• 2020-01-20 02:56:57
  • ព័ត៌មាន

ដឹងលក្ខណៈសម្បត្តិផ្លូវការរបស់ Galaxy S20 5G ទាំងបីប្រភេទ

  • 2020-01-20 02:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​បញ្ចេញ​របស់​ Ishan Agarwal ដែល​សហការ​ជា​មួយ MySmartPrice គេ​អាច​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​ផ្លូវ​ការ​របស់​ Galaxy S20 ប្រភេទ 5G ទាំង​បី​ប្រភេទ ដែល​ក្នុង​នោះ​មាន​ Galaxy S20 5G, Galaxy S20+ 5G និង Galaxy S20 Ultra 5G។

ចំណុច​ដូច​គ្នា​រវាង​ស្មាតហ្វូន​ទាំង​បី​គឺ​មាន​អេក្រង់​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1440p ជា​មួយ Refresh Rate 120Hz, មាន​បំពាក់​ឈីប​ Eyxnos 990, មាន​អង្គ​ផ្ទុក​យ៉ាង​តូច ១២៨GB និង​អាច​បន្ថែម​ទំហំ​បាន, ការពារ​ទឹក​កម្រិត IP68 និង​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ជា​មួយ​ One UI 2.0។ គួរ​ចាប់​អារម្មណ៍​ថា​ក្នុង​លក្ខណៈ​សម្បត្តិ​ដែល​បញ្ចេញ​នេះ មិន​បាន​ប្រាប់​អំពី​ទំហំ RAM នៃ​ប្រភេទ​នីមួយៗ​នោះ​ទេ ប៉ុន្តែ​ដំណឹង​កន្លងមក​បង្ហាញ​ថា​ RAM អាច​មាន​ទំហំ​ធំ​បំផុត​ដល់​ ១៦GB។

ប្រភេទ​នីមួយៗ​ក៏​នឹង​មាន​បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្លាំង​ផុត​លេខ។ ចំពោះ​ Galaxy S20 Ultra ជា​ប្រភេទ​តែ​មួយ​គត់​ដែល​មាន​ប្រើ​កាមេរ៉ា ១០៨MP ប៉ុន្តែ​ស្មាតហ្វូន​ទាំង​បី​សុទ្ធ​តែ​អាច​ថត​វីដេអូ​ដល់​កម្រិត 8K/30fps។

ចំពោះ​កាមេរ៉ា​មុខ​វិញ នៅ​លើ S20 និង S20+ គឺ​មាន​ Sensor កម្រិត ១០MP ចំណែក S20 Ultra ​​មាន​កម្រិត​ដល់ ៤០MP ជា​ប្រភេទ Ultra-Wide ហើយ​កាមេរ៉ា​​មុខ​របស់​ពួក​វា​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 4K/60fps។

សម្រាប់​ទំហំ​ថ្ម​គឺ​មាន​ចាប់​ពី ៤០០០ mAh នៅ​លើ Galaxy S20, ៤៥០០ mAh ​នៅ​លើ Galaxy S20+ និង ៥០០០ mAh នៅ​លើ Galaxy S20 Ultra។ ត្បិត​ថា​លក្ខណៈ​សម្បត្តិ​នេះ​គឺ​​សម្រាប់​ប្រភេទ 5G ប៉ុន្តែ​គេ​ជឿ​ថា​ប្រភេទ​មិន​មាន 5G ក៏​មាន​បែប​នេះ​ដែរ។

គួរ​ដឹង​ថា​ Galaxu S20 ទាំង​បី​ទំនង​ជា​បង្ហាញ​ខ្លួន​ដំណាល​គ្នា​ក្នុង​កម្មវិធី Unpacked 2020 ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ខាង​មុខ៕​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់