• 2019-11-23 05:05:30
  • ព័ត៌មាន

វាដល់ពេលដែលត្រូវដាក់ដំណើរការ 5G ហើយ

  • 2019-11-23 05:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នា​សណ្ឋាគារ​កាំបូឌីយ៉ាណា ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការ​សហប្រជាជាតិ (UNIDO) សហការ​ជា​មួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​ស្ដី​ពី ឌីជីថល​នីយកម្ម និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ទី​៤ ក្នុង​គោល​ដៅ​បង្ហាញ​អ្នក​ធ្វើ​គោល​នយោបាយ​អំពី​និន្នាការ​បច្ចុប្បន្ន ​និង​គោល​នយោបាយ​ថ្មី​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រឈម និង​ឱកាស​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤ (4IR)។

លោក Victor Zhang រាប់ពីស្ដាំទី ២

ដោយ​ផ្តោត​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ដល់​អ្នក​បង្កើត​គោលនយោបាយ អំពី​និន្នាការ​ចុងក្រោយ​បំផុត​នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (4IR) សិក្ខា​សាលានេះ​បានរៀប​ចំឱ្យមាន​ការពិភាក្សា​ជា​ក្រុម​ដោយ​មានការចូលរួមពី​សំណាក់ឯកឧត្តម ​សារុន រិទ្ធា រដ្ឋ​លេខាធិការក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៃ​ប្រទេស​កម្ពុជា បណ្ឌិត Pichet Durongkaveroj អតីត​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល និងសង្គម​នៃប្រទេស​ថៃ បណ្ឌិត​ Sang​hoo​n​ KIM​ សមាជិក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថានកូរ៉េ KIET និង​ជាទីប្រឹក្សារដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាម​ពល (MoTIE) ប្រទេស​កូរ៉េខាងត្បូង និងតំណាង​មក​ពីវិស័យ​ឯកជន ​គឺលោក Victor Zhang នាយក​បច្ចេកទេស (CTO) នៃក្រុមហ៊ុន Huawei Cambodia​ & Laos។

លោក Victor Zhang បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​អំពាវ​នាវ​ឱ្យ​មាន​បច្ចេកវិទ្យា 5G ហើយ​ឥឡូវ​នេះ វា​ដល់​ពេល​ដែល​ត្រូវ​ចាប់​ផ្ដើម​ដាក់​ឲ្យ​ដំណើរការ 5G  ដើម្បី​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​បច្ចេកវិទ្យា​ទំនាក់​ទំនង​ព័ត៌មានវិទ្យា ICT ដើម្បី​អាច​សម្រេច​បាន​នូវ​គោល​ដៅ នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ទី៤ (4IR) ។

លោក Victor មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ពិភាក្សា​យ៉ាង​ដូច្នេះ​ថា «ឆ្នាំ២០២០ នឹង​ក្លាយ​ជាគោលដៅដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បច្ចេកវិទ្យា​ទំនាក់​ទំនង​ព័ត៌មានវិទ្យា (ICT) ព្រោះ​វា​ជាឆ្នាំ​ដែល​កត់​សម្គាល់​ពី​ការ​ចាប់ផ្តើម​នៃ​ភាពទូលំទូលាយ​នៃ​ការ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​បច្ចេកវិទ្យា 5G ។ ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើលបច្ចេកវិទ្យា​ 2G, 3G, 4G យើង​អាច​និយាយ​បានថា បច្ចេកវិទ្យា​ទាំងនោះ ភាគ​ច្រើន​គឺ​ជា​ការ​តភ្ជាប់​ទំនាក់​ទំនង​រវាងមនុស្ស។ ចំណែក​ឯ​នៅ​ក្នុង​យុគសម័យ 5G វិញ វា​មាន​លទ្ធភាព​តភ្ជាប់អ្វីៗគ្រប់សព្វបែបយ៉ាង ដោយ​បើក​ចំហ​រាល់​ការ​សហការ​គ្នា​នៅ​ក្នុង​វិស័យ​ឧស្សាហកម្មជាច្រើន។ ខណៈ​ដែល​យើង​កំពុងនិយាយអំពី IR4.0 យើង​ក៏​ចាំ​បាច់​និយាយ​ពី IABC (IoT, AI, Big ​Data, Cloud) និង 5G ផង​ដែរ ដែល​វា​ក៏​ជា​ហេដ្ឋារចនាសម្ព័ន្ធ ICT ដ៏​សំខាន់​មិន​អាច​ខ្វះបាន និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ឌីជីថល​នីយកម្ម។​ ​បើ​គ្មាន 5G នោះ​រាល់​កម្មវិធី​ដែល​បាន​រៀបរាប់​ខាង​លើ​គឺ​មិន​អាចមាន​បានដែរ។»

