• 2017-11-14 23:06:00
  • ប្រវត្តិបច្ចេកវិទ្យា

Huawei លក់​​ស្មាតហ្វូន​តាំង​ពី​ឆ្នាំ ២០១០ រហូត​យក​ឈ្នះ Apple នៅ​ឆ្នាំ ២០១៧

  • 2017-11-14 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Technologies ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​និង​បណ្ដាញ​ទូរគមនាគមន៍​ធំ​បំផុត​ក្នុង​ពិភពលោក មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង Shenzhen ខេត្ត​ក្វាងទុង ប្រទេស​ចិន​។ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៧ ដោយ​លោក Ren Zhengfei អតីត​វិស្វករ​នៅ​ក្នុង​កងទ័ព​រំដោះ​ប្រជាជន​ចិន។

នៅ​ពេល​បង្កើត​ឡើង​ដំបូង ក្រុមហ៊ុន​ផ្តោត​លើ​ការ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ទូរសព្ទ ប៉ុន្តែ​ក្រោយ​មកបាន​ពង្រីក​អាជីវកម្ម​រួមបញ្ចូល​បណ្ដាញ​ទូរគមនាគមន៍ ការ​ផ្តល់​សេវា​ពិគ្រោះ​យោបល់​ដល់​សហគ្រាស​នៅ​ក្នុង​និង​ក្រៅ​ប្រទេស និង​ផលិត​ឧបករណ៍​ទំនាក់ទំនង​សម្រាប់​ទីផ្សារ​អ្នកប្រើប្រាស់។

ក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន​បាន​បណ្តាក់​ទុន ៦.៤ ប៊ី​លាន​ដុល្លារ​លើ​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ កើន​ឡើង​ពី ៥ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣។

គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ ២០១៥ ក្រុមហ៊ុន​មាន​បុគ្គលិក​បម្រើ​ការ​ជាង ១៧០ ០០០ នាក់ ប្រហែល ៧៦ ០០០ នាក់​ធ្វើការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ (R & D)។ Huawei បាន​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​ជាច្រើន​រួម​មាន​ចិន សហរដ្ឋ​អាមេរិក កាណាដា ចក្រភព​អង់គ្លេស ប៉ាគីស្ថាន ហ្វាំងឡង់ បារាំង បែលហ្ស៊ិក កូឡុំប៊ី ស៊ុយអែត​ អៀរឡង់ ឥណ្ឌា រុស្ស៊ី អ៊ីស្រាអែល និង​ទួកគី។

នៅ​ក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន Huawei បាន​ទទួល​ប្រាក់ចំណេញ​ចំនួន ៣៤.២ ប៊ី​លាន​យ័ន (៥.៥ ប៊ីលាន​ដុល្លារ) ។ ផលិតផល​និង​សេវាកម្ម​របស់​ក្រុមហ៊ុន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ជាង ១៧០ ហើយ​បច្ចុប្បន្ន​កំពុង​បម្រើ​ដល់ ៤៥ ប្រតិបត្តិករ​ទូរគមនាគមន៍​ធំ​ៗ​ទាំង ៥០ នៅ​លើ​ពិភពលោក។

នៅ​ខែ​មិថុនា​ឆ្នាំ ២០១៦ ក្រុមហ៊ុន Huawei កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ផ្ទាល់ខ្លួន សម្រាប់​ប្រើប្រាស់​នា​ពេល​អនាគត។

ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា​ឆ្នាំ ២០១៧ ការ​លក់​ទូរសព្ទ Huawei បាន​កើន​លើស Apple និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ក្រុមហ៊ុន Samsung។

+ការ​កកើត​ដំបូង

លោក Ren Zhengfei

អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ចិន​បាន​ព្យាយាម​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​មិន​ទាន់​មាន​ការ​​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក ជា​កត្តា​ជំរុញ​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​ជា​ច្រើន បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​គោលដៅ​អភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​ស្រុក ដោយ​ចាប់​ដៃគូ​ពី​ក្រុមហ៊ុន​បរទេស។

