• 2019-04-15 02:00:00
  • ព័ត៌មាន

មុន​ល្បី​លើហ្វេសប៊ុក តើ​ "ស្ដេចហ្គេម" មានប្រវត្តិជូរចត់​បែបណាខ្លះ?

  • 2019-04-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​រំលឹក​រឿង​​អតីត ​លោក ងួន ស៊ីណាត ត្រឹម​ជា​ក្មេង​ម្នាក់​​មិន​ចេះ​អី​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ងាក​មក​មើល​បច្ចុប្បន្ន​វិញ លោក​ជា​អ្នក​លក់​​ហ្គេម​ដ៏​ល្បី​​មួយ​រូប​ លើ​បណ្ដាញ​សង្គម​ Facebook ដោយ​​អាច​រកចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ ប្រកប​ដោយ​ជីវភាព​សមរម្យ។ បុរស​មាន​រហស្សនាម "ស្ដេចហ្គេម" បាន​ចាប់​ផ្ដើម​កាក់កប​ជាមួយ​របរ​នេះ ក្រោយ​ពី​ឈប់​លក់​កាត​ទូរសព្ទ​សាធារណៈ តាម​ចិញ្ចើម​ថ្នល់ និង​រត់​មូតូឌុប។

ជា​សិស្ស​រៀន​មិន​​សូវ​ចេះ ស្រលាញ់​តុ​ក្រោយ ប៉ុន្តែ​​ចម្លង​ដាច់​ដៃ​ចោល

អាច​ថា​រៀង​កំប្លែង​បន្តិច! លោក ងួន ស៊ីណាត មាន​កម្រិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​យុគន្ធរ។ លោក​ចេះ​និយាយ​អង់គ្លេស​តិច​តួច។ លោក​ប្រាប់​​ថា កាល​នៅ​រៀន​លោក ជា​សិស្ស​ម្នាក់​មិន​ដែល​គេច​សាលា រៀន​មិន​​សូវ​ចេះ ស្រលាញ់​តុ​ក្រោយ ប៉ុន្តែ​ពូកែ​ចម្លង។ ចូល​ដល់​ថ្នាក់​ទី​១១ លោក​ចាប់​ផ្ដើម​ចេះ​គេច​សាលា ដោយសារ​តែ​រឿង​គំនូរជីវចល "ជីងចាំង" ហើយ​ក៏​ឈប់​តែ​ម្ដង គឺ​នៅ ឆ្នាំ​២០០០។

ធ្វើ​ជាង​មាស លក់​កាត​ទូរសព្ទ​សាធារណៈ និង​រត់​ម៉ូតូឌុប

ក្រោយ​ឈប់​រៀន លោក​បាន​ទៅ​រៀន​ និង​ធ្វើ​ជាងទង​នៅ​ប៉ោយប៉ែត ​​អស់​រយៈពេល​៤​ឆ្នាំ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​​២០០០។ ​របរ​ជា​ជាង​មាស មិន​ជា​កាក់កប អំឡុង​ឆ្នាំ​២០០៤ លោក​បាន​មក​លក់​កាត​ទូរសព្ទ​សាធារណៈ​ ម្ដុំ​ស្តុប​ពេទ្យ​ចិន ក្នុង​ទីក្រុង​​ភ្នំពេញ ដោយ​អាច​រក​ចំណូល​បាន​គុណនឹង១០ បើ​ធៀប​របរ​ចាស់។

ស្រប​ពេល​ ការ​លក់​កាត​ទូរសព្ទ​សាធារណៈ ហាក់​ថមថយ បុរស​មាន​ដើម​កំណើត​នៅ​ខេត្ត​បន្ទាយ​មានជ័យ ក៏​បាន​ឆ្លៀត​រត់​ម៉ូតូ​ឌុប​បន្ថែម​។

បែក​គំនិត​បើក​កន្លែង​លក់​​​​​សម្ភារៈ​អេឡិចត្រូនិក និង​គ្រឿង​ហ្គេម​​ទ្រង់ទ្រាយ​តូច​មួយ

ក្រោយ​មក​លោក បាន​ចាប់​ផ្ដើម​បែក​គំនិត បើក​​កន្លែង​លក់​សម្ភារៈ​អេឡិចត្រូនិក និង​គ្រឿង​ហ្គេម​តូច​មួយ​ ដោយ​ទទួល​ឥវ៉ាន់​បន្ត​ពី​ក្រុមហ៊ុន​ធំៗ។ លោក​ថា ការងារ​នេះ​បាន​ធ្វើ​ឱ្យ​លោក​រក​ចំណូល បាន​តិច​តួច​ដែរ ដើម្បី​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ល្បីល្បាញ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក

មនុស្ស​​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​ស្គាល់​បុរស​រហស្សនាម​ស្ដេចហ្គេម ប៉ុន្តែ​ក្រោយ​មាន​ហ្វេសប៊ុក លោក​ចាប់​ផ្ដើម​ល្បី​ខ្លាំង​តាម​រយៈ វីដេអូ​​កំប្លែង​ៗ ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ញ៉ែ​កញ្ញា "ចិន" លើ​កីឡា​អេឡិចត្រូនិក E-Sport "PUBG" ដែល​មាន​ទាំង​លើ​កុំព្យូទ័រ និង​ស្មាតហ្វូន។

រាល់​ការ​ Live លេង E-Sport លើ​ផេក​ SDACH GAME ស្តេច ហ្គេម ដែល​មាន​អ្នក Like ជាង២០ម៉ឺន​​នាក់ ​ម្ដងៗ លោក​ទទួល​បាន​ការ​​គាំទ្រ​​ច្រើន។ ក្រៅ​ពី​ផេក​ផ្ទាល់​ខ្លួន​លោក​ក៏​មាន SDACH GAME ស្តេច ហ្គេម Fan Club មួយ​ទៀត​ផង​ ដែល​មាន​អ្នក Like ជាង​២​ម៉ឺន​នាក់។

បន្ទាប់​ពី​មាន​ភាព​ល្បី​ល្បាញ​លើ​ហ្វេសប៊ុក លោក ស៊ីណាត ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗ ហៅ​ទៅ​ធ្វើ​ជា​ពិធីករ តាម​កម្មវិធី​ផ្សេងៗ​ផង​ដែរ ហើយ​នេះ​​ក៏​ជា​ផ្នែក​មួយ ដែល​លោក​អាច​រក​ចំណូល​បាន​ខ្លះៗ​ដែរ។

បំណង​ប្រាថ្នា​អនាគត

បំណង​ប្រាថ្នា នា​ថ្ងៃ​អនាគត លោក​ចង់​ពង្រីក​កន្លែង​ឱ្យ​ធំ​ជាង​នេះ បំពាក់​គ្រឿង​អេឡិចត្រូនិក​ទំនើប​ៗ។ លោក ងួន ស៊ូណាត ​​ប្រាប់​ថា សូម​ឱ្យ​យុវជន​ជំនាន់​ក្រោយ ខិត​ខំ​សិក្សា​រៀន​សូត្រ​។ ជីវិត​ជា​ការ​តស៊ូ ធ្វើ​អ្វី​ចេះ​ឱ្យ​ប្រាកដ នោះ​ប្រាក់​នឹង​រត់​តាម​ហៅ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់