• 2019-10-11 04:03:21
  • ព័ត៌មាន

Apple លុបកម្មវិធីបាតុកម្មនៅហុងកុងជាលើកទីពីរ ក្រោយរងសម្ពាធពីចិន

  • 2019-10-11 04:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលា ក្រុមហ៊ុន Apple បាន​ដក​ចេញ​នូវ​កម្មវិធី​ HKmap Live ​ចេញ​ពី App Store ដែល​ជា​កម្មវិធី​ទាក់ទង​នឹង​ការ​បាតុកម្ម​នៅ​ហុងកុង ក្រោយ​មក​ក្រុមហ៊ុន​នេះ​ប្ដូរ​គំនិត​អនុញ្ញាត​ឲ្យ​កម្មវិធី​នេះ​មាន​លើ App Store វិញ ប៉ុន្តែ​​ចុង​ក្រោយ​បំផុត​នេះ Apple បាន​ប្ដូរ​ទិសដៅ​ម្ដង​ទៀត​ដោយ​លុប​កម្មវិធី​ចេញ​វិញ។

សកម្មភាព​លុប​ចេញ​លើក​ទីពីរ​នេះ កើត​មាន​ឡើង​ក្រោយ​មាន​ការ​​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​រដ្ឋ​ចិន​ People's Daily។ សារព័ត៌មាន​រដ្ឋ​ចិន​​បាន​ធ្វើ​ការ​រិះគន់​​ខ្លាំង​លើ​ការ​សម្រេច​ចិត្ត​របស់ Apple ដែល​អនុញ្ញាត​ឲ្យ​កម្មវិធី HKmap Live មាន​វត្តមាន​លើ​ App Store។

​​​សារព័ត៌មាន​ People's Daily បាន​សរសេរ​ថា ៖ "ការ​អនុញ្ញាត​របស់ Apple ​លើ​កម្មវិធី​ ច្បាស់​ណាស់​គឺ​ជា​ការ​ជួយ​​អ្នក​បង្ក​ចលាចល។ តើ​នេះ​មាន​ន័យ​ថា​ Apple មាន​បំណង​​ធ្វើ​ជា​អ្នក​ផ្សំ​គំនិត​ជា​មួយ​អ្នក​បង្កចលាចល​ឬ?...គ្មាន​នរណា​ចង់​អូស​ទាញ Apple ចូល​ក្នុង​ភាព​ចលាចល​នៅ​ហុងកុង​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​ទូទៅ​មាន​ហេតុផល​សន្និដ្ឋាន​ថា ​Apple កំពុង​ឡូកឡំ​រវាង​​ការ​រកស៊ី និង​នយោបាយ និង​ទង្វើ​ខុស​ច្បាប់​ទៀត​ផង។ Apple ត្រូវ​គិត​​អំពី​ផល​វិបាក​នៃ​ការ​សម្រេច​ចិត្ត​មិន​សម​ហេតុផល និង​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​របស់​ខ្លួន។”

ទន្ទឹម​នឹង​នេះ New York Times បាន​ចុះ​ផ្សាយ​ដែរ​ថា​ Apple បាន​លុប​កម្មវិធី HKmap Live ជា​លើក​ទីពីរ​ចេញ​ពី App Store ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​​អ្នក​អនុវត្តន៍​ច្បាប់​នៅ​ហុងកុង។

កម្មវិធី​ HKmap Live ​អាច​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ដឹង​អំពី​សកម្មភាព​ប៉ូលិស​នៅ​លើ​ដង​វិថី​ទីក្រុង​ហុងកុង ដែល​អាច​ឲ្យ​ក្រុម​បាតុករ​គេច​ពី​ប៉ូលិស​បាន​ ហើយ​វា​ក៏​អាច​ឲ្យ​ពលរដ្ឋ​​គេច​ចេញ​ពី​ទីតាំង​ដែល​កើត​មាន​ជម្លោះ​រវាង​សមត្ថកិច្ច​ និង​បាតុករ​ផង​ដែរ៕

ចុចអាន ៖ កើតចម្រូងចម្រាស ក្រោយ Apple ដកកម្មវិធីបាតុកម្មនៅហុងកុង ចេញពី App Store

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់