• 2019-12-03 02:00:22
  • ព័ត៌មាន

មហោស្រពស្ទែមលើក​ទី១៥ បំផុស​ស្មារតី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ ដើម្បី​បរិស្ថាន​

  • 2019-12-03 02:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ និង ២៩ វិច្ឆិកា​ ឆ្នាំ ២០១៩ នៅ​ដឺព្រមៀ សេនធ័រសែនសុខ បាន​ចូល​រួម​បណ្ដុះ​ស្មារតី និង​ផ្ដល់​នូវ​ការ​កម្សាន្ត​ដល់​អ្នក​ដែល​បាន​​មក​ចូល​រួម​ទស្សនា។

ជា​មួយ​នឹង​អ្នក​ចូល​រួម​ដាក់​តាំង​ពិព័រណ៍​ និង​ទស្សនា​ជាង ១៣ ០០០ នាក់ មហោស្រព​ដើម្បី​បរិស្ថាន​បៃតង​នេះ បាន​ផ្ដោត​សំខាន់​ទៅ​លើ​សហគមន៍​ស្ទែម​ដ៏​មោះមុត ក្នុង​ការ​រួម​ចំណែក​ថែ​រក្សា​បរិស្ថាន​ដោយ​ចីរភាព តាម​រយៈ​ការ​ជួយ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​ធម្មតា​របស់​ភ្ញៀវ​ដែល​បាន​មក​ចូល​រួម​ទស្សនា។

មហោស្រព​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ ក្រោម​ការ​បន្ត​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​បរិស្ថាន។

ថ្លែង​ក្នុង​ឱកាស​នេះ អ្នក​ស្រី​បណ្ឌិត​នាយិកា​អង្គការ​បាន​មាន​ប្រសាសន៍​ថា ៖ «តម្រូវ​ការ​លើ​ជំនាញ​ស្ទែម​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន និង​ការ​អនុវត្ត​បែប​បៃតង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង គឺ​កាន់​តែ​ចាំ​បាច់​ជាង​ពេល​ណា​ណា​ទាំង​អស់។»

ជា​លទ្ធផល​ នៅ​ក្នុង​ពិធី​នេះ គឺ​មាន​ឥស្សរជន សិស្ស-និស្សិត មាតា​បិតា និង​គ្រូ​បង្រៀន​ជា​ច្រើន​នាក់​បាន​ចូល​រួម​សច្ចា​ធ្វើ​ជា​វីរជន​បរិស្ថាន។

លោក​ជំទាវ Tina Redshaw ឯក​អគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​សច្ចា​ចូល​រួម​ធ្វើ​ជី​កំប៉ុស​ពី​កាក​សំណល់​ផ្សេងៗ​នៅ​ស្ថាន​ទូត ខណៈ​ដែល​ឯក​ឧត្ដម​ អ៊ាង សុផល្លែត រដ្ឋ​លេខាធិកា​ក្រសួង​បរិស្ថាន បាន​ប្ដេជ្ញា​ខ្ពស់​ ក្នុង​ការ​បន្ត​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្រភេទ​ដប​ទឹក​ប្លាស្ទិក​ដែល​ប្រើ​បាន​តែ​ម្ដង ហើយ​បោះ​ចោល។

យើង​ក៏​មាន​ការ​ចូល​រួម​របស់​វាគ្មិន​ដ៏​ពិសេស​ផង​ដែរ​ គឺ​កញ្ញា​ ឡូរ៉ា ម៉ម ដែល​ជា​អ្នក​ចម្រៀង​ សរសេរ​ចម្រៀង ស្ត្រី​អ្នក​ជំនួញ និង​នរវិទូ។ នៅ​មុន​ការ​ប្រគំ​តន្ត្រី​អេកូ​ជា​មួយ​ Baramey Crew កញ្ញា​ ឡូរ៉ា ម៉ម បាន​ផ្ដល់​នូវ​សារ​ប្រកប​ដោយ​ការ​បំផុស​ស្មារតី​ដល់​យុវជន​ និង​យុវតី​យើង ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​ជ្រើស​យក​អាជីព​ស្ទែម។

«តន្ត្រី​គឺ​ជា​បច្ចេកវិទ្យា។ វា​អាច​ផ្លាស់​ប្ដូរ​ចិត្ត និង​បេះដូង​របស់​យើង នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ដូច្នេះ​គប្បី​យើង​សិក្សា​មុខវិជ្ជា​ស្ទែម។ យើង​ត្រូវ​ការ​ស្ត្រី​ក្នុង​វិស័យ​ស្ទែម​បន្ថែម​ទៀត​ជា​ពិសេស។ សូម​សិក្សា​ពី​វា ហើយ​រីករាយ! អ្នក​ពិត​ជា​អាច​ធ្វើ​បាន»។

តាម​រយៈ​ការ​តាំង​បង្ហាញ​គម្រោង​ស្ទែម​របស់​ប្អូនៗ​សិស្សា​នុសិស្ស​ជាង ២០០ នាក់ ការ​សម្ដែង​សិល្បៈ​ បាឋកថា​ស្ទែម ការ​ប្រកួត​រ៉ូបូត និង​សិល្បៈ មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី ១៥ បាន​ចូល​រួម​អបអរ​ដល់​យុវជន​យើង​ដ៏​អស្ចារ្យ​ និង​មាន​គំនិត​ប្រកប​ដោយ​នវានុវត្តន៍។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ជំនាញ​ស្ទែម​របស់​សហគមន៍​យើង​ដែល​ស្រឡាញ់​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម សិល្បៈ​និង​គណិតវិទ្យា នៅ​ពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ទាំង​បុរស និង​ស្ត្រី​បន្ថែម​ទៀត ឲ្យ​ជ្រើស​រើស​យក​អាជីព​ក្នុង​វិស័យ​ស្ទែម ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដោយ​បច្ចេកវិទ្យា​ជឿនលឿន ឌីជីថល និង​នវានុវត្តន៍។

យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ឧបត្ថម្ភ និង​ដៃ​គូ​សហការ​ដែល​បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន និង​សូម​អរគុណ​ចំពោះ​ការ​ចូល​រួម​របស់​ភ្ញៀវ​កិត្តិយស​និង​អ្នក​ដែល​បាន​មក​ចូល​រួម​ទស្សនា​ទាំង​អស់។

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​រូបភាព​ពី​ព្រឹត្តិការណ៍​នេះ​ សូម​ចូល​ទៅ​កាន់ ៖​​​​​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់