• 2020-04-03 01:40:26
  • ព័ត៌មាន

មកស្គាល់អ្នកបង្កើតកម្មវិធីប្រជុំអនឡាញ ៣ខែចុងក្រោយនេះរកបាន ៤ពាន់លានដុល្លារ

  • 2020-04-03 01:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eric Yuan ជនជាតិ​ចិន​កាត់​អាមេរិក​មួយ​រូប​​ គឺ​ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Startup ដែល​មាន​ឈ្មោះ​ថា​ Zoom Technologies, Inc.,។ ក្នុង​រយៈពេល ៣ ខែ​ចុង​ក្រោយ​នេះ ទ្រព្យ​សម្បត្តិ​របស់​លោក​ កើន​ឡើង​ ១១២% ​ឡើង​មក​ដល់ ៧,៥៧ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ពិភពលោក​ត្រៀម​ខ្លួន​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩។

មុន​ការ​បង្កើត​ Zoom លោក Yuan ធ្លាប់​កាន់​​តួនាទី​ជា​អនុប្រធាន​នៅ​ក្រុមហ៊ុន​​សម្ភារៈ​ទូរគមនាគមន៍​ Cisco Systems ហើយ​គំនិត​នៃ​ការ​បង្កើត Zoom ដែល​ជា​កម្មវិធី​ប្រជុំ​តាម​អនឡាញ​នេះ​ គឺ​កើត​មាន​នៅ​ពេល​ដែល Yuan ព្យាយាម​ស្វែង​រក​វិធី​​ទំនាក់ទំនង​​មិត្ត​ស្រី​ដែល​រស់​នៅ​ប្រទេស​ចិន ខណៈ​ខ្លួន​នៅ​សហរដ្ឋអាមេរិក។

​សេដ្ឋី​​វ័យ ៤៩ ឆ្នាំ​នេះ បាន​បង្ហាញ​គម្រោង​ការ​អំពី​ប្រព័ន្ធ​​ប្រជុំ​លើ​អនឡាញ​នេះ​ដល់ Cicso នា​ឆ្នាំ ២០១១ ប៉ុន្តែ​ពេល​នោះ​គំនិត​របស់​លោក​មិន​ត្រូវ​ចៅ​ហ្វាយ​នាយ​គាំទ្រ​នោះ​ឡើយ ហើយ​លោក​ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី Cisco ដើម្បី​ទៅ​បង្កើត Zoom។

ដើម្បី​បង្កើត Zoom នេះ​បាន​ក៏​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ដោយ​​សារ​តែ​មិន​អាច​បញ្ចុះ​បញ្ចូល​អ្នក​បណ្ដាក់​ទុន​ណា​ម្នាក់​ឲ្យ​ជួយ​ជ្រោមជ្រែង​ខ្លួន​បាន លោក Yuan បាន​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​ដើម្បី​បង្កើត​ Zoom នៅ​ឆ្នាំ ២០១១។

នៅ​ខែ​មេសា​​ឆ្នាំ ២០១៩ ​ក្រុមហ៊ុន Zoom បាន​​ដាក់​​លក់​ហ៊ុន​របស់​ខ្លួន​ជា​សាធារណៈ ធ្វើ​ឲ្យ​លោក Yuan មាន​ទ្រព្យ​សម្បត្តិ​អាច​មាន​ឈ្មោះ​ជា​មហាសេដ្ឋី​នា​ពេល​នោះ។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Zoom មាន​តម្លៃ​ខ្ទង់ ៣៥ ពាន់​លាន​ដុល្លារ។ Zoom មាន​អតិថិជន​ជា​ដៃ​គូ​ជាង ៣ ម៉ឺន​នាក់ ក្នុង​នោះ​រួម​មាន Samsung, Uber, Walmat និង Capital One ផង​ដែរ។

ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៩ មក ការ​ប្រើ​ប្រាស់ Zoom មាន​កំណើន​រហូត​ដល់ ១ ៩០០% ដោយ​សារ​សាលា សកលវិទ្យាល័យ និង​កន្លែង​ធ្វើ​ការ​ជា​ច្រើន បាន​ប្ដូរ​មក​នៅ​លើ​អនឡាញ​ព្រោះ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩។

តម្លៃ​ភាគហ៊ុន​របស់ Zoom មាន​កំណើន​លើស​ពី​ពីរ​ដង​ក្នុង​រយៈពេល ៣ ខែ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​លោក Yuan មាន​ការ​កើន​ឡើង​ដូច​គ្នា។ ទ្រព្យ​សម្បត្តិ​ ៧,៥៧ ពាន់​លាន​ដុល្លារ​របស់​លោក Yuan មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ចំណែក​ភាគហ៊ុន ១៩% ដែល​មាន​នៅ Zoom។

ពេល​នេះ​លោក Yuan ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៩២ ក្នុង​បញ្ជី​កំពូល​អ្នក​មាន​ទាំង​ ៥០០ នាក់​លើ​លោក​របស់​ Bloomberg។ មុន​ឆ្នាំ ២០២០ លោក​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ឡើយ៕​​​​​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់