• 2019-08-13 06:46:45
  • ចំណេះដឹង

ទំនេរៗ! ឆែក​អាគុយ​ឡាន​សិន​មុន​បើក​ចេញ​ទៅ​ក្រៅ

  • 2019-08-13 06:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​អ្នក​ដែល​ប្រើ​ប្រាស់​រថយន្ត​ មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​អាគុយ​ឡាន​ ​ឲ្យ​តែ​ដេរ​ទៅ​​ឆេះ​មិន​សូវ​ខ្វល់​​ច្រើន​ឡើយ​។ មាន​សញ្ញា​ណ​​មួ​យ​ចំនួន អាច​ឲ្យ​អ្នក​ដឹង​​មុន​ថា​អាគុយ​ឡាន​​អ្នក​ជិត​ខូច​ឬ​មិន​សាក​ភ្លើង​។

លោក អ៊ុយ សាខន ជា​គ្រូ​​បណ្ដុះ​បណ្ដាល​បច្ចេកទេស​រថយន្ត​នៅ​សាលា​ JVC បាន​ប្រាប់ Sabay ថា​ អា​គុយ​ឡាន​មាន​ពី​​រ​ប្រភេទ ​គឺ​អាគុយ​ស្ងួត​និង​អាគុយ​ទឹក​។

ចំពោះ​អាគុយ​ស្ងួត​ ពេល​ជិត​ខូច​មិន​កាន់​ភ្លើង គេ​អាច​ពិនិត្យ​មើល​លើ​អា​គុយ​​ បើ​មាន​​ពណ៌​បៃតង​មាន​ន័យ​ថា​វា​នៅ​មាន​ថាមពល​អាច​នៅប្រើប្រាស់​បាន​​ បើ​ឃើញ​ពណ៌​ក្រហម​វា​ជិត​អស់ថាមពលជិត​ដល់ពេលប្តូរ​ថ្មី​ហើយ​​ តែ​បើ​ពណ៌​ស​​ត្រូវ​តែ​ប្តូរ​ចេញ​តែ​ម្តង​។

លោក​បន្ត​ថា ចំពោះ​អា​គុយ​ទឹក​វិញ ​ពេល​ណា​វា​អស់​គុណភាព​ឬ​ខូច​ អាច​មើល​ឃើញ​ដោយ​ធុងអាគុយ​រាង​ប៉ោង​មាន​ស្នឹម​លើ​ក្បាល​អា​គុយ​ច្រើន​ ហើយ​កម្រិត​ទឹក​អាស៊ីដ​ធ្លាក់​ចុះ​ឬ​ក៏​រីង​តែ​ម្ដង​ និង​អាច​មាន​ស្នឹម​នៅ​លើ​ក្បាល​អាគុយ។

លើស​ពី​នេះ​នៅ​ពេល​​យើង​ដេរ​បញ្ឆេះ ​វា​មិន​ងាយ​ឆេះ​នោះទេ​​ ដែល​បញ្ជាក់​ថា​វា​ជិត​ខូច​ហើយ។ ក្រៅ​ពី​នេះ​វាក៏​​នឹង​លោត​​សញ្ញា​បង្ហាញ​នៅ​តាប​ឡូ​រថយន្ត​ថា ​អា​គុយមាន​​បញ្ហា​មិន​កាន់​ភ្លើង​ឬ​មួយ​ឌីណាម៉ូ​មិន​សាកភ្លើង​ជាដើម​។ ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ ​អាច​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​មក​ពិនិត្យ​បន្ថែម​ក៏​បាន។

ចំពោះ​វិធី​ងាយៗ​ដើម្បី​ថែរក្សា​ លោក​ប្រាប់​ថា​ ​ត្រូវ​ជ្រើសរើស​ប្រភេទ​អា​គុយ​ឱ្យ​ត្រូវ​នឹង​កម្លាំង​ម៉ាស៊ីន​រថយន្ត​ដែល​ក្រុមហ៊ុន​កំណត់​។ ​ពេល​ដេរ​បញ្ឆេះ​ម្ដង​ជា​២​ដង​មិន​ឆេះ​ ​កុំ​ព្យាយាម​ដេរ​ទៀត​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អា​គុយ​ឆាប់​ខូច​។

លោក​បន្ថែម​ថា ក្នុង​១​សប្ដាហ៍​បើ​មិន​ចេញ​ដំណើរ​ទៅណា​​ ក៏​ត្រូវ​បញ្ឆេះ​រថយន្ត​ពី ​៣​ ទៅ​ ៥ ​នាទី​ ដើម្បី​បំពេញ​ថាមពល​ឡើង​​វិញ។ ក្រៅពី​នេះ ក៏​​ត្រូវ​ដុស​សម្អាត​ក្រចាប់​អា​គុយ (លាង​សម្អាត់​ជាមួយ​ទឹកក្ដៅ)​ ​ឱ្យ​បាន​ស្អាត​កុំ​ឱ្យ​វាមាន​​ស្នឹម​ឬ​ច្រែះ​នៅ​លើ​ក្បាល​អា​គុយ៕

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់