• 2019-11-25 08:06:57
  • ព័ត៌មាន

អនុម័ត​ច្បាប់​ថ្មី Apple ទំនង​ត្រូវ​បង្ខំ​ចិត្ត​ឈប់​លក់ iPhone ក្នុង​ប្រទេស​រុស្ស៊ី

  • 2019-11-25 08:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ថ្មី​ដែល​អនុម័ត​ដោយ​សភា​នៃ​ប្រទេស​រុស្ស៊ី​កាល​ពី​សប្ដាហ៍​មុន បាន​បញ្ជាក់​ថា​រាល់​ឧបករណ៍​ទាំង​អស់​នឹង​មិន​អាច​ចរាចរ​ក្នុង​ទីផ្សារ​ប្រទេស​ខ្លួន​បាន​ឡើយ ប្រសិន​ណា​គ្មាន​ការ​ដំឡើង​កម្មវិធី​របស់​រុស្ស៊ី​ចេញ​ពី​ប្រអប់​ស្រាប់ (Pre-Installed App)។

តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា​ច្បាប់​នេះ​នឹង​ចាប់​អនុវត្ត​ចាប់​ពី​ខែ​កក្កដា ឆ្នាំ ២០២០ ត​ទៅ ហើយ​ក្រុមហ៊ុន Apple ទំនង​ជា​នឹង​រង​ផល​ប៉ះពាល់​ពី​ច្បាប់​ថ្មី​ខ្លាំង​បំផុត។

លោក Ole Nikolayev ជា​សមាជិក​អ្នក​អនុម័ត​ច្បាប់​មួយ​រូប​បាន​ពន្យល់​ថា៖ "កម្មវិធី​ដំឡើង​ស្រាប់​ក្នុង​ស្មាតហ្វូន​ភាគ​ច្រើន​ជា​របស់​លោក​ខាង​លិច បែប​នេះ​យើង​ចង់​ឲ្យ​ប្រជាជន​នៅ​រុស្ស៊ី​អាច​មាន​សិទ្ធ​ជ្រើសរើស​កម្មវិធី​ក្នុង​ស្រុក​ដែល​ពួក​គេ​ចង់​ប្រើប្រាស់​ដែរ"។

ជា​លទ្ធផល Apple ដែល​មាន​ប្រព័ន្ធ iOS ​ប្រភេទ Closed System ដែល​មិន​បើក​ចំហរ​ដូច​ប្រព័ន្ធ Android ក៏​ប្រហែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដំឡើង​កម្មវិធី​របស់​ប្រទេស​ដទៃ​ក្នុង​ឧបករណ៍​ខ្លួន​អ្វី​នោះ​ដែរ ហេតុ​នេះ​ហើយ​បើ​ពុំ​មាន​ចំណាត់ការ​សមស្រប​ណា​មួយ នៅ​ឆ្នាំ ២០២០ ផលិតផល Apple នឹង​ទំនង​គ្មាន​វត្តមាន​នៅ​ប្រទេស​រុស្ស៊ី​ទៀត​ឡើយ។

គួរ​រំឭក​ថា​ទិន្នន័យ​ចេញ​ពី Statcounter បាន​ឲ្យ​ដឹង​ថា Samsung ជា​ក្រុមហ៊ុន​ឈរ​លេខ ១ នៅ​រុស្ស៊ី​ក្តោបក្តាប់​ចំណែក​ទីផ្សារ​រួម​ប្រមាណ ២២,០៤ ភាគរយ ខណៈ Huawei លេខ ២ មាន ១៥,៩៩ ភាគរយ និង Apple លេខ ៣ មាន ១៥,៨៣ ភាគរយ​គិត​ក្នុង​អំឡុង​ខែ​តុលា៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់