• 2019-02-16 03:00:00
  • ចំណេះដឹង

មក​យល់​ដឹង​លម្អិត​ពី​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​រថយន្ត​ម្ដង​មើល ស្មុគ​ស្មាញ​យ៉ាង​ណា​ដែរ?

  • 2019-02-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 185

ចន្លោះមិនឃើញ

ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីន

ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីន មិនគ្រាន់តែមានសមត្ថភាពក្នុងការរក្សាកម្ដៅម៉ាស៊ីនកុំឲ្យឡើងក្ដៅខ្លាំងពេកតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាម៉ាស៊ីនឲ្យមានសីតុណ្ហភាពងំល្អ ដើម្បីសម្រួលដល់ការបញ្ឆេះ និងដំណើរការរបស់ម៉ាស៊ីនផងដែរ។ ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីននេះមាន រួមបញ្ចូលទាំង ធុងទឹកដើម្បីស្អំម៉ាស៊ីន, កង្ហារនាំខ្យល់ត្រជាក់ចូល, វ៉ាល់កម្ដៅសម្រាប់បិទបើកបន្ថយសម្ពាធពេលកម្ដៅកើនខ្ពស់, ស្នប់ទឹក (ស្នប់សារធាតុបញ្ចុះកម្ដៅ) ដែលមានមុខងារនាំទឺក និងសារធាតុត្រជាក់ចូលក្នុងម៉ាស៊ីន បូករួមនឹងទុយោ និងគ្រឿងមួយចំនួនទៀត។ យានយន្តក្នុងសម័យថ្មីនេះ ភាគច្រើនមានធុងមួយបន្ថែមទៀត សម្រាប់ឲ្យសារធាតុបញ្ចុះកម្ដៅអាចរីកមាឌ និងហូរចេញពីប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនបានពេលវាឡើងក្ដៅហួសកម្រិត ហើយអាចហូរត្រឡប់ចូលមកក្នុងម៉ាស៊ីនវិញ នៅពេលដែលវាចុះត្រជាក់។ ប្រព័ន្ធបញ្ចុះកម្ដៅក៏ដំណើរការរួមគ្នា ជាមួយនឹងប្រព័ន្ធរក្សាសីតុណ្ហភាព ក្នុងរថយន្តផងដែរ ព្រោះវាអាចផ្ដល់ជាកម្ដៅសម្រាប់ផ្នែកខាងក្នុងរថយន្តបាន សម្រាប់រថយន្តដែលប្រើប្រាស់នៅក្នុងស្ថានភាពត្រជាក់។

ស្នប់បូមទឹក (Water Pump)

ស្នប់បូមទឹក ដែលក្នុងពាក្យបច្ចេកទេសយានយន្តគេហៅថា ស្នប់បូមសារធាតុបញ្ចុះកម្ដៅនោះ ដំណើរការដោយ ម៉ាស៊ីនរថយន្តផ្ទាល់ ដែលមាននាទីសម្រាប់បូម សារធាតុរាវបញ្ចុះកម្ដៅ ឲ្យវាហូរនៅក្នុងប្រព័ន្ធបញ្ចុះកម្ដៅរថយន្ត។ បើសិនជាមានការលេចធ្លាយ ឬក៏មានសំឡេងពីក្នុងប្រព័ន្ធបញ្ចុះកម្ដៅមក វាអាចជាសញ្ញាថាស្នប់បូមទឹកនេះខូចហើយ ដែលវាអាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា អាយុកាលចាស់ ដាច់ខ្សែពាន ម៉ាស៊ីនរថយន្តក្ដៅហួសកម្រិត និងការខូចខាតប្រព័ន្ធផ្សេងៗនៅក្នុងរថយន្ត ក៏អាចឲ្យស្នប់បូមទឹកនេះ ខូចផងដែរ។ ដោយសារតែទីតាំងរបស់ស្នប់បូមទឹកនេះ នៅជិតនឹងម៉ាស៊ីន អ្នកប្រើប្រាស់រថយន្តទាំងអស់ គួរតែឧស្សាហ៍មើលវា និងខ្សែពាន ហើយប្រការល្អ គួរតែដូរស្នប់នេះចេញតែម្ដង នៅពេលដល់អាយុកាលកំណត់របស់វា ទោះបីជាវានៅដំណើរការក៏ដោយ ដោយហេតុថា បើសិនជាវាខូចដោយចៃដន្យ វាអាចបណ្ដាលឲ្យប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនទាំងមូល ដំណើរការមិនរលូន ធ្វើឲ្យខូចម៉ាស៊ីន អាចចំណាយលុយច្រើនលើសដើម។

កង្ហារស្អំធុងទឹក (Radiator Cooling Fan)

កង្ហារស្អំធុងទឹក មានតួនាទីទាញយកខ្យល់ត្រជាក់មកពីខាងក្រៅ ដើម្បីស្អំធុងទឹករថយន្ត។ វាមានទីតាំងនៅចន្លោះ ធុងទឹក និងម៉ាស៊ីនរថយន្ត ដែលកង្ហារស្អំធុងទឹកនេះនឹងដំណើការនៅពេលណា ដែលរថយន្តគ្មានខ្យល់ត្រជាក់ចូលគ្រប់គ្រាន់តាមប៉ាណាខាងមុខ ជាពិសេសគឺពេលរថយន្តបញ្ឆេះ ប៉ុន្តែឈប់នៅស្ងៀម ឬក៏បើកបរក្នុងល្បឿនយឺត។ កង្ហារស្អំធុងទឹកនេះ សព្វថ្ងៃភាគច្រើនដំណើរការដោយអគ្គិសនី ដែលវាអាចដំណើរការដោយខ្លួនវាពេលចាំបាច់ ខុសពីកង្ហារស្អំធុងទឹកកាលពីមុន ដែលដើរដោយខ្សែពានជាប់នឹងម៉ាស៊ីន ពោលគឺវាវិលលឿន ឬយឺតអាស្រ័យដំណើរការរបស់ម៉ាស៊ីន ដែលអាចធ្វើឲ្យ ប្រព័ន្ធបញ្ចុះកម្ដៅរបស់ម៉ាស៊ីន ដំណើរការមិនមានប្រសិទ្ធិភាព។ ម៉្យាងវិញទៀត ពេលខ្លះកង្ហារស្អំធុងទឹកនេះ ក៏ដំណើរការជាកង្ហារម៉ាស៊ីនត្រជាក់ សម្រាប់ផ្នែកខាងក្នុងរថយន្តផងដែរ។ ជាការពិតណាស់ កាលណាកង្ហារស្អំធុងទឹកខូច ម៉ាស៊ីនរថយន្តអាចនឹងឡើងកម្ដៅហួសកំណត់ ដែលវាតម្រូវឲ្យជួសជុលជាបន្ទាន់ ជៀសវាងការខូចខាតម៉ាស៊ីន ដែលធ្វើឲ្យមានការចំណាយច្រើន ទៅពេលមុខ។

សារធាតុបញ្ចុះកម្ដៅ (Coolant)

សារធាតុបញ្ចុះកម្ដៅ ជាសារធាតុរាវដែលហូរនៅក្នុងម៉ាស៊ីនរថយន្ត និងធុងទឹក ដើម្បីរក្សាសីតុណ្ហភាពម៉ាស៊ីន ឲ្យថេរនៅក្នុងកម្រិតមួយ ដែលធ្វើឲ្យម៉ាស៊ីនដំណើរការធម្មតា។ អ្នកប្រើប្រាស់យានយន្តភាគច្រើន តែងយល់ច្រឡំថា សារធាតុបញ្ចុះកម្ដៅ គឺតែមួយជាមួយនឹងសារធាតុរំលាយកំណក (Antifreeze) ដែលប្រើចំពោះរថយន្តបើកបរក្នុងស្ថានភាពត្រជាក់ ហើយវាមានមុខងារ ជួយរក្សារកុំឲ្យសីតុណ្ហភាពម៉ាស៊ីនក្ដៅខ្លាំង ឬត្រជាក់ខ្លាំងពេកដែរ។ តាមពិតទៅ សារធាតុបញ្ចុះកម្ដៅគឺជា ការលាយគ្នារវាងទឹក និង សារធាតុរំលាយកំណក ដែលអ្នកគួរតែឆែកឲ្យបានញឹកញាប់ថាតើ សារធាតុបញ្ចុះកម្ដៅនេះមានបរិមាណគ្រប់គ្រាន់ឬនៅ ក្នុងម៉ាស៊ីន ហើយគួរតែដឹងពីពេលដែលត្រូវប្ដូរវាចោលផងដែរ។

ប្រភព៖ www.cars.com ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់