• 2019-06-16 07:01:59
  • ចំណេះដឹង

នៅថៃមានរោងចក្រផលិតរថយន្តម៉ាកល្បីៗណាខ្លះ?

  • 2019-06-16 07:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ឆ្នាំ​ ២០១៥ សហគ្រាស​យានយន្ត​នៃ​​ប្រទេស​ថៃ​បាន​ក្លាយ​ជា​សហគ្រាស​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង ជាប់​ជា​សហគ្រាស​ធំ​លំដាប់​ទី​ ១២ ក្នុង​ពិភពលោក។ ទិន្នផល​ផលិត​យានយន្ត​ពី​មួយ​ឆ្នាំៗ​មាន​ដល់​ជិត​ ២ លាន​គ្រឿង​​​គឺ​ច្រើន​ជាង​ចក្រភព​អង់គ្លេស, អ៊ីតាលី, ទួរគី និង សាធារណរដ្ឋឆេក​ទៅ​ទៀត។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​ទីតាំង​​របស់​រោងចក្រ​ផលិត​រថយន្ត​ធំៗ​ក្នុង​បណ្ដា​ខេត្ត​នា​ប្រទេស​ថៃ៖

@ BMW (ខេត្ត​​រ៉ាក់យង)​​

រោងចក្រ​របស់​ BMW បាន​សាង​សង់​ឡើង​នៅ​ឆ្នាំ​ ២០០០ ដែល​សង់​លើ​ផ្ទៃ​ដី​ប្រហែល​ ៧៥ ០០០ ម៉ែត្រ​ការ៉េ​នៅ​រ៉ាក់យង​ដែល​ជា​ខេត្ត​ជាប់​សមុទ្រ។ ការ​​បណ្ដាក់​ទុន​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​​ប្រមាណ​ ២,៦ ពាន់​លាន​បាត (ប្រហែល ៧៥ លាន​ដុល្លារ)។

@ Ford (ខេត្ត​​រ៉ាក់យង)

​​​​​​​​​​នៅ​ឆ្នាំ​ ១៩៩៥ ក្រុមហ៊ុន​ Ford និង Mazda ​បណ្ដាក់​ទុន​រួម​គ្នា​បើក​​រោងចក្រ​ផលិត​យានយន្ត​ឈ្មោះ​ AutoAlliance Thailand ដែល​បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត​ Mazda B-Series នៅ​ខែ​ឧសភា​ ឆ្នាំ​ ១៩៩៨ លើ​ទឹក​ដី​នៃ​ខេត្ត​រ៉ាក់យង។ បច្ចុប្បន្ន​សង្វាក់​ផលិត​របស់​រោងចក្រ​រួម​សម្ព័ន្ធ​នេះ​មាន​ផលិត​​រថយន្ត​ Ford Ranger, Ford Everest, Ford Fiesta, Mazda 3 និង Ford EcoSport។

@ General Motors (ខេត្ត​​រ៉ាក់យង)

​​​​ General Motors បាន​បង្កើត​​រោងចក្រ​នៅ​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ​ ១៩៧០ ប៉ុន្តែ​បាន​ផ្អាក​ដំណើរ​ការ​ជា​ច្រើន​ឆ្នាំ​ព្រោះ​សង្គ្រាម​វៀតណាម។ យ៉ាងណាក្ដី​នៅ​ឆ្នាំ​ ២០០០ ​ក្រុមហ៊ុន​នេះ​បាន​ត្រឡប់​មក​វិញ​ដោយ​បាន​ផលិត​រថយន្ត​ម៉ាក​ Opel, Daewoo និង Holden។

@ Honda (ក្រុង​អយុធ្យា)

រថយន្ត​ Honda បាន​ចាប់​ផ្ដើម​ដំឡើង​នៅ​ប្រទេស​ថៃ​នា​ឆ្នាំ​ ១៩៨៤ ដោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​ Banghan General ​ដោយ​មាន​​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ រហូត​ដល់​ឆ្នាំ​ ១៩៩២ ទើប​ Honda ​បង្កើត​​​រោងចក្រ​ផ្ទាល់​ខ្លួន។

​​​​@ Isuzu (ខេត្ត​សាមុទប្រាកាន និង ​ខេត្ត​ឆាឆឹងសៅ)

