• 2019-04-22 07:29:52
  • ព័ត៌មាន

សេដ្ឋី​ Jack Ma ថា​អ្នក​ដែល​បាន​ធ្វើ​ការ​លើស​ម៉ោង សុទ្ធ​តែ​​អ្នក​មាន​សំណាង

  • 2019-04-22 07:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​មហាសេដ្ឋី​ Jack Ma ដែល​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Alibaba បាន​ចេញ​មុខ​ការពារ​វប្បធម៌​ធ្វើ​ការ​លើស​ម៉ោង​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​ចំនួន ដោយ​បាន​និយាយ​ថា​វា​ជា​​សំណាង​ធំ​មួយ​សម្រាប់​អ្នក​ធ្វើ​ការ​វ័យ​ក្មេង។

​​តាម​រយៈ​គណនី​ WeChat របស់​ Alibaba លោក​ Jack Ma បាន​ចេញ​មុខ​និយាយ​បែប​នេះ​ថា ៖ "ខ្ញុំ​គិត​​ថា​ ការ​ដែល​អាច​ធ្វើ​ការ​ ៩៩៦ គឺ​ជា​សំណាង​ដ៏​ធំ​មួយ”។ គួរ​ដឹង​ថា​ ៩៩៦ គឺ​ជា​កាលវិភាគ​ធ្វើ​ការ​ដែល​តំណាង​ឲ្យ​ ការ​ធ្វើ​ការ​ពី​ម៉ោង ៩ ព្រឹក ដល់ ៩ យប់ និង ៦ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

មហាសេដ្ឋី​នេះ​បន្ត​ទៀត​ថា ៖ "ក្រុមហ៊ុន​ជា​ច្រើន និង​មនុស្ស​ជា​ច្រើន​មិន​មាន​ឱកាស​ធ្វើ​ការ ៩៩៦ ឡើយ។ ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ ៩៩៦ ពេល​ខ្លួន​នៅ​ក្មេង តើ​ពេល​ណា​ទើប​អាច​ធ្វើ​ការ​ ៩៩៦ បាន​ទៀត​នោះ?​”។

​”ក្នុង​លោក​នេះ​ គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ជោគជ័យ ចង់​បាន​ជីវិត​ល្អ​ និង​ចង់​បាន​ការ​គោរព។ ខ្ញុំ​សុំ​សូរ​ថា​ ប្រសិន​បើ​យើង​មិន​ប្រើ​ពេល និង​កម្លាំង​ឲ្យ​ច្រើន​ជាង​អ្នក​ដទៃ ធ្វើ​ម៉េច​អាច​ទទួល​បាន​ជោគជ័យ​ដែល​ខ្លួន​ចង់​បាន​នោះ?”។ នេះ​ជា​បន្ថែម​របស់​លោក​ Jack Ma។

អ្នក​ដទៃ​ត្រង់​នេះ គឺ​លោក​ Jack Ma ចង់​សំដៅ​ដល់​មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​ការងារ​ធ្វើ​ ក្នុង​សហគ្រាស​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ។ អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នេះ​​បន្ថែម​ទៀត​ថា​ មិន​ស្ដាយ​ក្រោយ​ក្នុង​ការ​ធ្វើ​ការ​លើស​ម៉ោង ដែល​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន​នោះ​ទេ។

​មតិ​មួយ​ដែល​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី​រដ្ឋ​ចិន​ People's Daily​ បាន​ប្រកែក​ថា​ ការ​ធ្វើ​ការ​ ៩៩៦ គឺ​​ល្មើស​នឹង​ច្បាប់​ពលកម្ម​ចិន​ ដែល​មាន​ចែង​ថា​ម៉ោង​ធ្វើ​ការ​ មិន​អាច​លើស​ពី ៤០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ឡើយ។ អ្នក​និពន្ធ​នៃ​ទស្សនាវដ្ដី​នេះ​បាន​រៀប​រាប់​ថា​ ការ​​​លើក​ទឹក​ចិត្ត​ដល់​ការ​ធ្វើ​ការ​លើស​ម៉ោង មិន​ត្រឹម​មិន​ជួយ​ដល់​មុខ​ជំនួញ​ក្រុមហ៊ុន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​អាច​​បំផ្លាញ​ភាព​ច្នៃ​ប្រឌិត​របស់​ក្រុមហ៊ុន​ទៀត​ផង៕​

ចុចអាន៖

ប្រភព៖ ABS-CBN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី