• 2019-06-13 03:43:06
  • ព័ត៌មាន

កាន់លុយត្រឹម ២ ឬ ៣ម៉ឺរៀល​រកទិញទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ កុំ​ភ្លេច​​ទៅ​ផ្សារ​សាំហាន់

  • 2019-06-13 03:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិះ​ម៉ូតូ​កាត់​តាម​របង​វត្ត ទួល​សង្កែ​ទៅ​ផ្សារ​ធំ​ទួល​សង្កែ​ឬ​ផ្សារ​សាំហាន់​ អ្នក​ដំណើរ​នឹង​ឃើញ​តុ​ដាក់​លក់​ទូរសព្ទ​ជា​ច្រើន​​​តម្រៀប​គ្នា​នៅ​តាម​របង​វត្ត​។ សភាព​លក់នៅទីនោះ​មិន​ចាញ់ផ្សារ​ត្រី​ សំបូរ​ទាំង​អ្នកទិញ​និងអ្នកលក់​​​មាន​ជា​ហូហែរ។

"ទូរសព្ទ​ហ្នឹង​តម្លៃ ៣ម៉ឺន​រៀល​បង"(សម្ដី​អ្នក​លក់ ) "។ សុំ ២ម៉ឺន ៥ ពាន់​បាន​ហើយ" (សម្ដី​អ្នកទិញ) "បើ ២ម៉ឺន ៥ អត់​បាន​ឆ្នាំង​សាកទេ"។ សម្លេង​របស់​លោក ឆយ សុគុណ កំពុង​ជជែក​តថ្លៃ​​ជាមួយ​​អតិិថិជន​។

កំពុង​តម្រៀបទូរសព្ទ​នៅ​លើ​តុ លោក ឆយ សុគុណ​ បាន​​ប្រាប់​​ពី​ការ​ប្រកប​មុខ​របរ​លក់​ទូរសព្ទ​តាមផ្លូវ​នេះ​ថា៖ "ខ្ញុំ​ប្រកប​របរ​នេះ​អស់​រយះ​ពេល ៥ ឆ្នាំ​មក​ហើយ។ ឥឡូវ​មាន​អ្នក​លក់​ច្រើន​ជាងមុន"។

លោក​បានលើកឡើង​ទៀត​ថា រាល់​ថ្ងៃ​មានអ្នក​មក​ទិញ​ហូហែរ​មិន​សូវ​លស់​ពេលនោះទេ។ ​មួយ​ថ្ងៃ​អាច​លក់​ដាច់​​ពី​ ១០ ​ទៅ ២០​ គ្រឿង​ (ទូរសព្ទ​ធម្មតា) ដែលតម្លៃ​មាន​ចាប់​ពី​ ២ម៉ីន​៥ពាន់ ដល់ ២០ម៉ឺន​រៀល។

លោក​ថា ទូរសព្ទ​ស៊េរីខ្ពស់ តម្លៃថ្លៃ ​​លោក​​ឈប់​យក​មក​លក់​ ព្រោះ​ថ្លៃ​ពេក​មិន​សូវ​មាន​អ្នក​ទិញ​។

មិន​ខុស​​គ្នា​ ​អាជីវករ​មួយ​រូប​ទៀត​ដែលកំពុង​លក់​​ក្បែរ​គ្នា​នោះ ក៍មានភាពមមាញឹក​ដែរ​​។

បើ​តាមស្រ្តី​សុំមិន​បញ្ចេញឈ្មោះ​ប្រាប់​ថា ពី​​មុន​អ្នក​ស្រី​​ធ្លាប់​លក់​នៅ​ក្នុង​ផ្សារ​​តែ​មិន​សូវ​មាន​អ្នក​ទិញ ទើប​ប្ដូរ​មក​លក់​តាមផ្លូវ​​ឃើញមាន​អតិថិជន​ច្រើន​គួរសម។

អាជីវករ​រូបនេះ​បន្ត​ថា ​ភាគ​ច្រើន​​អ្នកទិញមិន​សូវ​ត​ថ្លៃ​ច្រើន​ទេ​ ឲ្យ​តែ​មើល​​ពេញ​ចិត្ត ទិញ​យក​តែម្ដង​។ ចំំណែក​​តម្លៃ​វិញ​​អ្នកស្រី​ក៏​លក់​ធូរ​ថ្លៃ​ជាង​នៅ​ក្នុង​ផ្សារ​ដែរ​ ព្រោះ​មិន​អស់​ចំណាយ​លើ​ថ្លៃ​ជួល​តូប​។

ងាក​មក​លោក សុខុន ដែល​កំពុង​រក​ទិញ​ទូរសព្ទ​​ប្រាប់​ថា​ លោក​មក​ទិញ​​ទូរសព្ទ​នៅ​ទី​នេះ​ព្រោះ​ធូរ​ថ្លៃ​ជាង​នៅ​ក្នុង​ផ្សារ និង​ណាមួយ​គុណ​ភាព​អាច​នៅ​ប្រើ​ប្រាស់​បាន។ យ៉ាងណា​យុវជន​រូប​នេះ​ប្រាប់​ថា បើ​ទូរសព្ទ​ណាស៊េរីថ្លៃ​ៗ លោក​ក៏​មិនហ៊ាន​ទិញ​ដែរ គឺ​ទៅ​រក​​ទិញ​នៅ​ហាង​ព្រោះ​មាន​ទំនុក​ចិត្ត​ជាង៕

អត្ថបទ៖ ម៉េងងី

មតិយោបល់