• 2019-03-10 07:00:00
  • ចំណេះដឹង

៤ រឿង​គួរ​ដឹង​ពី​ខ្សែ​កាប​បាត​សមុទ្រ​​ ​​ត​ភ្ជាប់​អ៊ីនធឺណិត​​ជុំវិញ​ពិភពលោក​​​

  • 2019-03-10 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​នេះ​​ខ្សែ​កាប​ដែល​ប្រើ​សម្រាប់​ត​ភ្ជាប់​អ៊ីនធឺណិត​លើ​ពិភពលោក​មាន​ ៧០% ​ដំឡើង​នៅ​លើ​ផ្ទៃ​ដី ចំណែក​ ៣០% ទៀត​ត្រូវ​បាន​បង្កប់​នៅ​បាត​សមុទ្រ​ជ្រៅ​ៗ​ឯណោះ។ ខ្សែ​កាប​បាត​សមុទ្រ​នេះ​​ប្រើ​សម្រាប់​​ផ្ដល់​​អ៊ីនធឺណិត​ទៅ​កាន់​ប្រទេស ឬ តំបន់​ដទៃ​ដែល​ខណ្ឌ​ចែក​ដោយ​ទឹក​សមុទ្រ។ ត​ទៅ​នេះ​នឹង​បង្ហាញ​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះៗ​ទាក់​ទង​នឹង​ខ្សែ​កាប​បង្កប់​នៅ​បាត​សមុទ្រ៖

១. សមាសធាតុ​ផ្សំ​នៃ​ខ្សែ​កាប

ខ្សែ​កាប​សម័យ​​ប្រើ​សម្រាប់​សមុទ្រ​ទឹក​ជ្រៅ​បច្ចុប្បន្ន​មាន​អង្កត់​ផ្ចិត​​ទំហំ ២៥ ម.ម និង មាន​ទម្ងន់​ប្រមាណ​ ១,៤ តោន សម្រាប់​ប្រវែង​ ១ គ.ម។ ដោយ​ឡែក​សម្រាប់​ខ្សែ​កាប​នៅ​សមុទ្រ​ទឹក​រាក់ៗ​មាន​ទំហំ​ធំ និង ទម្ងន់​ធ្ងន់​ជាង​ខ្សែ​កាប​ទឹក​ជ្រៅ។ ខ្សែ​កាប​នេះ​ទៀត​សោត​​មាន​​ការ​ការពារ ៧ ជាន់ ដោយ​រាប់​ពី​ក្រៅ​ជាន់​ទី​មួយ​ជា​ជ័រ, ទី​ពីរ​ស្កុត​ Mylar, ទី​បី​សរសៃ​ខ្សែ​ភ្លើង​ដែក, ទី​បួន​​អាលុយមីញ៉ូម​សម្រាប់​ការពារ​ទឹក, ទី​ប្រាំ​ប៉ូលីកាប៉ូណាត, ទី​ ៦ បំពង់​ទីប​អាលុយមីញ៉ូម​ ឬ ​​ស្ពាន់, ​ទី​ ៧ ប្រេង​​ឥន្ធនៈ​ជីវែល និង ទី ៨ ស្នូល​ខាង​ក្នុង​ជា​ខ្សែ​កាប​អុបទិក។

