• 2019-02-23 03:20:00
  • ព័ត៌មាន

Oppo កំពុងសំឡឹងមើលឱកាសក្នុងការបោះជំហានចូលទីផ្សារមហាអំណាចអាមេរិកដូច OnePlus ដែរ

  • 2019-02-23 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដ៏​ធំ​មួយ​របស់​ចិន​គឺ Oppo កំពុង​តែ​មាន​បំំណង​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​ទូរសព្ទ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក គឺ​សហរដ្ឋ​អាមេរិក ដែល​ក្រុមហ៊ុន​ទូរសព្ទ​ចំណុះ​ជាមួយ​ខ្លួន​មួយ​គឺ OnePlus មាន​ចំណែក​​ឈរ​ជើង​នា​ទី​នោះ បាន​យូរ​គួរ​សម​ដែរ​មក​ហើយ។

នាយក​ផ្នែក​ជំនួញ​អន្តរជាតិ​របស់ Oppo លោក Alen Wu បាន​លើក​ឡើង​អំពី បំណង​ដែល​ក្រុមហ៊ុន​របស់​ខ្លួន​ មាន​បំំណង​ចូល​ប្រជែង​ក្នុង​ទីផ្សារ​យក្ស​មួយ​នេះ នៅ​ក្នុង​ការ​ផ្ដល់​បទ​សម្ភាសន៍​មួយ ដែល​មាន​អ្នក​បក​ប្រែ​ជួយ​សម្រួល។ ប៉ុន្តែ លោក​មិន​បាន​ប្រាប់​ឲ្យ​ប្រាកដ​ប្រជា​ថា Oppo នឹង​ចាប់​ផ្ដើម​បោះ​ជំហាន​ចូល សហរដ្ឋ​អាមេរិក​នា​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ឡើយ តែ​គាត់​ចង់​ឲ្យ Oppo មាន​ទីផ្សារ​ឲ្យ​បាន​នឹង​ធឹង នៅ​ក្នុង​ទ្វីប​អ៊ឺរ៉ុប ជា​មុន​សិន​។​

លោក Alen Wu បាន​និយាយ​ថា​នៅ​ក្នុង​កម្មវិធី​សមាជ​ទូរសព្ទ​ពិភពលោក MWC ថា៖ “អ៊ឺរ៉ុប ជា​ទីផ្សារ​យក្ស​មួយ​ដែល​ពិបាក​នឹង​ក្ដោប​ក្ដាប់​បាន ហើយ​រក្សា​ជើង​ឲ្យ​បាន​នឹង​ណាស់។ មើល​តែ​ក្រុមហ៊ុន Huawei ទៅ ដែល​ចំណាយ​ពេល​សឹង​តែ ១០ ឆ្នាំ​ហើយ បាន​ក្ដោប​ទីផ្សារ​បាន ហើយ​ឆក់​បាន​ដំណែង​កំពូល​ទៀត​នោះ" ។

ជា​ការ​ពិត​ណាស់ Oppo, OnePlus និង Vivo គឺ​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ ៣ ផ្សេង​គ្នា តែ​ចំណុះ​ឲ្យ​ក្រុមហ៊ុន​មេ​តែ​មួយ​ទេ ដែល​មាន​ឈ្មោះ​ថា BKK Elecgronics ដែល​ជា​សាជីវកម្មដ៏​ធំ​មួយ នៅ​ក្នុង​ប្រទេស​ចិន។ ទោះ​បី​ជា​ក្រុមហ៊ុន​ទាំង ៣ នេះ​ដំណើរ​ការ ដាច់​ផ្សេង​ពី​គ្នា​ក៏​ដោយ​ចុះ ប៉ុន្តែ​ខាង​ថ្នាក់​លើ​របស់ Oppo, OnePlus និង Vivo សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ល្អ ជិតស្និទ្ធ​ជាមួយ​គ្នា។

គួរ​បញ្ជាក់​ផង​ដែរ​ថា Oppo គឺ​ជា​ក្រុមហ៊ុន​ចិន​ចុងក្រោយ​បំផុត ដែល​ចង់​ចូល​មក​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ អាមេរិក ពោល​គឺ​បន្ទាប់​ពី OnePlus, TCL និង ZTE។ ប៉ុន្តែ ដោយ​សារ​តែ​ស្ថាន​ភាព​សង្គ្រាម​សេដ្ឋកិច្ច​រវាង​ ចិន និង អាមេរិក នៅ​មិន​ទាន់​ឈាន​ដល់​ការ​ស្វែង​រក​សន្តិភាព​នៅ​ឡើយ វា​ជា​ពេល​ដែល​ពិបាក​មួយ​សម្រាប់​ Oppo ព្រោះ អាមេរិក​ទើប​តែ​សម្រេច​ចិត្ត បោះ​បង់ Huawei ពី​ទីផ្សារ​ខ្លួន ហើយ​អនាគត​របស់ ZTE ក៏​នៅ​ស្រពេចស្រពិល ដោយ​ទើប​តែ​បាន​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជាមួយ​នឹង នាយក​ដ្ឋាន​សេដ្ឋកិច្ចរបស់​សហរដ្ឋអាមរិក​រួច​មក។

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់