• 2019-11-14 04:47:16
  • ផលិតផលថ្មី

ទូរសព្ទបត់ Motorola តម្លៃ ១៥០០ ដុល្លារ ចេញជាផ្លូវការ (វីដេអូ)

  • 2019-11-14 04:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ម៉ូដែល​ Razr ដ៏​ល្បី​ល្បាញ​របស់ Motorola ក្នុង​ជំនាន់​មុន បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ស្មាតហ្វូន​ Android ដែល​អេក្រង់​របស់​វា​អាច​បត់​បាន​ជា​ពីរ ហើយ​វា​ត្រូវ​បាន​ប្រកាស​ចេញ​ជា​​ផ្លូវ​ការ​មុន​នេះ​បន្តិច។

Razr ស៊េរី​ឆ្នាំ ២០១៩ នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល ប៉ុន្តែ​គ្រាប់​ចុច​ T9 និង​អេក្រង់ LCD តូច​របស់​វា ត្រូវ​ជំនួស​ដោយ​អេក្រង់ OLED ​ទំហំ ៦,២ អ៊ីញ អាច​បត់​បាន​និង​ដំណើរ​ការ​ដោយ​ Android 9 Pie។ វា​នឹង​ដាក់​លក់​លើ​ទីផ្សារ​នា​ខែ​មករា​​ ឆ្នាំ​ក្រោយ ជា​មួយ​តម្លៃ ១​ ៤៩៩ ដុល្លារ។

ចំណុច​លេច​ធ្លោ​បំផុត​របស់​ស្មាតហ្វូន​នេះ​គឺ​អេក្រង់​ផ្ទាល់​តែ​ម្ដង ដែល​វា​អាច​បត់​ជា​ពីរ​បាន។ អេក្រង់​នេះ​​គឺ​មាន​ក្បាល​ឆក​សម្រាប់​ដាក់​នូវ​រន្ធ​បញ្ចេញ​សំឡេង និង​កាមេរ៉ា។ ពេល​បត់​ចូល​គ្នា នៅ​ផ្នែក​ខាង​ក្រៅ​គឺ​មាន​អេក្រង់​ទី​ពីរ​ទំហំ ២,៧ អ៊ីញ ប្រភេទ OLED ដែល Motorola ហៅ​វា​ថា​អេក្រង់ Quick View។ វា​អាច​បង្ហាញ​នូវ​ដំណឹង, បញ្ជា​​ការ​ចាក់​ចម្រៀង និង​អាច​ប្រើ​សម្រាប់​ការ​ថត Selfie បាន​ទៀត។

លក្ខណៈ​សម្បត្តិ​របស់​វា​មាន​ដូច​ជា​ប្រើ​បន្ទះ​ឈីប Snapdragon 710, RAM ទំហំ ៦GB, អង្គ​ផ្ទុក ១២៨GB, កាមេរ៉ា​មេ​ទំហំ ១៦ MP ដែល​មាន​នូវ​មុខងារ Night Vision, កាមេរ៉ា​ខាង​ក្នុង​ទំហំ ៥MP, ប្រើ​រន្ធ USB-C, មាន​ eSIM និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ៕​​

ចុចអាន ៖ ចេញរូបរាង Galaxy A51 មានចោះរន្ធអេក្រង់ ហើយដាក់កាមេរ៉ាក្រោយ ៤គ្រាប់

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់