• 2019-02-25 08:51:58
  • ផលិតផលថ្មី

Lenovo ចេញ​អេក្រង់ ១៤ អ៊ីញ​ថ្មី ប្រើ USB-C ហើយ​អាច​យក​តាម​ខ្លួន​បាន

  • 2019-02-25 08:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដ៏​ល្បី​ឈ្មោះ Lenovo បាន​បញ្ចេញ​ផលិតផល​ថ្មី​មួយ​របស់​ខ្លួន គឺ​អេក្រង់​បង្ហាញ​រូបភាព​ទំហំ ១៤ អ៊ីញ​មួយ ដែល​មាន​ប្រើ​រន្ធ USB-C ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​អេក្រង់​នេះ ជា​អេក្រង់​ចល័ត អាច​យក​តាម​ខ្លួន​បាន។

អេក្រង់​ថ្មី​នេះ​មាន​ឈ្មោះ​ថា Lenovo ThinkVision M14 មាន​ទំហំ ១៤ អ៊ីញ ជា​ប្រភេទ IPS ដែល​មាន Resolution កម្រិត Full HD 1920x1080 មាន​ទម្ងន់ ៥៨០ ក្រាម ហើយ​អាច​ភ្ជាប់​ជា​អេក្រង់​បន្ថែម​របស់ Laptop តាម​រន្ធ​ត​ប្រភេទ USB-C បាន។ យ៉ាងណាមិញ ThinkVision M14 នេះ មិន​មាន​ថ្ម​បំពាក់​មក​ជាមួយ​នោះ​ឡើយ ដែល​វា​នឹង​ទាញ​ថាមពល​ពី​ឧបករណ៍​ដែល​វា​ភ្ជាប់​ជាមួយ​នោះ ដូច​ជា Laptop Tablet និង ទូរសព្ទ​ដៃ​ជា​ដើម។ ខាង​ក្រុមហ៊ុន Lenovo ផ្ទាល់​មិន​បាន​ប្រាប់​ពី​អត្រា​ស៊ីភ្លើង​របស់ ThinkVision M14 នេះ​ឲ្យ​បាន​ជាក់​លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា​វា​មិន​សូវ​ស៊ី​ភ្លើង​ប៉ុន្មាន​ឡើយ ដោយ​សារ​តែ​ប្រភេទ​អេក្រង់​របស់​វា។

និយាយ​ពី​រូបរាង​វិញ ThinkVision M14 មាន​កម្រាស់​ស្ដើង​ខ្លាំង​បើ​ប្រៀប​ទៅ​នឹង​អេក្រង់​ចល័ត​ជា​គូប្រជែង​ដទៃ​ទៀត ហើយ​ទម្ងន់​ក៏​ស្រាល​ដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​អេក្រង់​ចល័ត​របស់ Lenovo នេះ មាន​រន្ធ USB-C ដល់​ទៅ ២ ដែល​នៅ​ម្ខាង​ឆ្វេង​ម្ខាង​ស្ដាំ ជួយ​សម្រួល​សម្រាប់​ការ​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ​ពី​គ្រប់​ខាង។ ម៉្យាង​វិញ​ទៀត វា​ក៏​មាន​ជម្រើស​ជើង​ទម្រ ដែល​អាច​កំណត់​កម្ពស់​អេក្រង់​ចល័ត​នេះ​បាន​ទៀត​ផង ជួយ​សម្រួល​កុំ​ឲ្យ​អ្នក​ប្រើប្រាស់​ឈ្ងោក​ខ្លាំង​ពេក។

ប៉ុន្តែ ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ដែរ សម្រាប់​ ThinkVision M14 នេះ​គឺ វា​មាន​គែម​សល់​ធំ​ពេក ដែល​ជា​មើល​ទៅ​មិន​សូវ​ទំនើប និង​ខាត​កន្លែង​ទំនេរ​ច្រើន​ដែល​គេ​អាច​ពង្រីក​ទំហំ​ផ្ទៃ​អេក្រង់​ដោយ​ប្រើ​តួ​ទំហំ​ប៉ុន​គ្នា​នេះ​បាន។ Lenovo ThinkVision M14 នឹង​មាន​ដាក់​លក់​ក្នុង​អំឡុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ​ ដោយ​មាន​តម្លៃ ២៤៩ ដុល្លារ (ទី​ផ្សារ​បរទេស)។

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់