- 2015-12-10 15:53:29
- ព័ត៌មាន
ក្បួន Ford Adventure 2015 ចេញដំណើរនាំអ្នកដំណើរ ៣០០ នាក់ទៅកម្សាន្តតាមរថយន្តទៅថៃ
- 2015-12-10 15:53:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួន Ford Adventure 2015 ចេញដំណើរនាំអ្នកដំណើរ ៣០០ នាក់ទៅកម្សាន្តតាមរថយន្តទៅថៃ
ចន្លោះមិនឃើញ
ម៉ោងជាង ៥ ទៀបភ្លឺ អ្នកចូលរួមដំណើរកម្សាន្ត Ford Adventure ដែលបាននាំមកជាមួយសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនបានមកជួបជុំគ្នានៅក្រុមហ៊ុន RMA សាខាផ្លូវព្រះមុនីវង្ស ដើម្បីចូលរួមដំណើរកម្សាន្តប្រចាំឆ្នាំ Ford Adventure 2015 ដែលឆ្នាំនេះគោលដៅទៅកម្សាន្តនៅខេត្តច័ន្ទបុរីប្រទេសថៃ។
រថយន្ត Ford ប្រមាណ ៦០ គ្រឿងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតរំលេចផែនទីបង្ហាញផ្លូវដ៏វែងឆ្ងាយដែលអ្នកចូលរួមជាង ៣០០ នាក់ ត្រូវធ្វើដំណើរឆ្លងកាត់។
ក្នុងគម្រោងកម្មវិធី ក្បួនរថយន្ត Ford រាប់សិបគ្រឿងនឹងចាប់ផ្ដើមចេញដំណើរនៅវេលាម៉ោង ៦ និងគ្រោងទៅដល់គោលដៅស្ថានីយអ្នកដំណើរនិងចំណតរថយន្តខេត្តពោធិ៍សាត់នៅម៉ោងជាង ១០ ៣០ ព្រឹក។ ទៅដល់ចំណតទីរួមខេត្តពោធិ៍សាត់មានការឈប់សម្រាកប្រហែល ១៥ នាទី ដើម្បីអ្នកចូលរួមដំណើរសម្រួលឥរិយាបថ មុនបន្តដំណើរឆ្ពោះទៅខេត្តបាត់ដំបងនិងអាចទៅដល់នៅប្រហែលម៉ោង ១២ ថ្ងៃ ដើម្បីសម្រាកទទួលទានអាហារថ្ងៃត្រង់។
ក្រោយពេលសម្រាកទទួលទានអាហារថ្ងៃត្រង់រួច ក្បួនធ្វើដំណើរនឹងបន្តដំណើរទៅខេត្តប៉ៃលិន ដោយតាមផ្លូវក៏នឹងមានការចុះចែកអំណោយដល់ពលរដ្ឋក្រីក្រតាមមូលដ្ឋាន។ បន្ទាប់មកក្រុមក្បួនរថយន្តនឹងបន្តឆ្ពោះទៅទីតាំងបោះជំរំដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីព្រំដែនអន្តរជាតិព្រំ ដើម្បីសម្រាកបោះតង់ជាការបញ្ចប់ដំណើរកម្សាន្តនៅថ្ងៃទីមួយ។ នៅទីតាំងបោះជំរំនាពេលរាត្រីមានរៀបចំកម្មវិធីទទួលទានអាហារជុំគ្នា រួមទាំងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។
នៅថ្ងៃទីពីរ បន្ទាប់ពីរៀបចំប្រមូល និងសម្អាតតង់និងទីធ្លាបោះជំរំរួមទាំងការស្រស់ស្រូបអាហារពេលព្រឹករួច ក្បួនរថយន្ត Ford នឹងធ្វើដំណើរឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីត្រួតពិនិត្យឯកសារនានាពីមន្រ្តីមានសមត្ថភាពកិច្ចមុនបន្តឆ្លងចូលខេត្តច័ន្ទបុរីប្រទេសថៃជាគោលដៅនៃដំណើរកម្សាន្ត Ford Adventure 2015។
ក្នុងខេត្តច័ន្ទបុរី អ្នកដំណើរនឹងទៅកម្សាន្តនៅពិភពបាតសមុទ្រ ព្រៃកោងកាងនិងទៅសម្រាកនៅឆ្នេរ Chao Lao ដែលជាទីតាំងបោះជំរំក្នុងដំណើរកម្សាន្ត Ford Adventure។ ថ្ងៃទី ៣ អ្នកធ្វើដំណើរទាំងអស់នឹងបន្តទៅកម្សាន្តនៅទឹកជ្រោះក្រាក់ធីង ក៏ដូចជាទៅផ្សារលក់ទំនិញ Makro ជាផ្សារលក់ដុំរាយទំនិញធំបំផុតនៅខេត្តច័ន្ទបុរី ដែលមានការលក់ទំនិញធូរថ្លៃសម្រាប់ពលរដ្ឋថៃក៏ដូចជាខ្មែរដែលមកកម្សាន្តខេត្តមួយនេះ។
នៅថ្ងៃទី ៤ ជាថ្ងៃចុងក្រោយ អ្នកចូលរួមទាំងអស់នឹងធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ទៅដល់ទឹកដីកម្ពុជាវិញ ក្រុមហ៊ុន RMA ក៏មានរៀបចំកម្មវិធីទទួលទានអាហារថ្ងៃត្រង់ជុំគ្នាចុងក្រោយ មុនក្រុមធ្វើដំណើរបំបែកក្បួនទៅតាមគោលដៅរៀងៗខ្លួន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា