• 2020-02-25 02:23:48
  • ព័ត៌មាន

ទីបំផុតមហាសេដ្ឋីម្នាក់ បែកចិត្តពីទូរសព្ទតម្លៃ ២០ដុល្លារ មកប្រើ iPhone ម្ដង

  • 2020-02-25 02:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ Warren Buffet ​វ័យ ៨៩ ឆ្នាំ ដែល​ទើប​តែ​ទិញ​យក​ភាគហ៊ុន​ ៥,៦% ពី Apple កាល​ពី​ពេល​កន្លង​ទៅ បាន​ប្រាប់​សារព័ត៌មាន CNBC ថា​​លោក​ទើប​តែ​ប្ដូរ​ពី​ទូរសព្ទ​បត់​ Samsung Haven មក​ប្រើ iPhone 11 ​នា​ថ្មីៗ​នេះ។

ក្រោយ​ពី​បាន​ប្រើ​ទូរសព្ទ​បត់​ដែល​មាន​តម្លៃ​ល្បាក់ ២០ ដុល្លារ កាល​ពី​ឆ្នាំ ២០១៩ រួច​មក លោក Buffet បាន​បញ្ជាក់​ថា​បាន​ចែក​ផ្លូវ​ជា​មួយ​វា ហើយ​ស្រវា​ចាប់​ស្មាតហ្វូន​វិញ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ថា​ប្រើ iPhone 11 ម៉ូដែល​ណា​ឡើយ។

លោក​មហាសេដ្ឋី​រូប​នេះ និយាយ​ថា​ iPhone ដែល​លោក​ប្រើ​មិន​មែន​ទិញ​ដោយ​ខ្លួន​​ឯង​នោះ​ទេ ប៉ុន្តែ​គឺ​ជា​កាដូ​ដែល​មនុស្ស​ជា​ច្រើន​អ្នក​បាន​ផ្ដល់​ឲ្យ ក្នុង​នោះ​ក៏​មាន​លោក Tim Cook ម្នាក់​ដែរ ដែល​លោក​ Tim Cook ព្យាយាម​​ជំរុញ​ឲ្យ​លោក Buffet ប្ដូរ​ប្រើ​​ផលិតផល Apple ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក Tim Cook ធ្លាប់​ប្រាប់ Bloomberg TV នៅ​ឆ្នាំ ២០១៨ ថា រូប​លោក​អាច​នឹង​ហោះ​ទៅ​កាន់ Omaha (កន្លែង​ដែល​លោក Buffet រស់​នៅ) និង​ជួយ​​លើ​បញ្ហា​ទាក់ទង​នឹង​បច្ចេកទេស​ដល់​លោក Buffet ប្រសិន​បើ​លោក​ត្រូវ​ការ។

ត្បិត​ថា​ប្ដូរ​ប្រើ iPhone មែន ប៉ុន្តែ​លោក Buffet និយាយ​ថា​ប្រើ​ប្រាស់​ iPhone របស់​ខ្លួន​សម្រាប់​តែ​ការ​​​និយាយ​ទូរសព្ទ​ប៉ុណ្ណោះ។ លោក​ក៏​មាន​ iPad មួយ​គ្រឿង​ផង​ដែរ ដែល​ទុក​សម្រាប់​ប្រើ​ធ្វើ​ការ​ស្រាវជ្រាវ និង​ឆែក​មើល​តម្លៃ​ហ៊ុន៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់