• 2019-04-11 03:57:42
  • ព័ត៌មាន

អីយ៉ាស់! តិចទៀត​មាន​ជនជាតិ​អារ៉ាប់រួម ឡើង​អវកាស​ដែរហើយ

  • 2019-04-11 03:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អារ៉ាប់រួម គ្រោង​ទិញ​យាន​អវកាស​រុស្ស៊ី Soyuz មួយ​គ្រឿង ដើម្បី​បញ្ជូន​អ្នកអវកាស​របស់ខ្លួន​ទៅកាន់​គន្លងផែនដី។ ការ​បាញ់បង្ហោះ​នេះ នឹងធ្វើឡើង​ក្នុង​រយៈពេល​២ឆ្នាំខាងមុខ។ នេះបើតាម​ការ​បញ្ជាក់​របស់លោក Sergey Krikalev នាយក​ផ្នែក​អវកាស​ដែល​គ្រប់គ្រង​ដោយ​មនុស្ស នៃ​សាជីវកម្ម​អវកាស​រុស្ស៊ី ROSCOSMOS ថ្លែងទៅកាន់ Sputnik News ក្នុង​កិច្ចសម្ភាស​មួយ ដោយ​ត្រូវបាន​ចុះផ្សាយ​នៅថ្ងៃទី១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ។

យាន Soyuz (រូបថត៖ NASA)

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពួកគេ (អារ៉ាប់រួម) ពិចារណា​ទិញ​យានអវកាស Soyuz ពីយើង ដែលក្នុង​​យាននេះ មាន២កៅអី។ ដោយសារតែ​យោង​តាម​ច្បាប់​រុស្ស៊ី មេបញ្ជាការ​យាន Soyuz ត្រូវតែមាន​ជនជាតិ​រុស្ស៊ី​ម្នាក់»។

លោក Sergey Krikalev បន្ថែម​ថា ប្រសិន​បើ​អារ៉ាប់រួមចុះ​កុងត្រា​ជាមួយ ROSCOSMOS នោះ​យានអវកាស​ Soyuz នឹងត្រូវផលិតឡើងថែមមួយគ្រឿងទៀត ហើយ​វា​មិនមែន​ជាផ្នែក​នៃកម្មវិធី​អវកាស​របស់​រុស្ស៊ី ក្នុងការ​បញ្ជូន​អវកាស​យានិក​រុស្ស៊ី​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នោះទេ។

បើតាម​លោក Vladimir Ustimenko អ្នកនាំពាក្យ ROSCOSMOS បាន​លើកឡើង​កាលពី​ខែ​មុន​ថា អ្នកអវកាស​អារ៉ាប់រួម​ទី១ អាច​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​លើយាន​ Soyuz នាចុងខែ​កញ្ញា​ខាងមុខ។

គួរ​រំលឹក​ថា កាលពីខែកញ្ញា ឆ្នាំ​២០១៨ បេក្ខជន​អវកាស​អារ៉ាប់រួម​២រូប គឺលោក Hazza Mansouri និង លោក Sultan Niyadi បាន​ចាប់ផ្តើម​ហ្វឹកហាត់​នៅមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អ្នកអវកាស​រុស្ស៊ី Yuri Gagarinក្នុង​ក្រុងមូស្គូ ដើម្បី​ត្រៀម​ធ្វើដំណើរ​ជាប្រវត្តិសាស្រ្ត​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ៕

រូបថត៖ The National

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

មតិយោបល់