• 2019-06-12 06:31:24
  • ព័ត៌មាន

ម្ដង​នេះ Facebook ហ៊ាន​ឲ្យ​លុយ អ្នកដែលព្រមលក់ភាពឯកជន

  • 2019-06-12 06:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​កម្មវិធី Study from Facebook ដែល​មាន​​សម្រាប់​តែ​ឧបករណ៍​​ Android ហើយ​វា​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើ ដោយ​ដោះ​ដូរ​ជា​មួយ​ទឹក​លុយ។

កម្មវិធី Study នេះ​នឹង​ព្រមាន​​អ្នក​ប្រើ​ថា​ Facebook នឹង​ដឹង​ថា​កម្មវិធី​អ្វី​ខ្លះ​ត្រូវ​ដំឡើង​លើ​ទូរសព្ទ​របស់​ពួក​គេ, ពួក​គេ​ប្រើ​កម្មវិធី​ទាំង​នោះ​រយៈ​ពេល​ប៉ុន្មាន និង​ឈ្មោះ​មុខងារ​ដែល​ប្រើ​ក្នុង​កម្មវិធី​ទាំង​នោះ។ Facebook ក៏​អាច​ដឹង​ពី​ប្រទេស​របស់​អ្នក​ប្រើ, ដឹង​ពី​ឧបករណ៍​ដែល​ប្រើ​កម្មវិធី Study និង​ប្រភេទ Network ដែល​ពួក​គេ​ប្រើ​ប្រាស់។

Facebook មាន​គម្រោង​ថា​នឹង​ស្វែង​រក​យុវវ័យ​វ័យ​ចាប់​ពី ១៨ ឆ្នាំ នៅ​សហរដ្ឋអាមេរិក និង​ឥណ្ឌា ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​នេះ តាម​រយៈ​ផ្ទាំង​ពាណិជ្ជកម្ម។ Facebook នឹង​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​លើ​កម្មវិធី​របស់​ខ្លួន នឹង​ផ្សាយ​ដល់​អ្នក​ដែល​មិន​ប្រើ Facebook ផង​ដែរ។ នៅ​ថ្ងៃ​ខាង​មុខ​ Facebook នឹង​ស្វែង​រក​អ្នក​ប្រើ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។

នៅ​ពេល​ចុច​លើ​ផ្ទាំង​ពាណិជ្ជកម្ម​នៃ​កម្មវិធី Study នេះ វា​នឹង​នាំ​ទៅ​កាន់​វិបសាយ​ Applause ដែល​ជា​វិបសាយ​របស់​ដៃ​គូ​ស្រាវជ្រាវ​របស់​​ Facebook សម្រាប់​កម្មវិធី Study នេះ។ នៅ​ត្រង់​នេះ Facebook នឹង​ប្រាប់​ដំណឹង​មួយ​ចំនួន​ដូច​ជា ទិន្នន័យ​ដែល Facebook ប្រមូល​យក, កម្រៃ​ដែល​ទទួល​បាន និង​វិធី​ចាក​ចេញ​ពី​កម្មវិធី​ជា​ដើម។

​អ្នក​ដែល​មាន​ឱកាស​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​ ហើយ​ព្រម​ចូល​ប្រើ​កម្មវិធី​នេះ Facebook នឹង​​តប​ស្នង​វិញ​ដោយ​ទឹក​លុយ ប៉ុន្តែ Facebook មិន​បាន​ប្រាប់​ថា​បេក្ខភាព​ដែល​ចូល​រួម​នឹង​ទទួល​បាន​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ។

Facebook បាន​បញ្ជាក់​ថា​នឹង​មិន​យក​ទិន្នន័យ​អំពី​លេខ ID, លេខ​សម្ងាត់ ឬ មាតិកា​ដែល​អ្នក​ប្រើ​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ​នោះ​ទេ។ Facebook ក៏​មិន​លក់​ទិន្នន័យ​ដែល​ប្រមូល​បាន​ដល់​ភាគី​ទីបី​នោះ​ដែរ៕

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់