ដោយ​មាន​ឆន្ទៈ​ខ្ពស់ មិន​ចង់​ពឹងផ្អែក​លើ​ក្រុមហ៊ុន​បរទេស លោក Ren Zhengfei បាន​សម្រេច​បង្កើត​ក្រុមហ៊ុន​ Huawei ឡើង​នៅ​ឆ្នាំ ១៩៨៧ ក្នុង​ទីក្រុង Shenzhen។ លោក​មាន​មហិច្ឆតា​ ធ្វើ​យ៉ាង​ណាអាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​នៅ​ក្រៅ​ស្រុក​បាន​ថែម​ទៀត​ផង។

ថ្វី​បើ​ដើម​ទុន​ដំបូង​មាន​ប្រាក់​ត្រឹម​តែ​ជាង ៣ ពាន់​ដុល្លារ​ក្នុង​ការ​ចុះ​បញ្ជី​ដើម​ទុន​ពេល​បង្កើត ប៉ុន្តែ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​កម្ចី​ចំនួន ៨.៥ លាន​ដុល្លារ​ពី​ធនាគារ​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ទោះ​បី​ក្រុមហ៊ុន​មិន​ចេញ​មុខ​អះអាង។

Huawei បង្កើត​ឧបករណ៍ PBX ជា​លើក​ដំបូង ដើម្បី​ផ្គត់ផ្គង់​ដល់​សណ្ឋាគារ​និង​សហគ្រាស​ធុន​តូច ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​ពី​ក្នុង​ស្រុក​ទៅ​ក្រៅ​ប្រទេស។

+ការ​ពង្រីក​ខ្លួន​ចូល​ទីផ្សារ​អន្តរជាតិ

នា​ឆ្នាំ ១៩៩៧ ក្រុមហ៊ុន Huawei បាន​ទទួល​កិច្ចសន្យា​ក្រៅ​ស្រុក​ជា​លើក​ដំបូង ​ក្នុង​ការ​ផ្គត់ផ្គង់​​ផលិតផល​បច្ចេកវិទ្យា​​​ដល់​ក្រុមហ៊ុន Hutchison Whampoa ដែល​មាន​មូលដ្ឋាន​ហុងកុង។ ក្នុង​ឆ្នាំ ១៩៩៩ បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍ R&D ក្នុង​ទីក្រុង Bangalore ប្រទេស​ឥណ្ឌា។

ចាប់​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០៣ ក្រុមហ៊ុន Huawei បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន IBM សម្រាប់​ការ​ប្រឹក្សា​យោបល់ និង​ការ​ផ្លាស់ប្ដូរ​គ្រប់គ្រង​រចនាសម្ព័ន្ធ​ផលិតផល​របស់​ខ្លួន។ ​ពី​ឆ្នាំ ២០០០ ក្រុមហ៊ុន Huawei បាន​បង្កើន​ល្បឿន​ពង្រីក​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​ ដោយ​ទទួល​​ចំណូល​ការ​លក់​នៅ​ក្រៅ​ប្រទេស​​ជាង ១០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០០០។

ក្រុមហ៊ុន​បាន​បង្កើត​មជ្ឈមណ្ឌល​ R & D នៅ​រដ្ឋធានី Stockholm ប្រទេស​ស៊ុយអែត។ នៅ​ឆ្នាំ ២០០១ បាន​បង្កើត​មជ្ឈមណ្ឌល R & D ចំនួន 4 នៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​ចូលរួម​ជាមួយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) ។ នៅ​ឆ្នាំ ២០០២ ចំណូល​ការ​លក់​នៅ​​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន Huawei បាន​ឈាន​ដល់ 552 លាន​ដុល្លារ​អាមេរិក។

