• 2020-01-10 02:01:52
  • ព័ត៌មាន

ម៉ូតូអគ្គិសនីថ្មី សាកភ្លើងមិនដល់៣ម៉ោង ជិះបានជិត ៥០០គ.ម៉

  • 2020-01-10 02:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូតូ Damon Motorcycles របស់ប្រទេសកាណាដា ទើបតែបានបញ្ចេញម៉ូតូអគ្គិសនីរបស់ខ្លួនម៉ូដែល Hypersport ដែលបំពាក់លក្ខណៈពិសេសកប់តែម្តង។

Damon Hypersport បំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ២០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២០០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ ហើយមានល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅពេលសាកភ្លើងពេញ ម៉ូតូអគ្គិសនីនេះអាចរត់បានចម្ងាយ ៣២០គីឡូម៉ែត្រ សម្រាប់ការបើកបរក្រៅទីក្រុង និង ៤៨០គីឡូម៉ែត្រ សម្រាប់ការបើកបរក្នុងទីក្រុង។ វាប្រើពេលមិនដល់ ៣ម៉ោងឡើយដើម្បីសាកភ្លើងពេញ។

មិនត្រឹមតែមានកម្លាំង និងដំណើរការខ្លាំងប៉ុណ្ណោះទេ ម៉ូតូ Damon Hypersport ថែមទាំងបំពាក់បច្ចេកវិទ្យាពិសេស គឺ សេនស័រដើម្បីសម្គាល់វត្ថុនៅជុំវិញខ្លួន និងការគំរាមកំហែងនានា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ហើយវានឹងដាស់តឿនដល់អ្នកបើកបរ ដោយបង្ហាញភ្លើងលើកញ្ចក់ និងរំញ័រលើដៃចង្កូតទៀតផង។

គួរឲ្យដឹងថា ម៉ូតូ Damon Hypersport នឹងមានតម្លៃចាប់ពី ២៤ ៩៩៥ដុល្លារលើទីផ្សារបរទេស សម្រាប់ម៉ូដែលធម្មតា ខណៈម៉ូដែល "Premier” មានបំពាក់ប្រព័ន្ធហ្វ្រាំង Brembo និងបូម Ohlins នឹងមានតម្លៃចាប់ពី ៤០ ០០០ដុល្លារ ហើយផលិតត្រឹមតែ ២៥គ្រឿងប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់