• 2019-06-19 04:04:23
  • ព័ត៌មាន

ក្រុមហ៊ុនអាមេរិកច្រើន លួចបញ្ចុះបញ្ចូលរដ្ឋបាល​ ត្រាំ ឲ្យបន្ធូរដៃលើ Huawei

  • 2019-06-19 04:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​បារម្ភ​ថា​អាច​នឹង​​ខាត​បង់​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​ជួយ​ដូរ​ជា​មួយ​​ Huawei ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក​បាន​លួច​បញ្ចុះ​បញ្ចូល​​រដ្ឋបាល​ ដូណាល់ ត្រាំ ឲ្យ​បន្ធូរ​បន្ថយ​ការ​​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ លក់​គ្រឿង​បន្លាស់​ឲ្យ​ក្រុមហ៊ុន​យក្ស​ចិន។

Huawei បាន​ចំណាយ​​ប្រមាណ ១១ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៨ លើ​ការ​ទិញ​គ្រឿង​បន្លាស់​ពី​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន រួម​មាន​ឈីប​ពី​ក្រុមហ៊ុន Qualcomm និង Software ពី​ក្រុមហ៊ុន Microsoft/Google ជា​ដើម។ ក្រុមហ៊ុន​អាមេរិក​នឹង​មិន​អាច​រកស៊ី​ជា​មួយ Huawei បាន​ត​ទៀត ពេល​ដែល​អាជ្ញាប័ណ្ណ​បណ្ដោះ​អាសន្ន​រយៈពេល ៩០ ថ្ងៃ​បាន​ផុត​កំណត់​ ពោល​នៅ​ថ្ងៃ​ទី ២០ ខែ​សីហា​ខាង​មុខ​នេះ។

ដើម្បី​ទប់​ស្កាត់​ការ​ខាត​បង់​នេះ ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា​ Intel, Qualcomm និង Xilinx បាន​បញ្ចុះ​បញ្ចូល​ក្រសួង​សេដ្ឋកិច្ច​ឲ្យ​​បន្ធូរ​បន្ថយ​ការ​ហាម​ឃាត់​​រក​ស៊ី​ជា​មួយ​ Huawei។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters ដោយ​មាន​​សម្រង់​សម្ដី​ពី​ប្រភព​ថា ៖ "នេះ​មិន​មែន​ជា​ការ​ជួយ Huawei នោះ​ទេ។ ប៉ុន្តែ​គឺ​ជា​ការ​ទប់​ស្កាត់​ផល​ប៉ះពាល់​ដែល​កើត​មាន​លើ​ក្រុមហ៊ុន​អាមេរិក”។

ត្បិត​ថា​ដំណឹង​លម្អិត​នៃ​ការ​ចរចា​នេះ​មិន​ទាន់​បាន​បង្ហាញ ប៉ុន្តែ Huawei បាន​សង្កត់​ធ្ងន់​ថា​​ មិន​បាន​​សុំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​ជា​ដៃ​គូ​រក​ស៊ី ជួយ​បញ្ចុះ​បញ្ចូល​រដ្ឋបាល​ ដូណាល់ ត្រាំ នោះ​ឡើយ។ លោក Andrew Williamson អនុប្រធាន​​ផ្នែក​កិច្ច​ការ​សាធារណៈ​របស់ Huawei និយាយ​ថា ៖ "ពួក​គេ​ធ្វើ​វា​ តាម​ចិត្ត​របស់​ខ្លួន ព្រោះ​ថា​សម្រាប់​ពួក​គេ (​ភាគ​ច្រើន) Huawei គឺ​ជា​អតិថិជន​ធំ​មួយ”។

សមាគម​ជួញ​ដូរ និង​បញ្ចុះ​បញ្ចូល SIA បាន​បញ្ជាក់​​អំពី​ជំនួប​រវាង​ក្រុមហ៊ុន​ផលិត​ឈីប Qualcomm និង​មន្ត្រី​អាមេរិក​ ដែល​ជំនួប​នេះ​បាន​ចាប់​ផ្ដើម​ភ្លាម​ៗ បន្ទាប់​ពី​អាមេរិក​បាន​​ដាក់​ Huawei ​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៅ​ខែ​ឧសភា ខណៈ​​ដែល​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​និយាយ​ថា​ ជំនួប​ប្រភេទ​នេះ មិន​បាន​ជះ​ឥទ្ធិពល​ដល់​ការ​អនុវត្ត​ច្បាប់​ឡើយ៕​​

ចុចអាន៖

ប្រភព៖ RT ប្រែ​សម្រួល៖ សុខហេង

មតិយោបល់