• 2019-04-22 09:21:57
  • ចំណេះដឹង

កម្ពុជា​ ចេញផ្សាយ​របាយការណ៍​ស្តីពី​វិ​ស័​យ​អាជីវកម្ម​បច្ចេកវិទ្យា​បង្កើត​ថ្មី​ជា​លើក​ដំបូង

  • 2019-04-22 09:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្ម​ទើប​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា កំពុង​តែមាន​ភាព​រស់​រវើក និង​ពោរពេញ​ដោយ​ថា​ម​ពល រួម​ជាមួយ​វ​ប្បធ​ម៌​សហគ្រិនភាព និង​ឱកាស​ជាច្រើន​សម្រាប់​សហគ្រិន​នានា។

ការ​បញ្ជាក់​នេះ យោងតាម​របាយការណ៍​ស៊ី​ជ​ម្រៅ​បំផុ​តមួយ តំណ​ទាញយក​ ដែល​រៀបរៀង​ឡើង​ដោយ​ក្រុមហ៊ុន Mekong Strategic Partners និង​ក្រុមហ៊ុន Raintree ដែល​បាន​ធ្វើឡើងកាលពី​ខែមីនា ឆ្នាំ​២០១៩​។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋ​ម​ន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​មូល​និធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការ​អភិ​វ​ឌ្ឍ បាន​មាន​ប្រសាសន៍ថា​៖ "ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ កំពុង​រៀប​ចំ​បង្កើត​គោល​នយោបាយ​មួយ ដែល​នឹង​ជួយ​ជំរុញ​ការច្នៃប្រឌិត និង​លើកកម្ពស់​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​ដែល​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ខ្នាតតូច និង​ម​ធ្យ​ម ព្រម​ទាំង​ផ្តល់ឱកាស​ដល់​យុវ​ជន​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ត្រៀម​រៀប​ចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​"។

របាយការណ៍​ដែល​ប្រមូល​ផ្តុំ​នូវ​ទស្សនៈ​របស់​ភាគី​ពាក់​ព័​ន្ធ​ក្នុង​វិ​ស័​យ​អាជីវកម្ម​បច្ចេកវិទ្យា ​បង្កើត​ថ្មី​ជាង​១២០​នាក់ នេះ​បាន​បង្ហាញឲ្យឃើញ​ពី​ទិដ្ឋភាព​នៃ​វិ​ស័​យ​អាជីវកម្ម​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី និង​ការ​វិវឌ្ឍ​របស់​វិ​ស័​យ​បច្ចេកវិទ្យា​ឌីជីថល ក្នុង​រយៈពេល ​៣ ទៅ​៤​ឆ្នាំ​កន្លង​មក​នេះ ព្រម​ទាំង​បង្ហាញ​មូលដ្ឋាន​គ្រឹះ​ដែល​ត្រូវការជា​ចាំបាច់​ដើម្បី​ជួយ​ជំ​រុញ​ឲ្យ​វិ​ស័​យ​សហគ្រិន​ឌីជីថល​ដ៏​រឹងមាំ​មួយ​។

ការរីកចម្រើន​នៃ​ការ​វិនិយោគក្នុង​វិ​ស័​យ​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី ចាប់ផ្តើម​បង្ហាញ​ជា​សាធារណៈ រហូត​កើនឡើង​ទ្វេដង​ចាប់ពី​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៨​។

របាយការណ៍​នេះ ក៏​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម ដែល​ក្រុមហ៊ុន​ឌីជីថល​ទើប​បង្កើត​ថ្មី នឹង​ត្រូវ​ជួបប្រទះ​ផង​ដែល ជាពិសេស​ទា​ក់ទង​នឹង​កង្វះខាត​ជំនាញ​ និង​បទពិសោធន៍​នៃ​កម្លាំង​ពល​កម្ម ហើយ​អ្នក​ជំនាញ​ដែល​មានបទពិសោធន៍ និង​មាន​ចំ​ណេះ​ដឹង​ខាង​បច្ចេកទេស​ស៊ី​ជ​ម្រៅ​ឬ​បទពិសោធ​ច្បាស់លាស់ នៅតែ​មាន​កម្រិត​នៅឡើយ​។ ការណែនាំ​វិនិយោគិន​ឲ្យ​ស្គាល់​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ក្នុងការ​ទទួល​ការ​វិ​និ​យោគ ក៏​ត្រូវបាន​ចាត់ទុកថា ជា​បញ្ហា​ប្រឈមដ៏​សំ​ខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ជាពិសេស​គឺ​ការធានា​ឲ្យ​បានថា អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នោះ​មានសុវត្ថិភាព​ក្នុងកា​វិ​និ​យោគ​។​

គ​ម្រោង​សិក្សា​ស្ថានភាព និង​រៀបចំ​របាយការណ៍​នេះ​ឡើង គឺជា​សំណើរ​បង្កើតឡើង​រួមគ្នា​ដោយ​វិទ្យាស្ថាន NIPTICT និង ក្រុមហ៊ុន Smart Axiata ហើយ​បាន​ទទួល​ថវិកា​អនុវត្ត​ពី​មូល​និធិ ស​.​អ​. និង​បានចាប់ផ្តើម​អនុវត្ត​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨​មក​ម្ល៉េះ​។ គួរ​បញ្ជាក់ថា​នា​ចុងឆ្នាំ ២០១៧ ក្រុម​ប្រឹក្សា​ភិ​បាល កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការ​អភិ​វ​ឌ្ឍ (CBRD) បាន​ចេញផ្សាយ​ផែនការ​រយៈពេល​ពីរ​ឆ្នាំ (២០១៧- ២០១៨)​របស់ខ្លួន ដែល​បង្ហាញ​ពី​ត​ម្រូ​វ​ការ​ជាបន្ទាន់​សម្រាប់​ស្វែង​យល់ កាន់តែ​ប្រសើរ​អំពី​បច្ចុប្បន្នភា​ពនៃ​អាជីវកម្ម​បច្ចេកវិទ្យា​ដែល​ទើប​បង្កើត​ថ្មី​ក្នុង​ប្រទេស​នៅ​កម្ពុជា សម្រាប់​បន្ត​រៀបចំ​គោល​នយោបាយ​គាំទ្រ​នានា​បន្ថែម​ទៀ​ត​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់