• 2019-09-28 00:00:00
  • ព័ត៌មាន

មន្រ្តីកម្ពុជា ទៅសិក្សារបៀបគ្រប់គ្រង និងរបៀបដេញថ្លៃផ្លាកលេខ​ពិសេសពីហុងកុង

  • 2019-09-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹង​ការចែក​រំលែក​នូវ​បទពិសោធន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​ ​កម្ពុជា​នឹងអាច​ប្រើ​នូវ​គំនិត​ជា​គន្លឹះ​សំ​ខាន់​ៗ​ ​ដើម្បី​រៀបចំ​លិខិត​បទដ្ឋាន​ ​ក៏ដូចជា​ត្រៀម​យន្តការ​អនុវត្ត​ ​និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​គ្រប់គ្រង​ការចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ​និង​ការ​ដេញថ្លៃ​។​

លោក ​សួន​ ​វ៉ាន់​ហុង​ ​អគ្គនាយករង​

​ជំនួប​ពិភាក្សា​នោះ​ផ្តោត​សំខាន់​ ទៅលើ​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​នៅក្នុង​ការគ្រប់គ្រង​យានយន្ត​ ​ការ​ចេញ​អាជ្ញា​ប័ណ្ណ​ឱ្យ​យានយន្ត​អាច​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​សាធារណៈ​ ​ការ​ស្នើសុំ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ​និង​ការ​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ​ ​រដ្ឋបាល​នៃ​ទីក្រុង​ហុងកុង​ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​ ​ក៏ដូចជា​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ជាមួយនឹង​ការគ្រប់គ្រង​ ​និង​ការអនុវត្ត​ច្បាប់​ជុំវិញ​ការ​លក់​លេខ​ចុះបញ្ជី​យានយន្ត​ ​និង​ការអនុវត្ត​ច្បាប់​រឹត​បន្តឹង​ទៅលើ​ការគ្រប់គ្រង​អាជ្ញា​បណ្ណ​របស់​យានយន្ត​ផង​ដែរ​។​

​លោក​ ​សួន​ ​វ៉ាន់​ហុង​ ​អគ្គនាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ ​អមដំណើរ​ដោយ​ ​លោក​ ​ហ៊ា​ង​ ​សុទ្ធា​យុត្តិ​ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ ​និង​ទំនាក់ទំនង​សាធារណៈ​ ​និង​សមាសភាព​ពាក់ព័ន្ធ​ ​នៃ​គណៈកម្មការ​អន្ដរ​ក្រសួង​ ​ដើម្បី​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ ​និង​រថយន្ត​ធុន​ស្រាល​ ​បាន​ជួបពិភាក្សា​ជាមួយនឹង​លោក​ ​Reginald​ ​CHAN​ ​អនុប្រធាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ ​និង​ចេញ​អាជ្ញា​បណ្ណ​យានយន្ត​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដឹកជញ្ជូន​ហុងកុង​​ កាលពីថ្ងៃទី២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​នាយកដ្ឋាន​ដឹកជញ្ជូន​ ​នៃ​ទីក្រុង​ហុងកុង​។​

រូបតំណាង

​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​នូវ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ ​និង​ចេញ​ផ្លាក​លេខ​យានយន្ត​ ​និង​កំពុង​រៀបចំ​នីតិវិធី​ស្នើសុំ​ទៅ​សម្តេច​​ហ៊ុន​ ​សែន​ ​ដើម្បី​ផ្តល់​សុពលភាព​ក្នុង​ការអនុវត្ត​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​មាន​លក្ខណៈ​ពិសេស​បន្ថែម​ដូច​ខាងក្រោម​៖​

  • ​១​)​ ​លេខ​ពិសេស​ផ្ទាល់ខ្លួន​អនុញ្ញាត​អក្សរ​ឡាតាំង​ ​និង​លេខ​មិន​លើស​ពី ៨ខ្ទង់​ ​ដើម្បី​ផ្តល់​ជម្រើស​សំបូរ​បែប​ជូន​ប្រជាពលរដ្ឋ​

  • ​២​) ​ម្ចាស់​យានយន្ត​អាច​រក្សាទុក​លេខ​រថយន្ត​ពេល​ដែល​រថយន្ត​ត្រូវ​បាន​លក់​ ​និង​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឱ្យ​បុគ្គល​ទី២​ ​

  • ​៣​) ​លេខ​ពិសេស​ផ្ទាល់ខ្លួន​មួយចំនួន​នឹង​ត្រូវ​បាន​ដាក់ដេញថ្លៃ​ ​ដើម្បី​ជំរុញ​ការ​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ជូន​រដ្ឋ​។

រំឮកដែរថា ​ទីក្រុង​ហុងកុង​ បាន​អនុវត្ត​យន្តការ​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​ ​តាំងពី​ឆ្នាំ ១៩៩៧ មក​​។​ ​នៅក្នុង​ប្រវត្តិ​នៃ​ការ​ដេញថ្លៃ​លេខ​យានយន្ត​ ​លេខ​ដែល​មានតម្លៃ​ខ្ពស់​ជាងគេ​បំផុត​ ​មានតម្លៃ​រហូត​ទៅដល់ ១៨ លាន​ដុល្លារ​ហុងកុង​ ​ដែល​ស្មើនឹង​ប្រមាណ ២,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​​៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ រក្សា

មតិយោបល់