• 2019-11-20 10:14:36
  • ចំណេះដឹង

ស្វែង​យល់​ពី​អត្ថន័យ​នៃ​សញ្ញា​ដែល​នៅ​​ផ្នែក​ខាង​ក្រោយ​សម្បក​ទូរសព្ទ

  • 2019-11-20 10:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​​ប្រើ​ប្រាស់​​ទូរសព្ទ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​តើ​សញ្ញា​ចម្លែកៗ​​ដូច​ជា​ សញ្ញា​ធុង​សំរាម​ អក្សរ​ ឬ​លេខ​ ​ដែល​នៅ​ខាង​ក្រោយ​សម្បក​ទូរសព្ទ​របស់​ពួក​គេ​មាន​អត្ថន័យ​បែប​ណា។ អ្នក​ឯ​ខ្លះ​ទៀត​ប្រហែល​មិន​បាន​ចាប់​អារម្មណ៍​ថា​​ ទូរសព្ទ​របស់​ខ្លួន​មាន​សញ្ញា​នេះ​​​ផង​ក៏​មិន​ដឹង។

iphone-apple

ខាង​ក្រោម​នេះ​មាន​ការ​ពន្យល់​ពី​អត្ថន័យ​នៃ​សញ្ញា​នីមួយៗ​ដែល​មាន​លើ​ទូរសព្ទ​មួយ​ចំនួន៖

-សញ្ញា​ឧទាន​មាន​រង្វង់​ជុំ​វិញ៖ ក្រុមហ៊ុន​​សេវា​ទូរសព្ទ​​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា​ ភាគ​ច្រើន​ប្រើ​ប្រាស់​នូវ​រលក​សញ្ញា​ប្រេកង់​ខុសៗ​គ្នា ហើយ​សញ្ញា​នេះ​មាន​ន័យ​ថា​ ទូរសព្ទ​នោះ​​អាច​នឹង​ដំណើរ​ការ​​លើ​រលក​សញ្ញា​​ដែល​មិន​ស្រប​ច្បាប់​ចំពោះ​​ប្រទេស​ក្នុង​​សហភាព​​​អឺរ៉ុប​មួយ​ចំនួន។

-អក្សរ​ CE៖ CE ជា​ពាក្យ​កាត់​មក​ពី​ពាក្យ​ពេញ​ថា​ Conformité Européenne ​ហើយ​គេ​ប្រើ​វា​ដើម្បី​បញ្ជាក់​ថា​​ ផលិតផល​នោះ​ត្រូវ​នឹង​កម្រិត​ស្តង់ដារ​សុវត្ថិភាព​ផ្នែក​​អគ្គិសនី​ និង​អេឡិចត្រូ​ម៉ាញេទិច​ របស់​សហភាព​អឺរ៉ុប។ ផលិតផល​ត្រូវ​តែ​មាន​ស្លាក​សញ្ញា​នេះ​ទើប​អាច​លក់​ក្នុង​ប្រទេស​​នៃ​សហភាព​អឺរ៉ុប​បាន។

-FCC៖ ប្រសិន​បើ​ទូរសព្ទ​មាន​សញ្ញា​នេះ​មាន​ន័យ​ថា ​វា​ទទួល​បាន​ការ​បញ្ជាក់​ពី​​ភ្នាក់ងារ​រដ្ឋបាល​ Federal Communications Commission រួច​ស្រេច​ហើយ។ ភ្នាក់ងារ​នេះ​ជា​អ្នក​ត្រួត​ពិនិត្យ​នូវ​រាល់​ប្រព័ន្ធ​ទំនាក់​ទំនង ​(ទូរទស្សន៍​, វិទ្យុ, ខ្សែកាប​​ជា​ដើម​)ពេញ​មួយ​សហរដ្ឋអាមេរិក។

-UL៖ UL តំណាង​ឲ្យ​ពាក្យ​ពេញ​ Underwriters Laboratories ​អង្គភាព​ដែល​ធ្វើ​តេស្ត​កម្រិត​សុវត្ថិភាព​នៃ​ផលិតផល​អេឡិចត្រូនិក​ជា​ច្រើន។ ផលិតផល​ដែល​មាន​សញ្ញា​នេះ​មាន​ន័យ​ថា​ បាន​ទទួល​ស្គាល់​ពី​អង្គភាព​ UL។

