• 2020-03-16 02:16:03
  • ព័ត៌មាន

មើលលក្ខណៈសម្បត្តិ Huawei P40 Pro PE អាចឲ្យគូប្រជែងភ័យព្រួយអត់?

  • 2020-03-16 02:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei គ្រោង​ប្រកាស​ចេញ​ស្មាតហ្វូន​​កំពូល​ចំនួន​បី​នៅ​ចុង​ខែ​មីនា​នេះ។ ម៉ូដែល​ដែល​​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ Huawei P40 Pro Premium Edition ដែល​រំពឹង​ថា​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​មួយ​របស់ Galaxy S20 Ultra។

វិបសាយ​ចិន​ IT Home អាច​ទទួល​បាន​ព័ត៌មាន​អំពី​តម្លៃ ​លក្ខណៈ​សម្បត្តិ​ និង​មាន​ភ្ជាប់​ជា​មួយ​រូបភាព Render របស់​ P40 Pro Premium Edition ផង​ដែរ។

ដំបូង​គឺ​និយាយ​អំពី​អេក្រង់ ដែល​មាន​​បំពាក់​អេក្រង់​ទំហំ ៦,៧ អ៊ីញ ប្រភេទ OLED អាច​បង្ហាញ​រូបភាព​កម្រិត​ 3160x1440 ភីកសែល និង​​មាន Refresh Rate 120Hz។ ​ដើម្បី​ឲ្យ​ស្មាតហ្វូន​នេះ​កាន់​តែ​ប្លែក​ពី​គេ Huawei បាន​បង្កើត​នូវ​ផ្ទាំង​កញ្ចក់​ដែល​មាន​រាង​កោង​ទាំង​បួន​ជ្រុង កោង​ទាំង​លើ​ទាំង​ក្រោម និង​ផ្នែក​សង​ខាង​នៃ​អេក្រង់។

នៅ​ផ្នែក​ខាង​ក្រោយ​វិញ​គឺ​មាន​បំពាក់​​ស៊ុម​កាមេរ៉ា​ទំហំ​ធំ ដែល​មាន​បំពាក់​ Sensor ចំនួន​ប្រាំ។ កាមេរ៉ា​មេ​មាន​ទំហំ ៥២ MP, ភ្ជាប់​នឹង​កាមេរ៉ា Ultra-Wide ទំហំ​ ៤០MP, មាន​កាមេរ៉ា Telephoto ទំហំ ៨MP ដែល​អាច​ Zoom Optical បាន ៣ដង, មាន​ Sensor 3D ToF ដែល​ជួយ​ឲ្យ​រូបភាព Portrait កាន់​តែ​​ស្អាត និង​ចុង​ក្រោយ​មាន​​កាមេរ៉ា​ប្រភេទ Periscope ដែល​ជំនួយ​ដល់​ការ​ Zoom ប៉ុន្តែ​​លក្ខណៈ​សម្បត្តិ​របស់​វា​មិន​មាន​ការ​បញ្ជាក់​​លម្អិត​ឡើយ។

ចំពោះ​កាមេរ៉ា​ Selfie គឺ Huawei បាន​បំពាក់​​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៣២MP អម​ជា​មួយ​កាមេរ៉ា​ប្រភេទ Ultra-Wide ទំហំ ៣២MP មួយ​ទៀត​សម្រាប់​ថត​រូប​ជា​ក្រុម។ បន្ថែម​ពី​នេះ​មាន​បំពាក់​ Sensor ToF ដែល​ធ្វើ​ឲ្យ​ការ​ស្កេន​មុខ​ដើម្បី​ដោះ​សោ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ក្លា។

នៅ​ផ្នែក​ខាង​ក្នុង​របស់ P40 Pro Premium Edition ក៏​គួរ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ។ វា​មាន​បំពាក់​ឈីប​ Kirin 990 5G ដែល​អាច​ទ្រាំទ្រ​សេវា​ 5G ភ្ជាប់​ជា​មួយ RAM ទំហំ ១២GB និង​អង្គ​ផ្ទុក​ទំហំ ៥១២GB ដែល​ប្រហែល​ជា​អាច​ពង្រីក​ទំហំ​តាម​រយៈ​​មេមូរី​កាត។

ស្មាតហ្វូន​នេះ​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 ជា​មួយ EMUI 10 ប៉ុន្តែ​វា​នឹង​មិន​មាន​សេវាកម្ម​ Google នោះ​ទេ។ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ App Gallery របស់ Huawei ជំនួស​វិញ។

សម្រាប់​ថ្ម​វិញ Huawei បាន​បំពាក់​ទំហំ​ដល់ ៥៥០០ mAh ចូល​ទៅ​ក្នុង P40 Pro Premium Edition។ អ្វី​ដែល​ពិសេស​គឺ​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន ៥០ វ៉ាត់ និង​អាច​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ​ក្នុង​ល្បឿន ២៧ វ៉ាត់​ផង​ដែរ។

P40 Pro Premium Edition នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២៦ ខែ​មីនា តាម​រយៈ​កម្មវិធី​ប្រកាស​លើ​អនឡាញ ដែល​បង្ហាញ​មុខ​ព្រម​គ្នា​ជា​មួយ Huawei P40 និង Huawei P40 Pro។ ការ​ចេញ​​លក់​រំពឹង​ថា​ចាប់​ផ្ដើម​នា​ដើម​ខែ​មេសា ហើយ​តម្លៃ​របស់​វា​នៅ​អឺរ៉ុប អាច​មាន​ចន្លោះ​ពី ១១៩៩ ទៅ ១២៩៩ អឺរ៉ូ (ប្រមាណ ១៣៣១ ទៅ ១៤៤២ ដុល្លារ)៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់