• 2016-11-22 08:26:14
  • ព័ត៌មាន

Google Pixel ល្បី​ខ្លាំង នៅ​តែ​ពិបាក​ដើរ​ចូល​ទីផ្សារ​ក្នុង​ស្រុក

  • 2016-11-22 08:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pixel និង Pixel XL កំពូល​ស្មាតហ្វូន​ថ្មី​របស់ Google ល្បី​មាន​សមត្ថភាព​ខ្លាំង​ប្រជែង iPhone 7/7 Plus ពិបាក​នឹង​ចូល​ទីផ្សារ​ក្នុង​ស្រុក។

បើ​សម្លឹង​ទៅ​ទីផ្សារ​បរទេស Google Pixel ទំហំ 32GB តម្លៃ​ប្រហែល​ជិត ៨០០ ដុល្លារ​ទៅ​ហើយ។ បើ​សិន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា តម្លៃ​ប្រហែល​នឹង​លើស​នេះ​ច្រើន​ទៀត។ នេះ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង​លក់​ទូរសព្ទ សុខ លី។

ម្ចាស់​​ហាង​រូប​នេះ​បន្ថែម​ថា លោក​ស្ទាក់ស្ទើរ​ដាក់​លក់​ត្រកូល Pixel ដោយ​សារ​តម្លៃ​ថ្លៃ​ហើយ​ក៏​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន។ លោក​ទទួល​ស្គាល់​ថា ស្មាតហ្វូន​នេះ​​ល្អ​ប្រើ​និង​មាន​លក្ខណៈ​ពិសេស​ច្រើន​បើ​ធៀប​នឹង​ស្មាតហ្វូន​ស៊ីប្រេន​ដទៃ​លើ​ទីផ្សារ។

ម្ចាស់​ហាង​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន Pixel ពិបាក​ជ្រៀត​ចូល​ទីផ្សារ​ក្នុង​ស្រុក តែ​អាច​មាន​ការ​ប្រែប្រួល​ពេល​ក្រោយ។

ចំពោះ លោក លីម ហេង ភ្នាក់ងារ​លក់​នៅ​ហាង​លក់​ទូរសព្ទ សៀង លីន វិញ​អះអាង​ស្រដៀង​គ្នា​នេះ​ថា Google Pixel សមត្ថភាព​ខ្លាំង​ តែ​តម្លៃ​ក៏​រាង​ថ្លៃ ឯ​អ្នក​ទិញ​ក៏​មិន​សួរ​រក​ប៉ុន្មាន​ដែរ។ ថ្មី​ៗនេះ ហាង​លោក យក​ចូល​ទីផ្សារ​ប៉ុន្មាន​គ្រឿង ដោយ​សារ​មាន​អតិថិជន​កុម្ម៉ង់​ទិញ​ប៉ុណ្ណោះ។

Pixel និង Pixel XL បំពាក់​កាមេរ៉ា​កម្រិត​ 12.3 MP, Aperture f/2.0 មាន​បច្ចេកវិទ្យា​ទប់​លំនឹង​រូបភាព​ Electronic Image Stabilization ដែល​ជួយ​ឲ្យ​ការ​ចាប់​រូបភាព​ និង វីដេអូ​ កាន់​តែ​មាន​ភាព​ប្រសើរ។

ផ្នែក​កាមេរ៉ា​នេះ​មាន​មុខងារ​ HDR+ ដែល​អាច​កែ​សម្រួល​ពន្លឺ​នៃ​រូបភាព​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ នៅ​ពេល​មុខងារ​នេះ​ដំណើរ​ការ វា​នឹង​ចាប់​យក​រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​ពេល​តែ​មួយ​ ហើយ​ត្របាញ់​រូបភាព​ទាំង​នោះ​​បញ្ចូល​គ្នា ដើម្បី​បាន​រូបភាព​ដ៏​ស្រស់​ស្អាត​មួយ។

ចំណុច​ខ្លាំង​មួយ​ទៀត​របស់​ Pixel និង Pixel XL គឺ​មាន​បំពាក់​បន្ទះ​ Chip Snapdragon 821 របស់​ Qualcomm ដែល​មាន​ល្បឿន​ 2.15 GHz, មាន​ RAM ទំហំ​ 4 GB ជួយ​​ឲ្យ​ទូរសព្ទ​បំពេញ​ប្រតិបត្តិការ​បាន​លឿន​ទាន់​ចិត្ត​ និង ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​បង្អស់​ Nougat 7.1៕

អត្ថបទ៖ ផាន់និត

មតិយោបល់