• 2019-07-08 04:00:50
  • ចំណេះដឹង

រឿង​មួយ​ចំនួន​ទាក់​ទង​ Lexus RX អ្នក​ប្រហែល​មិន​ធ្លាប់ដឹង

  • 2019-07-08 04:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus RX អាច​ចាត់​ទុក​ថា​ជា​រថយន្ត​​ដ៏​ពេញ​និយម​ពេញ​មួយ​ម៉ូដែល​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មាន​ច្រើន​ស៊េរី​ខុសៗ​គ្នា មាន​ទាំង​ទាំង​ស៊េរី​ចាស់​ និង ស៊េរី​ថ្មី។ ទាក់​ទង​នឹង​ Lexus RX នេះ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​ប្រហែល​មិន​ដឹង។

ចាប់​តាំង​ពី​​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន​ដែល​ជា​ទឹក​ដី​កំណើត​កាល​ពី​ឆ្នាំ ១៩៩៧ មក​ Lexus RX ​​បង្កើត​ចេញ​បាន​ ៤ ជំនាន់​ហើយ។ ពី​មួយ​ជំនាន់​ៗ​រូបរាង​របស់​ Lexus RX មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ប៉ុន្មាន​នោះ​ទេ។

​​​ជំនាន់​ទី​មួយ (១៩៩៧ - ២០០៣)

Toyota Harrier ឆ្នាំ ១៩៩៨

រថយន្ត​ Lexus RX ជំនាន់​ដំបូង​បាន​ចេញ​លក់​នៅ​ប្រទេស​ជប៉ុន​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​ ១៩៩៧ ដោយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​រថយន្ត​នេះ​មាន​ឈ្មោះ​ថា​ Toyota Harrier ប៉ុន្តែ​​​សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក​គេ​​បាន​ប្រើ​ឈ្មោះ​ Lexus RX។ ពាក្យ RX ​នេះ​​​តំណាង​ឲ្យ​ពាក្យ​ពេញ​ថា​ Radiant Crossover ហើយ​សម្រាប់​ជំនាន់​ទី​មួយ​មាន​អម​ដោយ​លេខ 300 (Lexus RX 300)។

Lexus RX 300 ឆ្នាំ ១៩៩៨

Lexus RX ជំនាន់​ទី​មួយ​មាន​ជម្រើស​ម៉ាស៊ីន​ ៣ ផ្សេងៗ​គ្នា​សម្រាប់​លក់​ក្នុង​ស្រុក​ និង សម្រាប់​នាំ​ចេញ​​ក្នុង​រួម​មាន​ម៉ាស៊ីន​ Inline-4 ទំហំ ២,២ លីត្រ; Inline-4 ទំហំ ២,៤ លីត្រ និង មាស៊ីន​ V6 ទំហំ ៣ លីត្រ។ នៅ​ឆ្នាំ ២០០០ RX 300 បាន​កែ​សម្រួល​ត្រង់​ចង្កៀង​មុខ និង ចង្កៀង​ក្រោយ​​ និង​បាន​បន្ថែម​ជម្រើស​ពណ៌​ថ្មី​ ពណ៌​ក្រហម។ RX 300 លក់​ចេញ​បាន​សរុប​ ៣៧០ ០០០ គ្រឿង​ក្រោយ​​សម្រាប់​ការ​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​រយៈពេល​ ៥ ឆ្នាំ។

ជំនាន់​ទី​ពីរ (២០០៣ - ២០០៨)​​

Toyota Harrier ឆ្នាំ ២០០៣

នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០០៣ រថយន្ត​ Toyota Harrier បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ​មាន​ជម្រើស​ម៉ាស៊ីន Inline-4 ទំហំ ២,៤ លីត្រ និង ម៉ាស៊ីន​ V6 ទំហំ ៣ លីត្រ។ ដោយ​ឡែក​ចំពោះ​ Lexus RX ជំនាន់​ទីពីរ​វិញ​បាន​បង្ហាញ​ខ្លួន​នៅ​តំបន់​អឺរ៉ុប និង អាស៊ី​​អំឡុង​ដើម​ឆ្នាំ​ ២០០៣ ដោយ​លក់​​ក្នុង​ម៉ូដែល​ជា RX 300 និង​ ផលិត​នៅ​ប្រទេស​ជប៉ុន។ សិង្ហបុរី​ជា​ទីផ្សារ​ក្នុង​អាស៊ី​ដែល RX 300 ជំនាន់​មុន​លក់​​ដាច់​បាន​លទ្ធផល​​ល្អ​ប្រពៃ។ RX 300 ជំនាន់​ទី​ពីរ​មាន​ប្រើ​ម៉ាស៊ីន​ V6 ទំហំ ៣ លីត្រ។

