• 2020-03-23 02:34:07
  • ព័ត៌មាន

Google ធ្វើឲ្យលោក ដូណាល់ ត្រាំ បាក់មុខមិនស្ទើរ!

  • 2020-03-23 02:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ និង​ក្រុម​ការងារ​របស់​លោក​បាន​ប្រកាស​ថា Google កំពុង​អភិវឌ្ឍន៍​វិបសាយ​មួយ​សម្រាប់​បង្ហាញ​អំពី​​វីរុស​កូរ៉ូណា​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​អាច​ប្រើ​ប្រាស់​បាន។ លោក​បាន​អះអាង​ថា​វិស្វករ​របស់ Gogle ចំនួន ១ ៧០០ នាក់ បាន​ធ្វើ​ការ​លើគម្រោង​ការ​នេះ ហើយ​បាន​ពន្យល់​ថា​វិបសាយ​នេះ​នឹង​ផ្ដល់​​ជូន​អ្នក​ប្រើ​ប្រាស់​នូវ​សំនួរ​ចម្លើយ​អំពី​រោគ​សញ្ញា​របស់​ពួក​គេ និង​ណែនាំ​ពួក​គេ​ទៅ​កាន់​ទីតាំង​​តេស្ត​​រក​វីរុស​ដែល​នៅ​ក្បែរ​ជា​ដើម។​

ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រូប​នេះ បាន​ធ្វើ​ឲ្យ​ Google ​វង្វេង​វង្វាន់​ ព្រោះ​ថា​​វិបសាយ​ដែល​ពួក​គេ​កំពុង​អភិវឌ្ឍន៍​គឺ​មិន​ដូច​អ្វី​ដែល​​លោក​ ដូណាល់ ត្រាំ បាន​រៀប​រាប់​នោះ​ទេ។ "យើង​បាន​​ចាប់​ដៃ​គូ​ជា​មួយ​រដ្ឋាភិបាល​អាមេរិក និង​កំពុង​​អភិវឌ្ឍន៍​វិបសាយ​មួយ​ដែល​ផ្ដល់​ការ​អប់​រំ​អំពី​កូវីដ​១៩, ប្រាប់​អំពី​ការ​ទប់​ស្កាត់ និង​មាន​បញ្ចូល​ព័ត៌មាន​​សំខាន់ៗ​ដទៃ​ទៀត។ ក្នុង​នោះ​មាន​ការ​ទប់​ស្កាត់​ដ៏​ល្អ​ប្រសើរ​បំផុត ដែល​ភ្ជាប់​ជា​មួយ​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក និង​ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង ហើយ​មាន​គន្លឹះ​មាន​ប្រយោជន៍ រួម​ទាំង​ឧបករណ៍​ពី Google សម្រាប់​ការ​ប្រើ​ប្រាស់​រៀងៗ​ខ្លួន សម្រាប់​គ្រូ​បង្រៀន និង​អាជីវកម្ម​នានា​ផង​ដែរ។" នេះ​ជា​ការ​លើក​ឡើង​របស់​​លោក Sundar Pichai នាយក​ប្រតិបត្តិ​ Google និង Alphabet ដែល​លើក​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់​លោក ដូណាល់ ត្រាំ។

ពេល​នេះ​ដែរ Google បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​​វិបសាយ​ដែល​ខ្លួន​បាន​អភិវឌ្ឍន៍ ហើយ​វា​ពិត​ជា​មាន​បញ្ចូល​នូវ​អ្វី​ដែល​លោក​ Sundar Pichai បាន​រៀប​រាប់ និង​មិន​ដូច​​ជា​អ្វី​ដែល​លោក​ ដូណាល់ ត្រាំ ឬ​ក្រុម​ការងារ​របស់​លោក​បាន​រៀប​រាប់​នោះ​ឡើយ។

​Google បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​គ្រោង​នឹង​ដាក់​ដំណើរ​ការ​វិបសាយ​នេះ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត ជា​មួយ​ភាសា​​ផ្សេងៗ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ក្រុមហ៊ុន​ក៏​នឹង​ធ្វើ​ការ​អាប់ដេត​វិបសាយ​ជា​ញឹកញាប់​នៅ​ពេល​ដែល​ទទួល​បាន​​ព័ត៌មាន​ថ្មីៗ​ផង​ដែរ៕​​​​​

ប្រភព៖ Gizmodo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់