២. អាយុ​កាល​ខ្សែ​កាប

រ៉ូបូតសម្រាប់ពង្រាយខ្សែកាបនៅបាតសមុទ្រ

ខ្សែ​កាប​​​បាត​សមុទ្រ​រំពឹង​ថា​នឹង​​អាច​មាន​អាយុ​កាល​ប្រមាណ​​ ២៥ ឆ្នាំ​ ទើប​ត្រូវ​​ដូរ​ចេញ​ថ្មី​ ឬ ត្រូវ​ជួសជុល។ ពេល​ត្រូវ​ជួសជុល​គឺ​មាន​កប៉ាល់​ពិសេស​ដែល​បញ្ជូន​ចេញ​ទៅ​សម្រាប់​ការ​ជួសជុល។ ប្រសិន​បើ​ទីតាំង​ខ្សែ​កាប​ខូច​មាន​ជម្រៅ​មិន​ដល់ ១ ៩៨០ ម៉ែត្រ​ គេ​នឹង​ប្រើ​រ៉ូបូត​ដើម្បី​​ឲ្យ​ទៅ​ជួសជុល​ខ្សែ​កាប​ដែល​ខូច​នោះ។ យ៉ាងណាក្ដី​ប្រសិន​​ខ្សែ​កាប​មាន​ជម្រៅ​ជ្រៅ​លើស​នេះ​គេ​នឹង​ប្រើ​កប៉ាល់​ស្ទូច​ដើម្បី​ស្ទូច​ខ្សែ​កាប​ឡើង​មក​លើ រួច​ទើប​ធ្វើ​ការ​ជួសជុល។

៣. ដំឡើង​ខ្សែ​កាប​ចំណាយ​​ច្រើន និង ប្រើ​ពេល​យូរ

ដំណើរ​ការ​ដំឡើង​ខ្សែ​កាប​បាត​សមុទ្រ​គឺ​ជា​រឿង​ហត់​នឿយ​ ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន និង កម្លាំង​មនុស្ស​ច្រើន។ កប៉ាល់​ធំ​មួយ​ជា​អ្នក​បង្កប់​ខ្សែ​កាប​នៅ​បាត​សមុទ្រ ហើយ​ពួក​គេ​ត្រូវ​ប្រាកដ​ថា​ខ្សែ​កាប​ទាំង​នោះ​បាន​កប់​ដោយ​ត្រឹម​ត្រូវ ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​ព្យាយាម​​ជៀស​ពី​ផ្កា​ថ្ម និង ជីវិត​សត្វ​សមុទ្រ​ដទៃ​ទៀត​ដែល​រស់​នៅ​បាត​សមុទ្រ។ កប៉ាល់​អាច​ពង្រាយ​ខ្សែ​កាប​បាន​ចន្លោះ​ពី ១០០ – ២០០ គ.ម ក្នុង​មួយ​ថ្ងៃ។

​​​​​​​​​​​​​​​​​​៤. ការ​គំរាម​កំហែង​ចំពោះ​ខ្សែ​កាប

ត្រីឆ្លាមកំពុងខាំខ្សែកាបបាតសមុទ្រ

សត្វ​ត្រី​ឆ្លាត​ពិត​ជា​ចូល​ចិត្ត​ខាំ​ខ្សែ​កាប​បាត​សមុទ្រ​ណាស់ ហើយ​មូលហេតុ​ពី​ក្រោយ​រឿង​នេះ​មិន​ទាន់​មាន​នរណា​រក​ឃើញ​នៅ​ឡើយ​ទេ។ ព្រោះ​តែ​ត្រី​ឆ្លាម​នេះ​​ហើយ​ទើប​បង្ខំ​ឲ្យ​ក្រុមហ៊ុន​​ដូច​ជា​ Google ការពារ​ខ្សែ​កាប​របស់​ខ្លួន​ដោយ​រុំ​ជា​មួយ​បន្ទះ​សំណ។ ក្រៅ​ពី​ត្រី​ឆ្លាម​ការ​គំរាម​កំហែង​ដទៃ​ទៀត​រួម​មាន​ គ្រោះ​ធម្មជាតិ, យុថ្កា​កប៉ាល់ និង ទូក​នេសាទ​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ជា​គោលដៅ​វាយ​ប្រហារ​របស់​ Hacker និង ជន​ខិល​ខូច​ដទៃ​ទៀត​ផង​ដែរ៕

វីដេអូ​បង្ហាញ​ពី​ដំណើរ​ការ​ពង្រាយខ្សែ​កាបបាត​សមុទ្រ ៖

ចុចអាន៖

ប្រភព៖ HumansatSea ប្រែ​សម្រួល៖ សុខហេង

មតិយោបល់