• 2015-07-13 17:54:44
  • ព័ត៌មាន

Ford Mustang បង្ហាញ​ខ្លួន​ជា​ថ្មី ក្រោយ​បាត់​មុខ​ជាង ៥០ ឆ្នាំ

  • 2015-07-13 17:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Mustang រថយន្ត​​​ដ៏​ល្បី​ឈ្មោះ​​ និង​ជា​​រថយន្ត​​តំណាង​វប្បធម៌​​របស់​អាមេរិក​ ដែល​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ធ្លាប់​ឃើញ​កាល​ពី​រយៈ​ពេល ៥០ ឆ្នាំ​មុន​ ឥឡូវ​បាន​បង្ហាញ​វត្តមាន​សាជាថ្មី​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន RMA ដែល​បាន​នាំ​ចូល​រថយន្ត​ប្រភេទ​នេះ​​និង​ធ្វើ​សម្ពោធ​លក់​ជា​ផ្លូវការ​កាល​ពី​ចុង​សប្ដាហ៍​មុន​។

 

 

 

 

Ford Mustang ដែល​ក្រុមហ៊ុន RMA នាំ​ចូល​ជា​រថយន្ត​ជំនាន់​ទី ៦ ដែល​មាន​ការ​រចនា​រូបរាង​កាន់​តែ​ប្លែក និង​​ទាក់ទាញ​ជាង​ជំនាន់​មុន។ រថយន្ត​​​ប្រភេទ​ស្ព័រ​ Ford Mustang ត្រូវ​​គេ​ធ្វើ​ទំនើប​​កម្ម​លើ​ការ​រចនា​រូបរាង រួម​ទាំង​បច្ចេកវិទ្យា ជាមួយ​ជម្រើស​ម៉ាស៊ីន​ពីរ​ប្រភេទ​គឺ 5.0L-V8 turbocharged និង 2.3-liter EcoBoost។

 

ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​​ការ​ចាប់​អារម្មណ៍​សម្រាប់​ការ​​លេច​មុខ​ជា​ថ្មី​របស់ Ford Mustang ដែល​នឹង​​​ជួយ​រំលឹក​ឡើងវិញ​ពី​ភាព​ល្បីល្បាញ​នៃ​រថយន្ត​នេះ​ ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​​​និង​ការ​កោតសរសើរ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​​កាល​ពី​អតីតកាល។

 

ចំណែក​លោកស្រី ជូលី ជុង ភារៈធារី​​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ បាន​សំដែង​មោទនភាព​ដែល​រថយន្ត​ដ៏​ល្បី​ជា​វប្បធម៌​របស់​អាមេរិក​នេះ​ ​ត្រូវ​បាន​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា។ លោក​ស្រី​​សង្ឃឹម​ថា តាម​រយៈ Ford Mustang ​នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​​អាមេរិក​និង​​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។

 

Ford Mustang ជំនាន់​ថ្មី​នេះ​ក្រៅ​ពីការ​អភិវឌ្ឍ​រូបរាង​ដ៏​ស្រស់​ឆើត​ ក៏​បាន​នាំ​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា SYNC 2 ដែល​អាច​ភ្ជាប់​ការ​កម្សាន្ត​ពី​ទូរសព្ទ​ដៃ​របស់​អ្នក​បើកបរ​ជាមួយ​រថយន្ត, បច្ចេកវិទ្យា Mykey ជួយ​ក្រើន​រំលឹក​​ដល់​អ្នក​បើកបរ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ដូចជា​ការ​ពាក់ ​ខ្សែក្រវាត់​សុវត្ថិភាព ​និង​ការ​កំណត់​ល្បឿន​បើកបរ​ជា​ដើម​​។ រថយន្ត​នេះ​​ក៏​បាន​​បំពាក់​ពោង​សុវត្ថិភាព​ចំនួន ៥ សម្រាប់​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ រួមទាំង​បច្ចេកវិទ្យាដែល​អាច​ផ្តល់ដំណឹង​ពេល​ឡានអាច​ប្រឈម​ការ​ប៉ះទង្គិច​។

 

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន RMA ​មាន​​ការ​រំពឹង​សម្រាប់​​​ការ​លក់​ Ford Mustang នៅ​ទីផ្សារ​​កម្ពុជា​​ ដោយ​​​ក្រុមហ៊ុន​​របស់​លោក​គ្រោង​​​លក់​​​​រថយន្ត​នេះ​ឲ្យ​​​​បាន​ពី​ ២០​ ទៅ ៣០ គ្រឿង​ក្នុង​ឆ្នាំ ២០១៥ នេះ។

 

Ford Mustang ដែល​ក្រុមហ៊ុន​ដាក់​លក់​ក្នុង​តម្លៃ​មួយ​គ្រឿង​មិន​ក្រោម ៨ ម៉ឺន​ដុល្លារ​នោះ​ទេ៕

 

 

បន្តអាន៖ ទូត​សុច្ឆន្ទៈ​យីហោ​រថយន្ត​ប្រណិត Jaguar Land Rover ជា​នរណា?

បន្ត​អាន៖ ក្តារចុច​ល្អ​​ស្រួល​ប្រើ ប្រិយមិត្ត​​ណា​ដឹង​ជួយ​ណែនាំ​ផង

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់