• 2015-12-15 22:22:02
  • ព័ត៌មាន

Ford Adventure 2015 បញ្ចប់​ទាំង​អាឡោះអាល័យ រង់​ចាំ​ឱកាស​រីករាយ​ជា​ថ្មី​​នៅ​ឆ្នាំ​ក្រោយ​ទៀត

  • 2015-12-15 22:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលឹម​ស្រាងៗ​ក្បួន​រថយន្ត Ford Adventure 2015 ប្រមាណ ៦០ គ្រឿង​បាន​ចាកចេញ​ពី​ក្រុមហ៊ុន RMA តាម​ផ្លូវ​មុនីវង្ស​ដោយ​នាំ​អ្នក​ដំណើរ​​ប្រមាណ ៣០០ នាក់​ធ្វើ​ដំណើរ​កម្សាន្ត​​ផ្សងព្រេងបោះ​ជំរំ​ ទៅ​​តំបន់​ទេសចរណ៍​​នៃ​ប្រទេស​កម្ពុជា​និង​ថៃ។

 

 

អ្នក​ចូលរួម​មាន​មក​តាំង​ពី​តាកែវ កំពង់ស្ពឺ​ ភ្នំពេញ​​ដោយ​មាន​ទាំង​​គ្រួសារ​ មិត្តភ័ក្តិ​ និង​​​​​នាំ​សម្ភារៈ​ប្រើ​ប្រាស់​ចំបាច់​ជា​ច្រើន​ ដើម្បី​ចូលរួម​ដំណើរ​កម្សាន្តដ៏​ធំ​​ប្រចាំ​របស់​​ក្រុមហ៊ុន RMA។

 

ក្បួន​រថយន្ត​ចាប់​ចេញ​ដំណើរ​​​ដូច​ក្បួន​ព្យុហយា​ត្រា​ធ្វើ​ឲ្យ​​​ពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ចាប់​អារម្មណ៍​និង​ភ្ញាក់ផ្អើល​គ្រប់​គ្នា។ ​​ដំណើរ​​ផ្លូវ​រាប់​រយ​គីឡូម៉ែត្រ​​​ ធ្វើ​ឲ្យ​អ្នក​ចូលរួម​មួយ​ចំនួន​មាន​​ភាព​​នឿយហត់​​​​​ ប៉ុន្តែ​​អារម្មណ៍​មួរហ្មង់​​ទាំង​នោះ​ក៏​បាត់រសាត់​​ជាមួយ​សម្រស់​ទេសភាព​​​​តាម​ដង​​ផ្លូវ​ដែល​​ដូច​កំពុង​ស្វាគមន៍​សម្រាប់​ក្រុម​ដំណើរ​កម្សាន្ត​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់។

 

​បន្ទាប់​ពី​ចំណាយ​ពេល​ជិត​មួយ​ថ្ងៃ​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​​ ក្បួន​រថយន្ត Ford Adventure ​ក៏​​បាន​​ធ្វើ​ដំណើរ​មក​ដល់​​ក្រុង​​ប៉ៃលិន​នៅ​ម៉ោង​ជាង ៣ រសៀល។ ទៅ​ដល់​ខេត្ត​ប៉ៃលិន ​មាន​ការ​ទទួលស្វាគមន៍​​​ពី​អាជ្ញាធរ​ខេត្ត​​​គ្រប់​លំដាប់​ថ្នាក់​ជា​ពិសេស​​វត្តមាន​លោក​អភិបាល​ខេត្ត​កើត សុធា ដល់​​ក្រុម​ទេសចរ​កម្ពុជា​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​​មក​ដល់​​​ខេត្ត​​ជាប់​ព្រំដែន​​ឆ្ងាយ​ដាច់​ស្រយាល​នេះ​​​។

 

ការ​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ដែល​​ល្បី​សំបូរ​ត្បូង​ពេជ្រ​នៃ​ប្រទេស​កម្ពុជា ​ក៏​​បាន​នាំ​​មក​ជាមួយ​អំណោយ​មួយ​ចំនួន​យក​ទៅ​​ប្រគល់​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការ​ខ្វះខាត ដែល​ថវិកា​បាន​មក​ពី​ការ​រួម​ចំណែក​របស់​អ្នក​បាន​ចូលរួម​និង​មួយ​ចំណែក​របស់​ក្រុមហ៊ុន​ផ្ទាល់។

 

 

ក្រោយ​ជួប​សំណេះសំណាល​និង​ការ​ប្រគល់​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​​​​ ក្បួន​រថយន្ត​ក៏​បានធ្វើ​ដំណើរ​​ទៅ​ទី​តាំង​បោះ​ជំរំ​​​​ដែល​មាន​ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ​ពី​ព្រំដែន​អន្តរជាតិ​ព្រំ​ដើម្បី​សម្រាក​មួយ​រាត្រី​​ មុន​ព្រឹក​បន្ទាប់​ចាកចេញ​​បន្ត​ដំណើរ​កម្សាន្ត​​ទៅ​ខេត្ត​ច័ន្ទបុរី​ជា​គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត Ford Adventure 2015។ ក្នុង​​ពេល​រាត្រី​​​​​​ មាន​ការ​រៀបចំ​​​​កម្មវិធី​ទទួល​ទាន​អាហារ​ជួបជុំ​គ្នា និង​កម្មវិធី​កម្សាន្ត​សប្បាយ​ក្រោម​ជំនោរ​ខ្យល់​ខែ​កត្តិក​​​ក្នុង​បរិយាកាស​ដ៏​រីករាយ​។

 

នៅ​ថ្ងៃ​ទី​ពីរ ក្រោយ​ពេល​រៀបចំ​ខ្លួន​ប្រាណ​រួច​ក្បួន​​រថយន្ត​ Ford Adventure ​ក៏​បានបន្ត​​ដំណើរ​ទៅ​ព្រំដែន​អន្តរជាតិ​​ព្រំ​ដើម្បី​​​ធ្វើ​បែបបទ​​ឆ្លង​ចូល​ទៅ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​។ ទោះ​បី​ជា​មាន​ការ​យឺតយ៉ាវ​បន្តិច​សម្រាប់​ការ​ធ្វើ​បែបបទ​ចេញ​ចូល ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មួយ​ចំនួន​​ត្រូវ​​រង់ចាំ​ជា​ច្រើន​ម៉ោង យ៉ាង​ណា​ក្បួន​ធ្វើ​ដំណើរ​បាន​ឆ្លង​ចូល​យ៉ាង​ជោគជ័យ ដោយ​មាន​អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​ចាំ​ទទួល​ស្វាគមន៍​​​និង​កង​កម្លាំង​ប៉ូលិស​​ថៃ​ជួយ​សម្រួល​ចរាចរណ៍​​តាម​ដង​ផ្លូវ​ ដើម្បី​ឲ្យ​ការ​ធ្វើ​​ដំណើរ​មាន​ភាព​រលូន។

 

នៅ​​ខេត្ត​ច័ន្ទ​បុរី ​ក្រុម​អ្នក​ធ្វើ​ដំណើរ​​កម្សាន្ត​បាន​​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ពិភព​បាត​សមុទ្រ និង​ទៅ​ទស្សនា​ព្រៃ​កោងកាង​ធំ​បំផុត។ បន្ទាប់​​មក​ ក៏​​ទៅ​កម្សាន្ត​នៅ​ឆ្នេរ ChaoLao ជា​ឆ្នេរ​សមុទ្រ​ពេញ​និយម​មួយ​នៅ​ខេត្ត​​​ច័ន្ទ​បុរី​និង​​ជា​ទីតាំង​បោះជំរំ​សម្រាប់​​ដំណើរ​កម្សាន្ត Ford Adventure 2015។

 

 

​​​​ក្នុង​ពេល​រាត្រី​ដ៏​សែន​ម៉េទិក​មក​ដល់ ក្រោម​បរិយាកាស​ជំនោរ​ខ្យល់​សមុទ្រ​​ភ្លេង​​តន្រ្តី​បាន​បន្លឺ​ឡើង​​ជា​ការ​ស្វាគមន៍​ការ​ចាប់​ផ្តើម​កម្មវិធី​ជប់លៀង ​​សម្រាប់​​អ្នក​ចូលរួម​ដំណើរកម្សាន្ត​​ដែល​​បាន​​ហត់​នឿយ​ក្នុង​ការ​ដើរ​កម្សាន្ត​ពេញ​មួយ​ថ្ងៃ។ ​​ម្ហូប​​អាហារ​និង​អាហារ​សមុទ្រ​ស្រស់ៗ​​ត្រូវ​បាន​​រៀបចំ​រួច​ជា​ស្រេច ​​អម​ដោយ​វង់​​តន្រ្តី​ដោយ​​ក្រុម​ភ្លេង​មក​ពី​ខេត្ត​ប៉ៃលិនបាន​ប្រគំ​បទ​ចម្រៀង​ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​ជប់លៀង​​ទទួល​ទាន​អាហារ​ពេល​ល្ងាច​​​ប្រកប​ដោយ​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល។

