• 2019-03-18 07:48:36
  • ព័ត៌មាន

ក្រុមហ៊ុន Huawei ជាអ្នកអភិវឌ្ឍ និងត្រួសត្រាយផ្លូវបច្ចេកវិទ្យា 5G ដំបូងបំផុតតែមួយគត់នៅកម្ពុជា

  • 2019-03-18 07:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា ២០១៩ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី ១៥ ដល់ ១៧ ខែ​មីនា​ នៅ​សាល​ពិព័រណ៍​កោះពេជ្រ រាជធានី​ភ្នំពេញ ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)។

ក្នុង​ឱកាស​នៃ​ការ​បើក​កម្មវិធី​នេះ​ ឯកឧត្ដម​អគ្គ​បណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ៖ "នេះ​ជា​លើក​ទី​មួយ​ដែល​យើង​រៀប​ចំ​សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា ២០១៩ នៅ​ក្នុង​ប្រទេស ដើម្បី​ប្រមូល​ផ្ដុំ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ស្រប​នឹង​អំឡុង​ពេល​នៃ​ការ​ចាប់​ផ្ដើម​អាណត្តិ​ថ្មី ដែល​ជា​អាណត្តិ​ទី ៦ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ បច្ចេកវិទ្យា​ឌីជីថល​នឹង​ផ្ដល់​ឱ្យ​កម្ពុជា​នូវ​ឱកាស​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​អភិវឌ្ឍ​ចេញ​ពី​ការ​អភិវឌ្ឍ​បែប​ប្រពៃណី ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​យ៉ាងហោចណាស់​ ១០ ឆ្នាំ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​មួយ​ដ៏​ពេញ​លេញ"។

លោក David Li នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd. ​ក៏​បាន​ថ្លែង សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ១៥​ ខែ​មីនា ថា ៖ “ក្រុមហ៊ុន Huawei បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ ២០ ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ ម្ល៉េះ។ ឆ្នាំ​នេះ​គឺ​ជា​ខួប ២០ ឆ្នាំ​របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា។ វឌ្ឍនភាព​ជាមួយ​ចក្ខុវិស័យ និង​បេសកកម្ម​ដ៏​ច្បាស់លាស់​របស់​ក្រុមហ៊ុន​ Huawei ដោយ​ការ​នាំ​យក​ឌីជីថល​ទៅ​កាន់​មនុស្ស​គ្រប់រូប គ្រប់​គេហដ្ឋាន និង​គ្រប់​ស្ថាប័ន ដើម្បី​បណ្ដាញ​ត​ភ្ជាប់​ដ៏​ឆ្លាត​វៃ និង​កម្ពុជា​ដ៏​ឆ្លាត​វៃ ដែល​ស្រប​ទៅ​នឹង​ប្រធានបទ​នៃ​សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា” ។

លោក David បាន​បន្តថា​ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់ "ឌីជីថលកម្ពុជា" ក្រុមហ៊ុន Huawei ជឿ​ជាក់​ថា "ឌីជីថលកម្ពុជា" ដែល​បាន​ផ្ដួចផ្ដើម​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ក្លាយ​ជា​វេទិកា​ដ៏​អស្ចារ្យ​មួយ ដែល​ផ្ដល់​ឱកាស​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​វិស័យ ICT ដើម្បី​ផ្លាស់​ប្តូរ​គំនិត និង​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​នឹង​ជួយ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ជំនាន់​ទី​ ៤។ ក្នុង​នាម​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​នៃ​បច្ចេកវិទ្យា 5G ក្រុមហ៊ុន Huawei បាន​ចាប់​ផ្ដើម​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា 5G នៅ​ដើម​ឆ្នាំ ២០០៩ ហើយ​បច្ចុប្បន្ន​នេះ Huawei គឺ​ជា​អ្នក​ផ្គត់ផ្គង់​តែ​មួយ​គត់​ដែល​អាច​ផ្ដល់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G នេះ។

"ប្រទេស​កម្ពុជា គឺ​ជា​ទីផ្សារ​កំពុង​រីក​ចម្រើន ដែល​ជា​ថាមពល​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​ផ្សារ​ភ្ជាប់​រវាង​ការ​ច្នៃប្រឌិត និង​អាជីវកម្ម។ ឆ្នាំ ២០១៩ នឹង​ក្លាយ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​បច្ចេកវិទ្យា 5G នៅ​កម្ពុជា។ ក្រុមហ៊ុន Huawei ដែល​ជា​អ្នក​ផ្គត់ផ្គង់​ឈាន​មុខ​គេ​លើ​ពិភពលោក​នៃ​បច្ចេកវិទ្យា 5G នឹង​ជួយ​ដល់​ប្រតិបត្តិ​ករ​ទាំង​អស់​ឱ្យ​សម្រេច​ក្តី​សុបិន​នៃ​បច្ចេកវិទ្យា​ 5G របស់​ពួក​គេ។ យើង​នឹង​បន្ត​វិនិយោគ​បច្ចេកវិទ្យា​ 5G ​អ៊ីនធឺណិត Cloud AI និង​ឧបករណ៍​ឆ្លាតវៃ ដើម្បី​ជួយ​អតិថិជន​របស់​យើង​បង្កើន​អត្ថប្រយោជន៍​ជាមួយ​បច្ចេកវិទ្យា​ដ៏​លេច​ធ្លោ​នេះ"។ លោក David បាន​បន្ថែម។

នៅ​ក្នុង​សន្និសីទ និង​ពិព័រណ៍​ឌីជីថលកម្ពុជា ក្រុមហ៊ុន Huawei បាន​រៀប​ស្តង់​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់ 5G ដំណោះ​ស្រាយ​បច្ចេកវិទ្យា Cloud និង​ទូរសព្ទ 5G ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ Huawei Mate X៕

អត្ថបទ៖ សុខហេង

មតិយោបល់