• 2019-06-13 07:19:56
  • ព័ត៌មាន

រុស្ស៊ី​​​មាន​ OS មួយ ចង់​ឲ្យ​ Huawei ពិចារណា​ប្រើជំនួស Android

  • 2019-06-13 07:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ី​បាន​​ឲ្យ​ Huawei ធ្វើ​ការ​ពិចារណា​នូវ​ជម្រើស​​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​របស់​រុស្ស៊ី​។ នេះ​បើ​​​តាម​ប្រភព​មួយ​ដែល​បាន​ដឹង​ច្បាស់​អំពី​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី​លោក​ Konstantin Noskov និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ Huawei លោក​ Guo Ping។

​​​ក្រៅ​ពី​ផ្ដល់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ផលិត​ដោយ​រុស្សី​ដែល​មាន​ឈ្មោះ​ថា​ Aurora ហើយ​នោះ អំពី​បណ្ដាញ​សង្គម, ប្រព័ន្ធ Search, កម្មវិធី​កម្ចាត់​មេរោគ​ក៏​ត្រូវ​បាន​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​​ដែរ។ យ៉ាងណាក្ដី​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី​មិន​​ទទួល​ស្គាល់ ឬ ក៏​ច្រានចោល​ដំណឹង​នេះ​ឡើយ។ ចំណែក​ Huawei ក៏​​មិន​បាន​​ឆ្លើយ​តប​នឹង​បញ្ហា​ក្ដៅ​មួយ​នេះ​ដែរ។

​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់ Huawei និង​ក្រុមហ៊ុន​ប្រមាណ ៧០ ទៀត ចូល​ក្នុង​បញ្ជី​ខ្មៅ​កាល​ពី​ខែ​ឧសភា។ ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទិញ​ផលិតផល ឬ​សេវាកម្ម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក។

គួរ​ដឹង ​​Aurora ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ដោយ​យក​ Sailfish OS ជា​មូលដ្ឋាន រួម​បង្កើត​ដោយ​​ក្រុមហ៊ុន​ Open Mobile Platform និង​ក្រុមហ៊ុន​ Jolla។ គួរ​ដឹង​ថា​ Open Mobile Platform មាន​​ចំណែក​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​ទូរគមនាគមន៍​រុស្ស៊ី Rostelecom ចំនួន ៧៥% ហើយ​​ក្រុមហ៊ុន​ Jolla​ មាន​សហគ្រិន​រុស្ស៊ី​ Grigory Berezkin ជា​ម្ចាស់​ភាគហ៊ុន​ធំ៕


ប្រភព៖ TASS ប្រែ​សម្រួល៖ សុខហេង

មតិយោបល់