លោកបន្ថែមទៀតថា «យើង​មាន​មោទកភាពណាស់​ដែល​បាន​ឃើញ​ប្រទេសកម្ពុជា បាន​ដាក់​ឲ្យ​ដំណើរ​ការ​បច្ចេកវិទ្យា 4G របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១២ ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ២ ក្នុង​តំបន់​អាស៊ាន ខណៈ​ពេល​ដែល​យើង​នៅ​យឺត​បន្តិច​ចំពោះ​បច្ចេកទេស 5G។ ការ​ធ្វើ​ឲ្យ​​ចក្ខុវិស័យ​ឌីជីថល​ឲ្យក្លាយ​ជាការ​ពិតទៅបាន តម្រូវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល វិនិយោគិន ​ឧស្សាហកម្មនានា និងសង្គមជាតិទាំងមូល។ ហើយ​ស្នើឲ្យមានទស្សនវិស័យវែងឆ្ងាយសម្រាប់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលមួយដល់អ្នកវិនិយោគ បង្កើនការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា ​និងដាក់ចេញនូវគោលនយោបាយដូចជាការលើកទឹកចិត្តពន្ធដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល ផ្តល់នូវល្បឿនអ៊ិនធឺណិតដ៏លឿន និងផ្តល់នូវធនធាន spectrum ដ៏ប្រសើរ ជាមួយមានគោលការណ៍ប្រដបដោយភាពវិជ្ជមានក្នុងការបំពាក់បច្ចេកវិទ្យា 5G »។

គ្រប់ប្រតិបត្តិករទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យា​ 5G របស់ខ្លួនហើយ ឥឡូវនេះ ពួកគេកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្ម ​5G ហើយបទពិសោធន៍នៃការទទួលយកល្បឿនអ៊ិនធឺណិតចល័តនាពេលបច្ចុប្បន្ននេះ​នឹងអាចត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ដោយបច្ចេកវិទ្យា 5G ហើយក្នុងចំណោ​មប្រជាជនចំនួន ៣.៥ លានគ្រួសារនៅក្នុងប្រទេសកម្ពុជា ​មានតែ ៦% ប៉ុណ្ណោះ​ ដែលមានអ៊ីនធឺណិតប្រើប្រាស់នៅតាមផ្ទះ។ 5G គឺជាបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពបំផុត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់អ៊ីនធឺណិតនៅតាមផ្ទះ។ សហគ្រាសចំនួន ៥ ម៉ឺនសហគ្រាស នៅភ្នំពេញក្រុង ព្រះសីហនុសៀមរាបនិងបាត់ដំបង បច្ចេកវិទ្យា 5Gគឺជាជម្រើសដ៏ត្រឹមត្រូវ សម្រាប់អតិថិជននៃសហគ្រាសទាំងនេះ។»

លោក ​Victor បានបញ្ជាក់ទៀតថា ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដូចជា 5G, Cloud និង AI ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តក្លាយជាស្ថាប័នដែលអាចបង្កើតនូវឌីជីថលសម្រាប់កម្ពុជាក៏ដូចជាអាស៊ាន ដោយផ្តល់ការប្រឹក្សាយោបល់អំពីយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិ គាំទ្រដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅក្នុងឧស្សាហកម្មផ្សេងៗ ការបង្កើតប្រព័ន្ធ​ ecosystem ដ៏ប្រសើរ និងបណ្តុះបណ្តាលកម្លាំងពលកម្មផ្នែកឌីជីថល។នៅក្នុងដំណើរនេះ ក្រុមហ៊ុនHuawei បានបណ្តុះបណ្តាលទេពកោសល្យ ICT រាប់រយនាក់នៅក្នុងប្រទេសកម្ពុជា តាមរយៈការឧបត្ថម្ភនិងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដូចជាកម្មវិធី “គ្រាប់ពូជដើម្បីអនាគត“ និង “Huawei Authorized Information and Network Academy” ជាដើម ហើយសម្រាប់ឆ្នាំ២០២០ ​ក្រុមហ៊ុន Huawei គ្រោងនឹងបង្កើតគំនិតផ្តួចផ្តើមមួយពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតនៃបច្ចេកវិទ្យា 5G ដើម្បីជួយកម្ពុជាក្នុងការបណ្តុះបណ្តាលទេពកោសល្យ 5G ក្នុងស្រុក និងចាប់យកបានកាន់តែប្រសើរសម្រាប់ IR4.0៕

មតិយោបល់