• 2019-11-18 02:39:47
  • ព័ត៌មាន

មហោពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ ជាពិព័រណ៍ស្ទែមដើម្បីបរិស្ថានបៃតងដំបូងបង្អស់នៅកម្ពុជា

  • 2019-11-18 02:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំនេះ មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥ នឹងរៀប​ចំ​ឡើង​ជា​លក្ខណៈ​បៃតង និង​មានការល្បង​សមត្ថភាព​អ្នក​ចូលរួម និង​ភ្ញៀវ​ដែល​មក​ចូលរួម​ទស្សនា ឱ្យ​ក្លាយ​ខ្លួន​ជា​វីរជន​បរិស្ថាន ព្រម​ទាំង​ពិចារណា​អំពី​ការ​រួម​ចំណែក​ជា​លក្ខណៈ​បុគ្គល​ដើម្បី​សម្រេច​បាន​បរិស្ថាន​ស្អាត និង​មាន​ចីរភាព។ ​បន្ថែម​ពី​នេះ​​ក៏​មាន​កន្លែង​សម្រាប់​បណ្ដុះបណ្ដាល​វីរជន​បរិស្ថាន​ផង​ដែរ ដែល​អ្នក​អាច​រៀនអំពី​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​អ្នក​អាចផ្លាស់ប្ដូរ​បាន​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​បរិស្ថាន​ស្អាត​ទាំង​អស់​គ្នា។

សកម្មភាពមហោស្រពលើក ១៤

កញ្ញា ឡូរ៉ា ម៉ម ដែល​ជា​អ្នកចម្រៀង សរសេរ​ចម្រៀង និង​ជា​អ្នកបរិស្ថាន រួមទាំង​សិល្បៈករ​ផ្សេងៗ​ទៀត មក​ពី​ផលិតកម្ម​បារមី នឹង​ចូលរួម​ជា​មួយ​យុវជនវ័យ​ក្មេង​របស់​កម្ពុជា​ដ៏​ឆ្នើម​បំផុត នា​ឱកាស​មហោ​ស្រព​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥។

ការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ស្ទែមនេះនឹង​កៀរគរ​បណ្ដា​សហគមន៍​ស្ទែម​ដ៏​មោះមុត​ជុំវិញ​ការ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ ជា​មួយ​កញ្ញា ឡូរ៉ា ម៉ម និង​សិល្បករ​បារមី​ដែល​នឹង​ផ្ដល់​ការ​កម្សាន្ត​ដល់​អ្នក ក្នុង​នោះ​ដែរ​​នឹង​​មានគម្រោងស្ទែមរបស់សិស្សដ៏អស្ចារ្យ​ជាង​ ២០០ ​គម្រោង​ដាក់​តាំង​បង្ហាញ​ ការ​ប្រកួតប្រជែងរ៉ូបូត សកម្មភាព​កុមាររីករាយ និង​បាឋកថា​ស្ទែម ដើម្បីបំផុសគំនិតអ្នក ហើយអ្នកពិតជាមិនចង់បាត់បង់ឱកាសនេះឡើយ។

ព្រឹត្តិការណ៍មហោស្រពឆ្នាំនេះគឺកាន់តែធំ និងប្រសើរជាងឆ្នាំមុនៗ ក្រោម​ការរៀប​ចំ​របស់​អង្គការ​ពិព័រណ៍វិទ្យាសាស្រ្ត​កម្ពុជា និង​ការគាំទ្រ​ដ៏ខ្ពង់ខ្ពស់​របស់​ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងបរិស្ថាន។

លោកស្រី​បណ្ឌិត Una McCarthy-Fakhry

នាយិកាអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា លោកស្រី​បណ្ឌិត Una McCarthy-Fakhry បាន​ថ្លែង​ថា ៖ «ការ​កសាង​កម្លាំង​ការងារ​សម្បូរបែប​ជា​មួយ​នឹង​ជំនាញ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​នវានុវត្តន៍ និង​ការ​គិត​បែប​ត្រិះរិះ គឺ​មាន​សារៈ​សំខាន់ណាស់​ មិនមែន​ត្រឹម​តែ​សម្រាប់​ការ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្ដល់​ឱ្យ​យើង​នូវបរិស្ថាន​ល្អ​ស្អាត ដែល​យើង​គ្រប់គ្នា​អាច​ហៅ​បាន​ថា “ផ្ទះ”។ យើង​អាច​សម្រេច​គោល​បំណង​ទាំង​នេះ​បាន​តាម​រយៈការ​អប់រំ​ស្ទែម។»

មហោ​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ និង​សុក្រ ទី២៩ ខែវិច្ឆិកា នៅ ដឹព្រេមៀ សេនធ័រ​សែន​សុខ ចាប់ពី​ម៉ោង ៨ ព្រឹកទៅ។ សូមចូលរួមទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://stemcambodia.org/

អត្ថបទ៖ សុខហេង

មតិយោបល់