រថយន្ត​ Isuzu បាន​ចាប់​ផ្ដើម​ផលិត​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ១៩៦៣ ​ដោយ​មាន​រោងចក្រ​នៅ​ក្នុង​ខេត្ត​សាមុទប្រាកាន។ នៅ​ឆ្នាំ​ ២០១២​ក្រុមហ៊ុន Isuzu ក៏​បាន​បើក​រោងចក្រ​ទី​ពីរ​មាន​តម្លៃ​ ២១១ លាន​ដុល្លារ​ដែល​មាន​ទីតាំង​នៅ​ឆាឆឹងសៅ​ បន្ទាប់​ពី​តម្រូវ​ការ​​ក្នុង​ស្រុក​ និង ក្រៅ​ស្រុក​មាន​ការ​កើន​ឡើង។

​​​@ Mercedes-Benz (ខេត្ត​សាមុទប្រាកាន)

​រថយន្ត​ ​Mercedes-Benz មាន​រោងចក្រ​នៅ​ក្នុង​ខេត្ត​សាមុទប្រាកាន​ ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​​ Thonburi Automotive Assembly Plant តាំង​ពី​ឆ្នាំ​ ១៩៦០ មក​ម្ល៉េះ។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​រថយន្ត​ ​Mercedes-Benz​ ជា​ច្រើន​ស៊េរី​បាន​ផលិត​ឡើង​នៅ​សង្វាក់​ផលិតកម្ម​នេះ​រួម​មាន​ A-Class, C, E និង S-Class។

​​​​@ MG (ខេត្ត​រ៉ាក់យង)

ក្រុមហ៊ុន​ SAIC Motor-CP ​បាន​សង់​រោងចក្រ​ផលិត​រថយន្ត​ម៉ាក​ MG ដែល​មាន​​​តម្លៃ​​ប្រមាណ​ ២៦០ លាន​ដុល្លារ​នៅ​ខេត្ត​រ៉ាក់យង ដោយ​ចាប់​ដំណើរ​ការ​នៅ​ខែ​មិថុនា​ ឆ្នាំ​ ២០១៤។ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​នេះ​បាន​ទិញ​ដី​​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​ឈុន​បុរី​​ទុក​សម្រាប់​សង់​រោងចក្រ​ទី​ពីរ​ដែល​មាន​ទំហំ​ ៧ សែន​ម៉ែត្រ​ការ៉េ ដោយ​​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ៨៦៧ លាន​ដុល្លារ ទៅ​ ១,១៥ ពាន់​លាន​ដុល្លារ។

@ Mitsubishi (ខេត្ត​ឈុនបុរី)

Mitsubishi បាន​ចាប់​ផ្ដើម​​ការ​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​ ១៩៦៦ ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ Mitsubishi Motors (Thailand) ហើយ​នៅ​​ឆ្នាំ​ ១៩៨៨ MMTh បាន​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​​ដំបូង​​របស់​ថៃ​​ដែល​បាន​​នាំ​ចេញ​រថយន្ត​ទៅ​ក្រៅ​ប្រទេស​ដំបូង​គេ។

@ Nissan (ខេត្ត​សាមុទប្រាកាន)

Nissan ជា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ដំបូង​​ដែល​បាន​សាង​សង់​រោងចក្រ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ១៩៦២ ដោយ​ជា​ការ​បណ្ដាក់​ទុន​រួម​ជា​មួយ​ក្រុមហ៊ុន​ Siam Motors។

@ Toyota (ខេត្ត​សាមុទប្រាកាន​ និង ​ខេត្ត​ឆាឆឹងសៅ)

Toyota Motor Thailand បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៦២ ដោយ​បច្ចុប្បន្ន​នេះ​មាន​​រោងចក្រ​បី​កន្លែង​ក្នុង​ខេត្ត​ចំនួន​ ២ នៅ​ប្រទេស​ថៃ។ រោងចក្រ​​នៅ​ខេត្ត​សាមុទប្រាកាន​​ជា​កន្លែង​ផលិត​រថយន្ត​ប្រភេទ​ Pick-Up។ ចំណែក​រោងចក្រ​ពីរ​នៅ​ខេត្ត​ឆាឆឹងសៅ​​ទុក​សម្រាប់​ផលិត​រថយន្ត​ប្រភេទ​ធម្មតា។ រោងចក្រ​ទាំង​បី​រួម​បញ្ចូល​គ្នា​អាច​ផលិត​រថយន្ត​បាន​ ៧៦០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំៗ៕

​​​​​​​​ ​​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់