• 2019-03-12 03:08:40
  • ព័ត៌មាន

​Jack Ma ធ្លាប់​និយាយ​បែប​នេះ​អំពី​កម្ពុជា មុន​មក​​កាន់​សៀមរាប​

  • 2019-03-12 03:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មហាសេដ្ឋី​ Jack Ma បាន​បង្ហាញ​មុខ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ ហើយ​មាន​មតិ​ខ្លះ​លើក​ឡើង​ថា​លោក​មាន​បំណង​វិនិយោគ​ក្នុង​ប្រទេស​មួយ​នេះ។ មុន​មក​កាន់​កម្ពុជា​ អ្នក​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ដ៏​ធំ​រូប​នេះ​​ធ្លាប់​បាន​លើក​ឡើង​អំពី​ប្រទេស​កម្ពុជា ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ឆ្នាំ ២០១៧។

រូបភាព ៖ សួង សុខ ហ៊ាង

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៧​ លោក​ Jack Ma បាន​ធ្វើ​​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​ជា​មួយ​នឹង​​លោក​ Suthichai Yoon សហ​ស្ថាបនិក​សារព័ត៌មាន​ថៃ​​ The Nation ​ដែល​​និយាយ​​​អំពី​ការ​ធ្វើ​ជំនួញ​ក្នុង​​ប្រទេស​ថៃ។ អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​មហា​សេដ្ឋី​ចិន​រូប​នេះ​ក៏​បាន​និយាយ​អំពី​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​ Jack Ma និង លោក Suthichai Yoon

នៅ​ពេល​សំនួរ​សួរ​ថា​ ៖ "ក្រៅ​​តែ​ពី​ប្រទេស​ថៃ តើ​លោក​មាន​ផែនការ​យុទ្ធសាស្ត្រ​ធំ​អ្វី​​ក្នុង​អាស៊ាន?”។ លោក​ Jack Ma បាន​ឆ្លើយ​តប​ថា ៖ "​មាន​ប្រទេស​ ៥ ទៀត​ដែល​យើង​កំពុង​ចាប់​អារម្មណ៍​ខ្លាំង។ ដំបូង​យើង​មក​កាន់​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​គឺ​​ប្រទេស​ម៉ាឡេស៊ី។ ​ពួក​យើង​ក៏​​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​​ប្រទេស​ប៉ាគីស្ថាន​ដែរ។ យើង​គិត​ថា​វៀតណាម​ក៏​សំខាន់​​ ហើយ​ហ្វីលីពីន​ក៏​ដូច​គ្នា។ ពិត​ណាស់​មាន​ ៥ ប្រទេស​ ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​​ក្រុមការងារ​ក្មេងៗ​របស់​យើង​កំពុង​តែ​ចាប់​អារម្មណ៍​​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នេះ"។

កិច្ច​សម្ភាសន៍​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រុមហ៊ុន​ Alibaba បាន​បើក​ដំណើរ​ការ​​ហាង​កាហ្វេ​ដែល​មិន​​ប្រើ​សាច់​ប្រាក់​ (ទូទាត់​លុយ​តាម​ទូរសព្ទ) ក្នុង​ប្រទេស​ចិន។ គោល​បំណង​របស់​ក្រុមហ៊ុន​​គឺ​ចង់​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​​សង្គម​ដែល​​មិន​ប្រើ​ក្រដាស​ប្រាក់​ក្នុង​ពេល​ ៥ ឆ្នាំ ហើយ​ថែម​ចង់​ពង្រីក​ភាព​អស្ចារ្យ​នេះ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ដែរ។ លោក​ Jack Ma ​​ ​បាន​លើក​ឡើង​ដែរ​ថា ​សង្ឃឹម​ថ្ងៃ​មួយ​ពេល​ដែល​ប្រជាជន​ចិន​​​រាប់​លាន​នាក់​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ពួក​គេ​គ្រាន់​តែ​យក​ទូរសព្ទ និង លិខិត​ឆ្លង​ដែន​​ ដោយ​មិន​បាច់​យក​​លុយ​ក្រដាស​ទៅ​ជា​មួយ​នោះ​ទេ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក​ Jack Ma ពី​ប្រទេស​កម្ពុជា​ខាង​លើ​នេះ​ក៏​អាច​មាន​ន័យ​ថា​​​ប្រទេស​កម្ពុជា​នឹង​ជា​គោលដៅ​វិនិយោគ​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​តាម​អ៊ីនធឺណិត​​​បន្ទាប់​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខហេង

មតិយោបល់