• 2019-10-14 02:11:14
  • ព័ត៌មាន

មកដឹងថ្លៃដើមចំណាយលើ iPhone 11 Pro Max ដែលលក់តម្លៃជាង ១ ពាន់ដុល្លារ

  • 2019-10-14 02:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សហរដ្ឋអាមេរិក​ អ្នក​ត្រូវ​ចំណាយ​ ៦៩៩ ដុល្លារ​ លើ iPhone 11 និង​​ខ្ពស់​ដល់​ ១​ ៤៤៩ ដុល្លារ​សម្រាប់ iPhone 11 Pro Max ទំហំ ៥១២GB។ TechInsights បាន​ធ្វើ​ការ​សិក្សា​លើ​តម្លៃ​​នៃ​គ្រឿង​បន្លាស់​លើ iPhone 11 Pro Max ទំហំ ៥១២GB ដែល​បង្ហាញ​ថា​អេក្រង់​ និង​កាមេរ៉ា​ជា​ផ្នែក​ថ្លៃ​ជាង​គេ។

TechInsights បាន​​ឲ្យ​ដឹង​ថា​​អេក្រង់​ទំហំ ៦,៥ អ៊ីញ​របស់ iPhone នេះ​មាន​តម្លៃ​ ៦៦,៥ ដុល្លារ ចំណែក​កាមេរ៉ា​ ៣ គ្រាប់​មាន​តម្លៃ​សរុប ៧៣,៥ ដុល្លារ ដែល​វា​ជា​ផ្នែក​ថ្លៃ​ជាង​គេ។ ថ្ម​ផ្គត់ផ្គង់​ដោយ Samsung មាន​តម្លៃ​ ១០,៥ ដុល្លារ ហើយ​បន្ទះ​សៀគ្វី Proscessor និង​ Modem តម្លៃ​ប្រមាណ​ ១៥៩ ដុល្លារ។ Sensor, ខ្សែ​ភ្លើង, PCB និង​គ្រោង​ឆ្អឹង​មាន​តម្លៃ​សរុប​ ១៨១ ដុល្លារ។

សរុប​ជា​មួយ​គ្រឿង​បន្លាស់ iPhone 11 Pro Max មាន​តម្លៃ ៤៩០,៥ ដុល្លារ។ យ៉ាងណាក្ដី​​ការ​សិក្សា​របស់ TechInsights មិន​បាន​រួម​បញ្ចូល​ថ្លៃ​ផលិត, ថ្លៃ​ដំឡើង, ថ្លៃ​ដឹក​ជញ្ជូន, Software, ការ​ធ្វើ​ទីផ្សារ និង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នោះ​ទេ។

គួរ​ដឹង​ថា iPhone XS Max ដែល​ចេញ​ឆ្នាំ​ទៅ​មាន​តម្លៃ​គ្រឿង​បន្លាស់ ៤៤៣ ដុល្លារ ហើយ iPhone X មាន​តម្លៃ​តិច​ជាង ៤០០ ដុល្លារ។ គួរ​កត់​សម្គាល់​នោះ​គឺ Apple បាន​សន្សំសំចៃ​ច្រើន​លើ​ថ្លៃ​ចំណាយ​នៃ​អេក្រង់ ដែល​កាល​ជំនាន់ iPhone XS Max អេក្រង់​នេះ​មាន​តម្លៃ ៨០,៥ ដុល្លារ។ ប៉ុន្តែ​កាមេរ៉ា​ភ្លោះ​លើ​​ iPhone XS Max ​មាន​តម្លៃ​តែ ៤៤ ដុល្លារ​ប៉ុណ្ណោះ៕

ចុចអាន ៖ ជោគជ័យ​ការ​លក់ iPhone 11 រុញ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់ Apple ឡើង​ខ្ពស់​មិន​ធ្លាប់​មាន

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់