• 2019-03-12 02:46:24
  • ព័ត៌មាន

ប្រធាន​ក្រុមហ៊ុន​ប៊ូអ៊ីញ ចេញ​បកស្រាយ​ជុំវិញ​បញ្ហា​យន្តហោះ 737 Max​

  • 2019-03-12 02:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Dennis Muilenburg ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០១៩​ថា លោក​ជឿជាក់​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​យន្តហោះ 737 Max បន្ទាប់ពី​យន្តហោះ​ដែល​លក់​ដាច់​បំផុត​នេះ ចំនួន​ ២​គ្រឿង បាន​ធ្លាក់​ជា​បន្ត​បន្ទាប់ ក្នុង​រយៈ​ពេល​កន្លះ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

លោក Dennis Muilenburg បាន​ប្រាប់​សារព័ត៌មាន Reuters ថា តាំង​ពី​ដាក់​ដំណើរការ​មក​ទល់​ពេល​នេះ​ ត្រកូល Max បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ហោះ​សាកល្បង​ជា​ច្រើន​លើក ដោយ​ជោគជ័យ និង​ប្រកប​ដោយ​សុវត្ថិភាព​។

លោក Dennis Muilenburg ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing

នាយក​ប្រតិបត្តិ​ខាងលើ​បន្តថា Boeing បាន​បញ្ជូន​យន្តហោះ​ត្រកូល Max ជាង ៣៧០​គ្រឿង ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន ៤៧ ដែល​ជា​អតិថិជន​របស់​ខ្លួន​។

ជុំវិញ​សោកនាដកម្ម​របស់​ជើង​ហោះហើរ ET302 នៃ​អាកាសចរណ៍​អេត្យូពី លោក​អះអាង​ថា Boeing គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ស៊ើបអង្កេត និង​ត្រៀម​រួច​ជាស្រេច​ក្នុង​ការ​សហការ ជាមួយ​អាជ្ញាធរ​អេត្យូពី និង​ក្រុម​ប្រឹក្សា​ភិបាល​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​អាមេរិក​។

បំណែក​យន្តហោះ ET302 ដែល​ធ្លាក់​នៅ​អេត្យពី (រូបភាព Reuters)

សូម​រំឭក​ថា ជើង​ហោះហើរ​លេខ ET302 ខាង​លើ បាន​ធ្លាក់ ក្រោយ​ចាក​ចេញ​ពី​ក្រុង Addis Ababa ប្រទេស​អេត្យូពី តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អំឡុង​ហោះហើរ​ទៅ​ក្រុង Nairobi ប្រទេស​កេនយ៉ា ​ដែល​សម្លាប់​មនុស្ស​ចំនួន ១៥៧​នាក់ កាលពី​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០១៩​៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ លាភ

មតិយោបល់