• 2019-06-20 03:19:42
  • ព័ត៌មាន

Apple គិត​រើ​ការ​ផលិត iPhone ខ្លះៗ​ចេញ​ពី​ចិន ទៅ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​

  • 2019-06-20 03:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Nikkei បាន​ឲ្យ​ដឹង​ថា​ Apple កំពុង​ពិចារណា​រើ​ការ​ផលិត​គ្រឿង Hardware របស់​ខ្លួន​​ចន្លោះ​ ១៥% ទៅ ៣០% ចេញ​ពី​ប្រទេស​ចិន។ Apple បាន​បង្កើត​ក្រុម​មួយ​ដើម្បី​ពិនិត្យ​មើល​ការ​រើ​សង្វាក់​ផលិតកម្ម និង​បាន​សួរ​ដៃ​គូ​ផលិត​ធំ​ៗ​ដូច​ជា Foxconn, Pegatron និង Wistron ដើម្បី​វាយ​តម្លៃ​លើ​ជម្រើស​ដែល​មាន។

ការ​ជំរុញ​ដល់​ការ​រើ​នេះ គឺ​ដោយ​សារ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កើត​មាន​រវាង​ចិន និង​អាមេរិក ដែល​រំពឹង​ថា​នឹង​កាន់​តែ​អាក្រក់​ឡើង​​នៅ​ចុង​ខែ​នេះ ពេល​ដែល​ការ​ដំឡើង​ពន្ធ ២៥% ​លើ​ទំនិញ​​ត្រូវ​ចាប់​ផ្ដើម។ យ៉ាងណាក្ដី Apple ចង់​រើ​សង្វាក់​ផលិតកម្ម​នេះ ទោះ​​បី​ជា​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ក្ដី។

ថ្នាក់​ដឹក​នាំ​​មក​ពី​ដៃ​គូ​ផ្គត់ផ្គង់​មួយ​របស់ Apple បាន​ប្រាប់ Nikkei ថា ៖ "អត្រា​កំណើត​ទាប ថ្លៃ​ពលកម្ម​កើន​ឡើង និង ភាព​ប្រថុយប្រថាន​លើ​ការ​ពឹង​ផ្អែក​សង្វាក់​ផលិតកម្ម​ក្នុង​ប្រទេស​តែ​មួយ។​ ទោះ​បី​ជា​មិន​មាន​សង្គ្រាម​ពាណិជ្ជកម្ម ក៏​ Apple ​​ត្រូវ​ព្រួយ​ចិត្ត​លើ​កត្តា​ទាំង​នេះ​ដែរ​​”។

​​ត្បិត​ថា​លោក ដូណាល់ ត្រាំ តែង​អះអាង​ថា Apple ពេញ​ចិត្ត​នឹង​គំនិត​រើ​ការ​ផលិត​ពី​ចិន​ទៅ​អាមេរិក ប៉ុន្តែ​​ការ​ផលិត​ទំនង​ជា​ត្រូវ​ផ្លាស់​ទៅ​កាន់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ឥណ្ឌា និង​វៀតណាម ចាត់​ទុក​ថា​គោលដៅ​​ចម្បង​សម្រាប់​ការ​ផលិត iPhone។ នេះ​បើ​តាម​ប្រភព​ពី Nikkei ដដែល។

ចំណែក Foxconn វិញ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា​ ​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​រើ​ការ​ផលិត​ iPhone សម្រាប់​លក់​នៅ​អាមេរិក ចេញ​ពី​ប្រទេស​ចិន​ទាំង​អស់ ប្រសិន​បើ​ចាំ​បាច់។ រួម​ជា​មួយ​​វៀតណាម និង​ឥណ្ឌា ប្រទេស​ម៉ិកស៊ីកូ, ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ក៏​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ពិចារណា​ដែរ៕

​​ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់