 

នៅ​ថ្ងៃ​ទី​បី​សម្រាប់​ដំណើរ​កម្សាន្ត​ ក្រោយ​ពេល​ស្រស់​ស្រូប​អាហារ​ព្រឹក​រួច ក្រុម​អ្នក​ធ្វើ​ដំណើរ​បាន​ចាក​ចេញ​ពី​ទីតាំង​បោះ​ជំរំ​ឆ្ពោះ​​ទៅ​កម្សាន្ត​នៅ​ទឹកធ្លាក់​ក្រាក់ធីង​ដែល​មាន​កម្ពស់ ១៣ ជាន់​និង​នៅ​ថ្ងៃ​​រសៀល​បន្តិច​​ក៏​បន្ត​ទៅ​ផ្សារ​លក់​ទំនិញ Makro ជា​ផ្សារ​​ដ៏​ល្បី​ដែល​មាន​លក់​ទំនិញ​បោះ​ដុំ​ក្នុង​តម្លៃ​ថោកៗ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ថៃ​និយម​ទិញ​ប្រើប្រាស់​និង​ផ្ញើ​បង​ប្អូន។

 

នៅ​ថ្ងៃ​ទី​បួន​ជា​ថ្ងៃ​ចុងក្រោយ​​ ក្បួន​រថយន្ត​ Ford Adventure ​បាន​​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ដោយ​នៅ​តាម​ផ្លូវ​​ធ្វើ​ដំណើរ​មាន​​ការ​ជួយ​សម្រួល​ចរាចរ​ពី​មន្រ្តី​​និង​អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​វិល​ត្រឡប់​វិញ​​​ប្រកប​ដោយសុវត្ថិភាព។

 

 
 

ជា​ឱកាស​ចុងក្រោយ អ្នក​រៀបចំ​ក៏​បាន​រៀបចំ​កម្មវិធី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជុំ​គ្នា​​​នៅ​ក្រុង​ប៉ៃលិន​សម្រាប់​​ការ​ជូន​ដំណើរ​​​ មុន​ពេល​​ក្រុម​អ្នក​ដំណើរ​ត្រូវ​​បំបែក​ក្បួន​ទៅ​តាម​គោលដៅ​រៀងៗ​ខ្លួន​ទាំង​ក្តី​អាឡោះអាល័យ​។

 

 

 

Ford Adventure 2015 រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ ១០ ដល់ ១៤ ខែ​ធ្នូ មាន​រយៈ​ពេល ៣ យប់ ៤ ថ្ងៃ ដែល​មាន​អ្នក​ចូលរួម​ជាង ៣០០ នាក់ និង​ប្រើប្រាស់​រថយន្ត​ជាង ៦០ គ្រឿង ។ នេះ​ជា​ឆ្នាំ​ទី ៩ ដែល​ក្រុមហ៊ុន RMA បាន​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ឡើង ដើម្បី​ផ្តល់​ការ​កម្សាន្ត​​រីករាយ​ការ​ជួបជុំ​គ្នា​​របស់​ក្រុម​គ្រួសារ Ford នៅ​កម្ពុជា និង​ជា​ការ​ថ្លែង​អំណរគុណ​របស់​អតិថិជន​ដែល​ជ្រើសរើស​និង​ប្រើប្រាស់​រថយន្ត Ford។

 

ការ​រៀបចំ​ដំណើរ​កម្សាន្ត​ក៏​ក្នុង​គោលដៅ​ដល់​អតិថិជន​អាច​ស្វែង​យល់​ពី​បើក​បរ​រថយន្ត Ford ដែល​ជា​រថយន្ត​ធន់ រឹងមាំ​និង​យីហោ​រថយន្ត​ដ៏​ល្បី​របស់​អាមេរិក។

 

សម្រាប់​ឆ្នាំ​ក្រោយ ក្រុមហ៊ុន​មិន​ទាន់​កំណត់​គោលដៅ​ការ​ធ្វើ​ដំណើរ​ ប៉ុន្តែ​អតិថិជន​មួយ​ចំនួន​សំណូមពរ​​ចង់​ទៅ​កម្សាន្ត​នៅ​ប្រទេស​ឡាវ និង​អ្នក​ខ្លះ​ក៏​ចង់​ទៅ​លេង​នៅ​ខេត្ត​សុរិន​អតីត​ទឹកដី​ខ្មែរ​នៅ​ប្រទេស​ថៃ៕

 

 

 
 
 
 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់