• 2019-06-13 09:44:24
  • ព័ត៌មាន

ក្រុមហ៊ុន RMA Cambodia សម្ពោធ​មជ្ឈមណ្ឌលបណ្ដុះ​បណ្តាលបច្ចេកទេស អ អិម អេ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

  • 2019-06-13 09:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធីសម្ពោធ និងប្រគល់ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ” ទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស អ អិម អេ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford និង Jonh Deere ត្រាក់ទ័រ ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវម៉ាស៊ីនត្រជាក់ គ្រឿងបរិក្ខាសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត Ford មួយគ្រឿង ត្រាក់ទ័រ John Deere ពីរគ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់ជូនប្រើប្រាស់ បណ្តុះបណ្តាល ក្នុងវិទ្យាស្ថាន​បច្ចេកទេសឧស្សាហកម្ម​។ ជារៀងរាល់​ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ នេះលេចចេញជារូបរាងឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ នេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត និងគ្រឿងចក្រ”។

លើសពីនេះទៅទៀត គម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស អ អិម អេនេះទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

ឯកឧត្តម​បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានមានប្រសាសន៍ថា៖ “តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ ដែលបានសម្ពោធដាក់ឲ្យ​ប្រើប្រាស់ថ្ងៃនេះ ខ្ញុំជឿជាក់ថានឹងក្លាយជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា ដែលផ្តល់នូវសេវាបណ្តុះបណ្តាលតាមរយៈវិធានឆ្លាស់ ក្នុងន័យនេះការបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយមានការសហការចូលរូម រវាងមជ្ឈមណ្ឌល និងរោងជាងផ្ទាល់របស់ ក្រុមហ៊ុន RMA Cambodia ដែលកំពុងដំណើការយ៉ាងសកម្មនៅកម្ពុជា។ ជាងនេះទៀត មជ្ឈមណ្ឌលនេះនិងអាចក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព ដែលចូលរួមគ្រប់សកម្មភាពអភិវឌ្ឍន៍ធនធាន មនុស្សនៅកម្ពុជា”។ លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលបានចំណាយធនធានយ៉ាងច្រើនក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមចំណែកក្នុងកសាងធនធាន មនុស្សនៅកម្ពុជាផងដែរ។

ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់កបាទក្រហមកម្ពុជា និងមន្ទីរពេទ្យកុមារគន្ធបុប្ផាជាដើម៕

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់