• 2017-09-01 04:10:32
  • ព័ត៌មាន

Twitter បិទ​គណនី​បុរស​ម្នាក់​​ដែល​គំរាម​សម្លាប់​មូស

  • 2017-09-01 04:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្រប​ពេល​ដែល​ Twitter ​កំពុង​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ប្រមាថ​លើ​អនឡាញ និង ទប់​ស្កាត់​អំពើ​ភេរវកម្ម​លើ​បណ្ដាញ​​របស់​ខ្លួន​ ​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​មួយ​នេះ​បាន​បិទ​គណនី​បុរស​​ម្នាក់​ដែល​បាន​ធ្វើ​ការ​គំរាម​សម្លាប់​សត្វ​មូស។

ការ​បិទ​គណនី​នេះ​ ក្រោយ​ពី​បុរស​សញ្ជាតិ​ជប៉ុន​ដែល​មាន​គណនី​ Twitter ឈ្មោះ​ថា​ @nemuismywife បាន​សម្ដែង​អារម្មណ៍​ខឹង​ដោយ​សារ​ត្រូវ​មូស​ខាំ​ជា​ច្រើន​លើក​ច្រើន​សា។ បុរស​រូប​នោះ​បាន​បង្ហោះ​សារ​មាន​អត្ថន័យ​ថា ៖ "អា​ចង្រៃ! ម៉េច​បាន​ចេះ​តែ​មក​ខាំ​យើង​ពេញ​ខ្លួន​ពេល​ដែល​យើង​កំពុង​សម្រាក​មើល​ទូរទស្សន៍​បែប​នេះ? ស្លាប់​ទៅ!”។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ភ្ជាប់​ជា​មួយ​រូបភាព​​សាក​សព​របស់​សត្វ​មូស​ផង​ដែរ។

បង្ហោះ​សារ​នេះ​រួច​ Twitter បាន​ផ្ដល់​ជា​ Notification (ដំណឹង) ថា​គណនី​បុរស​ខាង​លើ​ត្រូវ​បាន​បិទ​ជា​អចិន្ត្រៃយ៍​ ហើយ​មិន​អាច​បើក​ឡើង​វិញ​បាន​ឡើយ។ Notification បាន​សរសេរ​ថា ៖ "Tweets ដែល​មាន​ការ​គំរាម​កំហែង​មិន​ត្រូវ​បាន​អនុញ្ញាត​​ក្រោម​លក្ខណ​របស់​យើង​ឡើយ។ គណនី​នេះ​មិន​អាច​បើក​ឡើង​វិញ​បាន​ឡើយ។ អរគុណ​សម្រាប់​ការ​យោគយល់”។

មិន​អស់​ចិត្ត​​បុរស​ខាង​លើ​បាន​បង្កើត​គណនី​ថ្មី​ឈ្មោះ​ថា​ @DaydreamMatcha ដើម្បី​បង្ហោះ​សារ​ពី​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​អស់​សំណើច​របស់​ខ្លួន។ សារ​ដែល​បង្ហោះ​មាន​អត្ថន័យ​ថា ៖ "គណនី​ខ្ញុំ​ត្រូវ​បាន​បិទ​ជា​អចិន្ត្រៃយ៍​ក្រោយ​ពី​ខ្ញុំ​និយាយ​ថា​បាន​សម្លាប់​មូស...នេះ​ជា​ការ​ល្មើស​ច្បាប់​ដែរ?​”។ បញ្ហា​នេះ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ Twitter នៅ​ឡើយ​ទេ ហើយ​សារ​​ថ្មី​ដែល​បុរស​សញ្ជាតិ​ជប៉ុន​​បង្ហោះ​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​តៗ​គ្នា​លើ​ Twitter រាប់​ម៉ឺន​នាក់​ឯណោះ៕​​​​​​​​

មកទល់ពេលនេះគណនីនៅតែបិទដដែល

ប្រភព៖ ibtimes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់