+ផលិតផល​និង​សេវាកម្ម

​​​​​អាជីវកម្ម​ស្នូល​របស់​ Huawei មាន ៣ រួម​មាន

  • ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍៖ ការ​កសាង​បណ្ដាញ​ទូរគមនាគមន៍​និង​សេវាកម្ម

  • អាជីវកម្ម​សហគ្រាស៖ ការ​ផ្គត់ផ្គង់​ឧបករណ៍,ប្រព័ន្ធ​កម្មវិធី​និង​សេវា​ផ្ដល់​ដំណោះស្រាយ​ដល់​អតិថិជន​ជា​សហគ្រាស

  • ឧបករណ៍៖ ការ​ផលិត​គ្រឿង​អេឡិចត្រូនិក។

+ការ​ប្រឡូក​ចូល​ទីផ្សារ​ទូរសព្ទ​ចល័ត

ក្រៅ​ពី​លក់​ផលិតផល​ផ្គត់ផ្គង់​សេវា​រួម​មាន USB Modems, Modem ឥត​ខ្សែ, ដុំ Router ឥត​ខ្សែ​និង​ឧបករណ៍ WiFi ចល័ត ក៏​ដូច​ជា​គ្រឿង​ផ្គត់ផ្គង់​ជា​ច្រើន​ទៀត Huawei បាន​ប្រឡូក​ចូល​ទៅ​ក្នុង​ទីផ្សារ​ទូរសព្ទ​ចល័ត​នា​ឆ្នាំ ២០១០។ ម៉ូដែល​ដំបូងៗ​រួម​មាន U8800, U8860, E220, Ascend, U7519, Huawei Mercury M886, Honor 6 និង Honor 5c ជា​ដើម។

ស្មាតហ្វូន Huawei រាប់​លាន​គ្រឿង បាន​ផ្ដើម​ពង្រាយ​ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន, អាមេរិក, អឺរ៉ុប និង​ប៉ែក​ខាង​អាស៊ី។ Huawei បាន​ចាប់​ដៃ​សហការ​ជាមួយ Google ក្នុង​ការ​បង្កើត​ឡើង​នូវ​ស្មាតហ្វូន​ម៉ូដែល Nexus 6P។

+ការ​បង្កើត​ប្រព័ន្ធ EMUI

Huawei បាន​បង្កើត​នូវ​ប្រព័ន្ធ ROM/OS សម្រប​នឹង​ប្រព័ន្ធ​ប្រតិបត្តិ Android មាន​ឈ្មោះ EUMI។ ដំឡើង​ជា​បន្តបន្ទាប់​ចូល​ទៅ​ក្នុង​ស្មាតហ្វូន​ក៏​ដូច​ជា​ឧបករណ៍​ផ្សេងៗ​ទៀត។ ជំនាន់​ដំបូង​នៃ EMUI 1.x សម្រប​នឹង Android Ice Cream Sandwhich រហូត​វិវត្ត​ដល់​ EMUI 8.x ដែល​មាន​ប្រើ​លើ Android Oreo 8.x បច្ចុប្បន្ន​នេះ។

+ការ​ប្រកួតប្រជែង​ទីផ្សារ​ស្មាតហ្វូន

គិត​ចាប់​ពី​ខែ​កក្កដា ដល់​កញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុន ​Huawei បាន​យក​ឈ្នះ​លើ Apple ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​លំដាប់​ទី ២ ក្នុង​លោក ស្រប​ពេល SAMSUNG រក្សា​តំណែង​លេខ ១ មិន​ប្ដូរ។

+ការ​ឧបត្ថម្ភ​ដល់​ក្រុម​កីឡា​បាល់ទាត់

Huawei ធ្លាប់​បាន​ក្លាយ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ដល់​ក្រុម​បាល់ទាត់ Bundesliga, Asernal FC, Real Madrid, Athletic Bilbao, Paris Saint-Germain, Indian Premier League។

ប្រភព៖ Wikipedia ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់