ដោយ​ឡែក​ចំពោះ​អាមេរិក​ខាង​ជើង​វិញ​រថយន្ត​ RX ជំនាន់​ទី​ពីរ​ក្នុង​បាន​ដាក់​លក់​ដោយ​មាន​ឈ្មោះ​ជា RX 330 នេះ​ក៏​ព្រោះ​តែ​ម៉ាស៊ីន​ V6 ​ដែល​បំពាក់​មាន​ទំហំ ៣,៣ លីត្រ។ គ្រប់​​ RX 330 ដែល​លក់​នៅ​អាមេរិក​ខាង​ជើង​សុទ្ធ​តែ​ផលិត​នៅ​ជប៉ុន រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ ២០០៣ ទើប​សង្វាក់​ផលិត​កម្ម​ RX 330 បាន​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ខេត្ត​ Ontario ប្រទេស​កាណាដា។

Toyota Harrier Hybrid ឆ្នាំ ២០០៥

បន្ត​មក​ទៀត​​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០០៥ Toyota Harrier ​ប្រភេទ​ម៉ាស៊ីន​ Hybrid បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃ​តែ​មួយ​ជា​មួយ​នឹង Toyota Highlander Hybrid។ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០០៥ Lexus RX ប្រើ​ម៉ាស៊ីន​ Hybrid ដំបូង​ក៏​បាន​ចាប់​ផ្ដើម​ចេញ​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ ដោយ​មាន​ឈ្មោះ​ RX 400h។ ចំពោះ​ផ្នែក​ម៉ាស៊ីន​ដែល​ប្រើ​សាំង​របស់​ RX 400h គឺ​ម៉ាស៊ីន V6 ​ទំហំ ៣,៣ លីត្រ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ម៉ាស៊ីន​ RX 330 មែនទែន។

Lexus RX 400h

ប្រព័ន្ធ​ម៉ាស៊ីន​លើ​ RX 400h និង Toyota Harrier ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ដែល​ប្រើ​ប្រេង​សាំង​នឹង​បិទ​ដំណើរ​ការ​របស់​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ និង រត់​ដោយ​ម៉ាស៊ីន​អេឡិចត្រូនិក​ទាំង​ស្រុង នៅ​ពេល​រថយន្ត​នៅ​ស្ងៀម, បង្អង់​ល្បឿន ឬ រត់​ក្នុង​ល្បឿន​យឺត​តិច​ជាង ៦០ គ.ម/ម៉។

នៅ​ឆ្នាំ​ ២០០៦ សម្រាប់​ម៉ូដែល​​ឆ្នាំ ២០០៧ រថយន្ត​ RX ទទួល​បាន​ការ​អាប់ដេត​ថ្មី​ដោយ​​សម្រាប់​ម៉ូដែល​មិន​ Hybrid បាន​ប្ដូរ​ពី​ម៉ាស៊ីន V6 ទំហំ ៣,៣ លីត្រ​មក​ប្រើ​ម៉ាស៊ីន ៣,៥ លីត្រ​វិញ និង បាន​អាប់ដេត​ឈ្មោះ​ទៅ​ជា RX 350។

ជំនាន់​ទីបី (២០០៨ – ២០១៥)

​​​​​​​​​​Lexus បាន​បង្ហាញ​ RX ជំនាន់​ទីបី​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​ ឆ្នាំ ២០០៨ ហើយ​ការ​ចេញ​លក់​នៅ​អាមេរិក​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០០៩ ដោយ​ជា​ម៉ូដែល​ឆ្នាំ ២០១០ ដោយ​ប្រើ​ម៉ាស៊ីន​ V6 ទំហំ ៣,៥ លីត្រ​ដដែល។ បញ្ជាក់​ថា​ចាប់​ពី​ឆ្នាំ ២០០៨ ​ម៉ូដែល Toyota Harrier ​មិន​ទទួល​បាន​ការ​អាប់ដេត​ចេញ​ជំនាន់​ថ្មី​ឡើយ រហូត​ដល់​ឆ្នាំ ២០១៣ ទើប Toyota បាន​បញ្ចេញ​ Harrier ម៉ូដែល​ថ្មី ប៉ុន្តែ​វា​បាន​ក្លាយ​ជា​​ម៉ូដែល​ឯករាជ្យ​មួយ​ផ្សេង ដោយ​មិន​លាយ​ឡំ​ជា​មួយ​ Lexus RX ទៀត​នោះ​ទេ។

Toyota Harrier ឆ្នាំ ២០១៣

ចំពោះ RX ប្រភេទ Hybrid ជំនាន់​​ថ្មី​ក៏​បាន​ប្រកាស​ចេញ​ពេល​ដំណាល​គ្នា​ជា​មួយ​ Lexus RX 350 ជំនាន់​ទីបី​ដែរ ដោយ​មាន​​ប្រើ​ម៉ាស៊ីន​ V6 ទំហំ ៣,៥ លីត្រ អម​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​ដែល​អាច​បង្កើត​កម្លាំង​បាន ២២ សេះ។ RX ជំនាន់​ថ្មី​ត្រូវ​បាន​គេ​ប្រើ​ឈ្មោះ​ RX 450h។

