ២០១៣ ក្រោយ​​មក​ទើប​មាន​ម៉ូដែល G2 ចេញ​លក់​នៅ​ទីផ្សារ​អាមេរិក​នា​ពិព័រណ៍​ CES ឆ្នាំ ២០១៤ រហូត​វិវត្ត​ដល់​ម៉ូដែល G6 និង V30 នា​ពេល​បច្ចុប្បន្ន ជា​ស្មាតហ្វូន​ជំនាន់​ក្រោយ​បង្អស់​របស់​ខ្លួន។​

  • ការ​ចូល​រួម​ឧបត្ថម្ភ:

LG មាន​ក្រុម​កីឡា​ផ្លូវការ​ចំនួន ២ រវាង​ក្រុម​កីឡា​ Baseball ឈ្មោះ LG Twins និង​ក្រុម​កីឡា​បាល់បោះ​ Changwon LG Sakers មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទាំង​ពីរ។ មិន​តែ​ប៉ុណ្ណោះ LG ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ដល់​កីឡា​ក្រៅ​ស្រុក​ផ្សេង​ទៀត ដូច​ជា​ការ​ប្រកួត Copa America, ការ​ប្រណាំង​រថយន្ត Formula One, កីឡា​អូឡាំពិក​រដូវ​រងា​ពិសេស​នៅ​ឆ្នាំ ២០១៣, ក្រុម​បាល់ទាត់ Manchester City FC, ក្រុម​ Millonarios Futbol Club និង​អត្តពលិក​ Son Yeon-jae និង Angela Park ជាដើម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ AndroidHeadlines ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់