-សញ្ញា​រង្វង់​ដែល​មាន​សញ្ញា​គ្រីស​ពី​ក្នុង៖ ​​​​​​​​​ត្រូវ​បាន​គេ​ហៅ​ថា​សញ្ញា​ Ctick ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អាជ្ញាធរ​ Australian Communications Media Authority (ACMA) ដើម្បី​បញ្ជាក់​ថា ​​ផលិតផល​​​​ត្រូវ​នឹង​កម្រិត​ស្តង់ដារ​​ផ្នែក​អេឡិចត្រូ​ម៉ាញេទិច​ ហើយ​អាច​លក់​ក្នុង​ប្រទេស​អូស្ត្រាលី​បាន។

-សញ្ញា​ធុង​សំរាម​ជា​មួយ​សញ្ញា​ខ្វែង៖ សញ្ញា​នេះ​ប្រើ​ប្រាស់​ដោយ Waste Eletrical and Electronic Equipment ​អ្នក​ចាត់​ចែង​ផ្នែក​​គ្រឿង​សំណល់​អេឡិចត្រូនិក​នៃ​សហភាព​អឺរ៉ុប ដែល​តំណាង​ថា​ ផលិតផល​​នេះ​​មិន​គួរ​បោះ​ចោល​ក្នុង​ធុង​សំរាម​នោះ​ទេ​ ដោយ​គួរ​តែ​យក​ទៅ​កែ​ច្នៃ​ឡើង​វិញ។

-សញ្ញា NOM៖ សញ្ញា​​នេះ​តំណាង​ឲ្យ​ការ​ទទួល​​ដោយ​កម្រិត​ស្តង់ដារ​​ពី​ Norma Oficial Mexicana (Official Mexican Standard)។

​​​​​​​-សញ្ញា NYCE៖ ជា​ធម្មតា​សញ្ញា​នេះ​មក​ជា​មួយ​សញ្ញា​ NOM ដែល​នេះ​មាន​ន័យ​ថា ​ផលិតផល​ត្រូវ​បាន​បញ្ជាក់​ពី ​Normalización y Certificación Electrónica ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​កម្រិត​សុវត្ថិភាព​ផលិតផល​អេឡិចត្រូនិក​ក្នុង​ប្រទេស​​ម៉ិកស៊ីកូ។

-សញ្ញា​ VCCI៖ តំណាង​ឲ្យ​ Voluntary Control Council for Interference by Information Technology Equipment។ សញ្ញា​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ជប៉ុន​ដើម្បី​បញ្ជាក់​ថា​ ផលិតផល​ត្រូវ​នឹង​កម្រិត​ស្តង់ដារ​អេឡិចត្រូ​ម៉ាញេទិច។

-លេខ​ចំនួន​បួន​តួ៖ ជា​ទូទៅ​លេខ​នេះ​ច្រើន​ដាក់​ក្បែរ​សញ្ញា​ CE ដែល​សញ្ញា​នេះ​តំណាង​ឲ្យ​ សម្បក​ដែល​ត្រូវ​បាន​ពិសោធ​ និង​បាន​បញ្ជាក់​រួច​ដោយ​ក្រុមហ៊ុន​ជំនាញ​មួយ​​ ហើយ​ត្រូវ​នឹង​កម្រិត​ស្តង់ដារ​របស់​ CE។​ ចំពោះ​លេខ​ 0682 ​នេះ​គឺ​សម្គាល់​ទៅ​លើ​ក្រុមហ៊ុន​ Cetecom ICT Services ជា​អ្នក​ធ្វើ​ការ​វាយ​​តម្លៃ​សម្បកទូរសព្ទ​ឲ្យ​ CE។

​គួរ​បញ្ជាក់​ថា​ចំពោះ​ទូរសព្ទ​មួយ​ចំនួន​គេ​តែង​ឃើញ​សញ្ញា​មួយ​ចំនួន​ខាង​លើ​នៅ​លើ​ថ្ម​នៃ​ទូរសព្ទ​ ដែល​វា​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​សញ្ញា​​លើ​សម្បក​ទូរសព្ទ៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់