• 2019-04-18 02:35:34
  • ផលិតផលថ្មី

Lexus Minivan បង្ហាញ​មុខ​ពិត ពី​ខាង​​ក្នុង​ទំនើប​ហួស​ថ្លែង

  • 2019-04-18 02:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​លេច​ឮ​ចចាមអារ៉ាម​​ច្រើន​លើក​ច្រើន​សារ រថយន្ត​​ប្រភេទ​ Minivan ​ម៉ាក​ Lexus ដំបូង​គេ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ក្នុង​កម្មវិធី​ Shanghai Auto Show ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ហើយ​ក៏​នឹង​​ដាក់​លក់​​លើ​ទីផ្សារ​អាស៊ី​ផង​ដែរ។

​​​រថយន្ត​ប្រភេទ Minivan នេះ​មាន​ម៉ូដែល​ជា​ Lexus LM ដែល​វា​មាន​ទ្រង់ទ្រាយ​​ស្រដៀង​នឹង​រថយន្ត​ Toyota Alphard ប៉ុន្តែ​មាន​រចនាបថ​​ស្រដៀង​នឹង​​រថយន្ត​ Lexus ​ជំនាន់​ចុង​ក្រោយ។ រថយន្ត​ LM ដែល​បង្ហាញ​នៅ​សៀងហៃ គឺ​មាន​បំពាក់​កៅអី​ចំនួន​បួន ដោយ​ផ្នែក​ខាង​ក្រោយ​​គឺ​ប្រៀប​ដូច​ជា​កាបីន​យន្តហោះ​ប្រភេទ​ Business-Class អ៊ីចឹង។

កៅអី​​អ្នក​បើកបរ​ និង​កៅអី​អ្នក​ដំណើរ​ជួរ​ខាង​ក្រោយ​ត្រូវ​បាន​ខណ្ឌ​ចែក​​ដោយ​​ជញ្ជាំង​កញ្ចក់​​មួយ​ដែល​អាច​បិទ​បើក​បាន ហើយ​លើ​ជញ្ជាំង​នេះ​ក៏​មាន​បំពាក់​ទូរទស្សន៍​ដ៏​ធំ​មួយ​ និង​មាន​គ្រឿង​បរិក្ខារ​ជា​ច្រើន​ទៀត។ Lexus និយាយ​ថា​រថយន្ត​ LM នេះ​ក៏​នឹង​មាន​ប្រភេទ​កៅអី​អង្គុយ​ចំនួន ៧ ផង​ដែរ។

ចំណុច​សំខាន់​លើ​រថយន្ត​នេះ​គឺ​កៅអី​អ្នក​ដំណើរ​ជួរ​ខាង​ក្រោយ។ កៅអី​នេះ​មាន​បំពាក់​ប្រព័ន្ធ​កម្ដៅ, ប្រព័ន្ធ​ខ្យល់, មាន​មុខងារ​ម៉ាស្សា និង​អាច​សារ៉េ​បាន​ច្រើន​របៀប។ កៅអី​អង្គុយ​នេះ​មាន​​​ផ្ទុក​ដោយ​ Foam ​មួយ​ប្រភេទ ដែល​​​​​អាច​ឲ្យ​ដំណើរ​អង្គុយ​បាន​យ៉ាង​ស្រណុក​សុខ​ស្រួល។

ទូរទស្សន៍​ជាប់​ជញ្ជាំង​គឺ​មាន​ទំហំ ២៦ អ៊ីញ អាច​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន និង Tablet ​ហើយ​អាច​ចាក់​ឌីស​បាន​ផង​ដែរ។ មុខងារ​ដទៃ​ទៀត​មាន​ដូច​ជា​ឧបករណ៍​បំពង​សំឡេង​ចំនួន ១៩, ទូ​ទឹកកក​ចំណុះ ១៤ លីត្រ ដែល​អាច​ដាក់​ស្រា​បាន​ពីរ​ដប, អេក្រង់​ Touch ស្ថិត​នៅ​កណ្ដាល​កៅអី​ទាំង​ពីរ​សម្រាប់​បញ្ជា​ទូរសព្ទ បញ្ជា​កៅអី បញ្ជា​ម៉ាស៊ីន​ត្រជាក់ និង​បញ្ជា​ប្រព័ន្ធ​សំឡេង​ជា​ដើម។ ​លើស​ពី​នេះ​ក៏​ស្រទាប់​ការពារ​ ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ​​ផង​ដែរ។​​

Lexus LM នេះ​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​ពីរ​គឺ​ LM 350 ប្រើ​ប្រាស់​ម៉ាស៊ីន ៣,៥ លីត្រ ៦ ស៊ីឡាំង និង LM 300h ​ប្រើ​ប្រាស់​ម៉ាស៊ីន​ ២,៥ លីត្រ ៤ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី។ Lexus ទាំង​ពីរ​នេះ​នឹង​ចេញ​លក់​នៅ​ចុង​ឆ្នាំ​ ២០១៩ នេះ​ ជា​មួយ​ជម្រើស​ពណ៌​ស និង​ពណ៌​ខ្មៅ។ តម្លៃ​មិន​ទាន់​​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​ច្បាស់​ជា​ថ្លៃ​ជាង​ Toyota Alphard៕​​​​​

ចុចអាន៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់