• 2019-05-22 02:16:52
  • ព័ត៌មាន

ស្ថាបនិក​ Huawei ទទួល​ស្គាល់​ថា​គ្រួសារ​ខ្លួន​ប្រើ​ផលិតផល Apple

  • 2019-05-22 02:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​លោក​ Ren Zhengfei អ្នក​បង្កើត​ក្រុមហ៊ុន​ Huawei បាន​លើក​ឡើង​ថា​សហរដ្ឋអាមេរិក​បាន​មើល​ស្រាល​សមត្ថភាព​ក្រុមហ៊ុន​របស់​ខ្លួន​ ក្រោយ​ក្រុង​វ៉ាស៊ីនតោន​​​ហាម​ឃាត់​ Huawei មិន​ឲ្យ​ប្រើ​​ផលិតផល​ និង​សេវា​កម្ម​ក្រុមហ៊ុន​អាមេរិក។

ស្ថាបនិក​វ័យ ៧៥ ឆ្នាំ​រូប​នេះ និយាយ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ត្រៀម​រួច​ជា​​ស្រេច​ពី​ការ​ហាម​ឃាត់​របស់​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ ​ហើយ​ក៏​បាន​ធ្វើ​ការ​អរគុណ​ដល់​​ក្រុមហ៊ុន​អាមេរិក​ជា​ដៃ​គូ ដែល​បាន​ជួយ​ Huawei ឲ្យ​រីក​លូតលាស់​​នា​ពេល​កន្លង​មក​នេះ។

​យ៉ាងណាក្ដី​ម្ចាស់​ក្រុមហ៊ុន​​ស្មាតហ្វូន​ធំ​ជាង​គេ​លេខ​ ២ នេះ ក៏​បាន​ទទួល​ស្គាល់​ថា​គ្រួសារ​របស់​លោក​ ពេញ​ចិត្ត​នឹង​ផលិត​របស់​ Apple ដែល​ជា​គូ​ប្រជែង។

លោក​បាន​លើក​ឡើង​បែប​នេះ​ថា ៖ "ដើម្បី​គាំទ្រ​ Huawei មិន​មាន​ន័យ​ថា​​អ្នក​ចាំ​បាច់​ត្រូវ​តែ​ទិញ​ស្មាតហ្វូន​ Huawei នោះ​ទេ។ គ្រួសារ​របស់​ខ្ញុំ​ប្រើ​ផលិតផល​ Apple យូរ​យារ​មក​ហើយ”។ លោក​ Ren បាន​ថ្លែង​ដូច​នេះ​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ចិន​ ក្នុង​ទីស្នាក់ការ​ Huawei កាល​ពី​ព្រឹក​ថ្ងៃ​ទី ២១ ឧសភា​កន្លង​ទៅ។

ស្ថាបនិក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ ១,៧ ពាន់​លាន​ដុល្លារ​រូប​នេះ​ បាន​បញ្ជាក់​ដែរ​ថា​ការ​ហាម​ឃាត់​របស់​អាមេរិក​មក​លើ​ Huawei នឹង​មិន​ប៉ះពាល់​ដល់​ការ​​ផែនការ​បញ្ចេញ​បច្ចេកវិទ្យា​ 5G ​របស់​ក្រុមហ៊ុន​នោះ​ទេ ហើយ​រំពឹង​ថា​មិន​មាន​ក្រុមហ៊ុន​ណា​អាច​តាម​ទាន់​បច្ចេកវិទ្យា​ Huawei ក្នុង​ ២-៣ ឆ្នាំ​ទៅ​មុខ​ទៀត៕

ចុចអាន៖

ប្រភព៖ Dailymail | The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់