• 2020-01-21 06:41:57
  • ចំណេះដឹង

YouTuber ម្នាក់ប្ដូរយុទ្ធសាស្ត្រផលិតវីដេអូ អាចរកលុយបានច្រើនជាងមុន ២ដងពី YouTube

  • 2020-01-21 06:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ក្រោយ​ពី​បាន​ជជែក​ជា​មួយ​មិត្តភក្ដិ​ជា​អ្នក​ផលិត​វីដេអូ​បង្ហោះ​លើ YouTube ដូច​គ្នា​នោះ តារា YouTube ឈ្មោះ Shelby Church (មាន​ Subscriber ១,៤លាន​នាក់) បាន​ដឹង​ថា​ខ្លួន​អាច​រក​ចំណូល​​ពី​វីដេអូ​របស់​ខ្លួន​ច្រើន​លើស​មុន។

នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នាង​បាន​ដឹង​ថា តាម​រយៈ​ការ​​ធ្វើ​ឲ្យ​វីដេអូ​មាន​រយៈពេល​ជាង ១០ នាទី នាង​អាច​បង្កើន​ចំណូល​ដែល​រក​ពី​ការ​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​របស់ Google បាន​ទ្វេ​ដង។ ចំណូល​មួយ​ផ្នែក​ធំ​ដែល Church អាច​រក​បាន​គឺ​បាន​ពី​​តាម​វិធី​នេះ និង​តាម​រយៈ​ការ​ផ្សាយ​ផលិត​លើ​ Channel និង​លើ Instagram។

គួរ​ដឹង​ថា YouTube អនុញ្ញាត​ឲ្យ​គណនី​ដែល​មាន​ Subscriber ១ពាន់​នាក់ និង​មាន​រយៈពេល​ទស្សនា ៤ ០០០ ម៉ោង អាច​​រក​ចំណូល​បាន​ជា​មួយ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​ដាក់​ដោយ​ Google។ ចំណូល​ដែល​រក​បាន​អាស្រ័យ​លើ​រយៈពេល​ទស្សនា (Watch Time), ប្រវែង​នៃ​វីដេអូ, ប្រភេទ​នៃ​វីដេអូ និង​ទីតាំង​អ្នក​ទស្សនា​វីដេអូ​ជា​ដើម។

វិធី​សាស្ត្រ​ពេញ​និយម​មួយ​ដែល YouTuber ប្រើ​ដើម្បី​អាច​រក​ចំណូល​ពី​វីដេអូ​របស់​ខ្លួន​បាន​កាន់​តែ​ច្រើន​នោះ គឺ​ធ្វើ​ឲ្យ​វីដេអូ​មាន​រយៈ​ពេល​កាន់​តែ​វែង ដើម្បី​អាច​បង្ហាញ​ពាណិជ្ជកម្ម​ច្រើន។

ជាក់​ស្ដែង​នៅ​ឆ្នាំ ២០១៨ វីដេអូ​ភាគ​ច្រើន​របស់ Church គឺ​មាន​​ប្រវែង​មិន​ដល់ ១០នាទី។ ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នាង​ចាប់​ផ្ដើម​ធ្វើ​វីដេអូ​ឲ្យ​វែង ហើយ​ត្រឹម​​ដំណាច់​ឆ្នាំ​គឺ​អាច​រក​ចំណូល​ច្រើន​ជាង​ឆ្នាំ ២០១៨ ដល់​ទៅ ២ដងឯណោះ។

គណនី YouTube ​ផ្សេង​ទៀត​​ដូច​ជា Kevin David (មាន​ Subscriber ៨៣៨ ០០០ នាក់) និង Marina Mogilko (មាន Subscriber ១,៧ លាន​នាក់) ក៏​បាន​ប្រើ​វិធី​សាស្ត្រ​នេះ​ដែរ។

Church អះអាង​ថា​វីដេអូ​រយៈពេល ១០ នាទី​របស់​ខ្លួន​អាច​រក​បាន​ប្រមាណ ៥ ដុល្លារ សម្រាប់​ចំនួន​ទស្សនា ១ពាន់​ដង ចំណែក​វីដេអូ​ក្រោម ១០ នាទី​អាច​រក​បាន​ប្រមាណ ២ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ចំនួន​ទស្សនា ១ពាន់​ដង៕​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់