Lexus RX 450h ឆ្នាំ ២០១០

នៅ​ខែ​សីហា ឆ្នាំ ២០១០ Lexus ចាប់​ផ្ដើម​បញ្ចេញ​ RX 270 ដែល​មាន​​ម៉ាស៊ីន​ Inline-4 ទំហំ ២,៧ លីត្រ ​សម្រាប់​ប្រទេស​ចិន, ជប៉ុន និង រុស្សី។ RX 270 មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ម៉ូដែល​ផ្សេងៗ និង បញ្ចេញ​ឧស្ម័ន​ពុល​ក្នុង​បរិមាណ​តិច​តួច។ ការ​បញ្ចេញ​ RX 270 នេះ​ដែរ​​ក៏​ដើម្បី​ជៀស​វាង​ពី​ការ​បង្អាក់​នៃ​​ច្បាប់​​ថ្មី​របស់​ប្រទេស​ចិន​ដែល​គិត​ពន្ធ​ខ្ពស់​លើ​រថយន្ត​មាន​ម៉ាស៊ីន​ទំហំ​ធំ​ជាង ៣,០ លីត្រ។

Lexus RX 270

នៅ​ខែ​មីនា ឆ្នាំ ២០១២ Lexus បាន​បញ្ចេញ​ RX 350 និង RX 450h ប្រភេទ Facelift ដែល​មាន​​កង់​ថ្មី, ពណ៌​ខាង​ក្នុង​ថ្មី និង មាន​ចង្កៀង​មុខ​/ក្រោយ​ រចនា​រូបរាង​ថ្មី។ Facebook ម៉ូដែល RX 350 និង RX 450h បាន​​ចាប់​ផ្ដើម​លក់​ជុំវិញ​ពិភពលោក​​នៅ​ខែ​មេសា ឆ្នាំ ២០១២ ចំណែក​​ប្រភេទ​មួយ​ទៀត 450h​ F Sport ចាប់​ផ្ដើម​លក់​នៅ​ខែ​កក្កដា ឆ្នាំ​តែ​មួយ។ ​​​​​

Lexus RX 450h Facelift

ជំនាន់​ទី​បួន (២០១៥ – បច្ចុប្បន្ន)

RX ជំនាន់​ទី​បួន​បាន​បង្ហាញ​ខ្លួន​នៅ​ខែ​មេសា ឆ្នាំ ២០១៥ ដែល​មាន​ការ​រចនា​រូបរាង​កាន់​តែ​ទាក់​ភ្នែក និង មាន​ប្រើ​ម៉ាស៊ីន V6 ទំហំ ៣,៥ លីត្រ​សម្រាប់​ប្រភេទ​ធម្មតា។ ចំពោះ​ប្រភេទ Hybrid មាន​ប្រើ​ម៉ាស៊ីន​ V6 ទំហំ ៣,៥ លីត្រ​ដូច​គ្នា ដោយ​គួប​ផ្សំ​នឹង​ម៉ូទ័រ​អេឡិចត្រូនិក​អាច​បង្កើត​កម្លាំង​បាន​សរុប​ ៣០៨ សេះ។ លើស​ពី​នេះ​ Lexus ក៏​មាន​ផ្ដល់​ជូន​​ប្រភេទ​​ប្រើ​ម៉ាស៊ីន​​ Inline-4 ទំហំ ២ លីត្រ Turbocharge ​ផង​ដែរ​ ដោយ​មាន​ឈ្មោះ​ថា Lexus RX 200t ប៉ុន្តែ​ប្រភេទ​នេះ​មិន​មាន​លក់​នៅ​អាមេរិក​ខាង​ជើង​ទេ។

RX 200t ឆ្នាំ ២០១៦

គិត​ត្រឹម​ខែ​មេសា​ ឆ្នាំ ២០១៥ Lexus ​បញ្ចេញ​ទិន្នន័យ​ឲ្យ​ដឹង​ថា​​អាច​លក់​រថយន្ត​ RX ​គ្រប់​ប្រភេទ​សរុប​បាន​ ២,‌១ លាន​គ្រឿង។ Lexus RX 400h និង 450h ថែម​ទាំង​ជា​រថយន្ត​ Hybrid លក់​ដាច់​ជាង​គេ​របស់​ Lexus ទៀត​ផង​ ដោយ​​គិត​ត្រឹម​ខែ​មីនា ឆ្នាំ ២០១៦ អាច​លក់​បាន​ ៣៣៥ ០០០ គ្រឿង៕

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់