• 2019-06-19 02:33:30
  • ព័ត៌មាន

ខក​ចិត្ត​ស្ដូក​ ពេល​ឃើញ​ Xperia 1 ​ប្រកួត​កម្លាំង​កាមេរ៉ា​នឹង Galaxy S10+ (វីដេអូ)

  • 2019-06-19 02:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xperia 1 ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​​របស់ Sony បាន​អន្ទង​ចិត្ត​អ្នក​គាំទ្រ​មិន​តិច​ទេ ដោយ​សារ​តែ​មាន​រូបរាង​ទាក់ទាញ និង​បំពាក់​កាមេរ៉ា​រហូត​ដល់​ ៣ គ្រាប់ ដែល​គេ​រំពឹង​ថា​អាច​ផលិត​រូបភាព​/វីដេអូ​បាន​ល្អ។ យ៉ាងណាក្ដី​បើ​តាម​វីដេអូ​ប្រៀបធៀប​កាមេរ៉ា​ជា​មួយ​ Galaxy S10+ បាន​បង្ហាញ​ថា​ Software ​នៃ​ប្រព័ន្ធ​កាមេរ៉ា​របស់ Xperia 1 នៅ​មាន​កម្រិត​នៅ​ឡើយ។

វីដេអូ​ដែល​បង្កើត​ឡើង​​ដោយ​គណនី YouTube ឈ្មោះ SuperSarf បាន​ប្រៀប​ធៀប​លម្អិត​លើ​សមត្ថភាព​ចាប់​យក​រូបភាព និង​ថត​វីដេអូ​របស់ Xperia 1 និង Galaxy S10+។ ការ​ប្រៀប​ធៀប​​ចែក​ចេញ​ជា​ដំណាក់​កាល​សំខាន់ៗ​ដូច​ខាង​ក្រោម ៖

​ថត​វីដេអូ​ដោយ​ប្រើ​កាមេរ៉ា​មុខ S10+ ធ្វើ​បាន​ល្អ​ជាង ដោយ​អាច​មើល​ឃើញ​​ផ្ទៃ​ខាង​ក្រោយ​ច្បាស់ ខុស​ស្រឡះ​ពី Xperia 1 ពេល​ថត​ក្រោម​ស្ថានភាព​មាន​ពន្លឺ​ចាំង​ខ្លាំង ចំណែក​សមត្ថភាព​រក្សា​លំនឹង​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ។

បន្ទាប់​មក​ជា​ការ​ថត​វីដេអូ​ប្រើ​កាមេរ៉ា​ខាង​ក្រោយ​ ក្នុង​កម្រិត 4K និង​កម្រិត 1080P ដោយ​ប្រៀប​ធៀប​លើ​សមត្ថភាព​ទប់​លំនឹង និង​​មុខងារ HDR។ នៅ​ត្រង់​នេះ​​ឃើញ​ថា Galaxy S10+ អាច​ទប់​លំនឹង​បាន​ល្អ​ទាំង​ការ​ថត​ 4K និង 1080P ចំណែក​ Xperia 1 ទប់​លំនឹង​ល្អ​តែ​ពេល​ថត​កម្រិត 1080P ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ Galaxy S10+ ក៏​មាន​មុខងារ HDR សមត្ថភាព​ខ្លាំង​ជាង​ Xperia 1 ផង​ដែរ។

ការ​ប្រៀប​ធៀប​បន្ត​ទៀត​គឺ​ថត​វីដេអូ​ Slow-Mo និង​​សមត្ថភាព​ Autofocus។ ចំពោះ​ការ​ Autofocus ឃើញ​ថា​​ Xperia 1 នៅ​មាន​សមត្ថភាព​ស្ទើរ​បន្តិច​ បើ​ប្រៀប​ធៀប​នឹង​ Galaxy S10+ ដែល​អាច​ Focus បាន​រហ័ស។

បន្ត​មក​ទៀត​គឺ​ជា​ការ​ថត​រូប​សន្លឹក ដោយ​លើ​ស្មាតហ្វូន​ទាំង​ពីរ​ត្រូវ​បាន​ថត​ដោយ​ប្រើ​ប្រាស់​មុខងារ Auto ​ដើម្បី​ឲ្យ​ស្មើ​ភាព។ ក្នុង​វីដេអូ​​ Galaxy S10+ ​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​ទាំង​ការ​ថត​រូប​ HDR, ថត​រូប​ Zoom, ថត​រូប​ Wide, ថត​រូប Portrait និង​​ការ​ថត​រូប​នៅ​ទី​ងងឹត​ជា​ដើម។

ចូល​ដល់​ការ​ថត​ Selfie វិញ​ Xperia 1 ធ្វើ​បាន​ល្អ​ជាង​ Galaxy S10+ បន្តិច ជា​ពិសេស​ពេល​ថត​រូបភាព HDR។ ប៉ុន្តែ​ពេល​ថត​ Portrait ដោយ​ប្រើ​កាមេរ៉ា​មុខ Xperia 1 មិន​អាច​ប្រៀប​នឹង​ Galaxy S10+ បាន​ឡើយ ហើយ​ការ​ថត​នៅ​ទី​ងងឹត​ក៏ S10+ ធ្វើ​បាន​ប្រសើរ​ជាង​ផង​ដែរ។

​​​​​​​​​​​​​ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់