• 2019-02-12 03:32:00
  • ព័ត៌មាន

Huawei មាន​មហិច្ឆតា​ធំ ចង់​ផ្ដួល Samsung ឆ្នាំ​២០២០

  • 2019-02-12 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំមុន Huawei ឈរ​នៅ​លេង​រៀង​ទី​២ ជា​ក្រុមហ៊ុន​​លក់​ទូរសព្ទ​បាន​ច្រើន​បំផុត​លើពិភពលោក បន្ទាប់​ពី Samsung ប៉ុន្តែ​ជើង​ខ្លាំង​​យក្ស​ចិន​មួយ​នេះ គ្រោង​នឹង​ផ្ដួល​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​​យក​លេខ ១ ឱ្យ​បាន​​នៅ​ត្រឹម​ឆ្នាំ​ ២០២០។ ​​​

តាមការចុះផ្សាយរបស់ Gadgetsnow ​ឆ្នាំ​២០១៨ ក្រុមហ៊ុន​មាន​ស្នាក់ការ​ធំ​ក្នុង​ទីក្រុង​ស៊ិនជិន ខេត្ត​គ័ងទុង លក់ទូរសព្ទ​បាន​ ៥៤,២ លាន​គ្រឿង​ កើន ៤០,៩% ​ខណៈ Samsung ឈរលើកំពូលតារាង ពោលគឺ​មានចំណែកទីផ្សារ ២០,៩% ប៉ុន្តែ​ធ្លាក់ចុះ ១០,៤%។ បើតាមក្រុមហ៊ុន Samsung ការដាំក្បាលចុះនេះ អាចមកពីការវៃចេញស្មាតហ្វូន​ S9/S9+ របស់ខ្លួន មិនទទួលបានផ្លែផ្កាល្អដូចស្មាតហ្វូនជំនាន់មុនៗ ប៉ុន្តែក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​រំពឹង​ថា វត្តមាន Galaxy Note 9 នឹងធ្វើ​ឱ្យ​ការលក់ មាន​ភាព​ផុសផុល​ឡើង​វិញ។

យ៉ាងណា​ក្នុង​ការ​ចុះផ្សាយ​របស់ Cnet អ្វីដែលក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រើប្រាស់ និង​ប្រើ​ក្នុង​វិស័យ​ទូរគមនាគមន៍ Huawei រំពឹង​ផ្ដួល Samsung បានគឺ Huawei ​គ្រោង​នឹង​បង្ហាញ​ទូរសព្ទ​ស្មាតហ្វូន​បត់​បាន ប្រើ​បណ្ដាញ 5G លើកដំបូង​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍ MWC នៅ​ខែ​កុម្ភៈ​​ឆាប់ៗ​ខាងមុខ ដែល​វា​ជា​ទំនោរ​ថ្មីមួយ ​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង ពីបណ្ដាក្រុមហ៊ុនផលិតទូរសព្ទនា​ពេល​បច្ចុប្បន្ន។

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei ជា​ក្រុមហ៊ុន​មាន​ទីផ្សារ​ខ្លាំង​ជាង​គេ​​បំផុតក្នុង​ប្រទេស​ចិន​​​ឆ្នាំ​ ២០១៨ ដោយ​​​លក់​ចេញ​បាន​​ស្មាតហ្វូន ១០៥ លានគ្រឿងកើន​ឡើង ១៦ ភាគរយ ​និង​មាន​ចំណែក​ទីផ្សារ ២៧ ភាគរយ​​​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ខណៈ​ក្រុមហ៊ុន​ទូរសព្ទ​ភាគច្រើន​ផ្សេងទៀត មានការ​ធ្លាក់​ចុះ។

ប្រភព៖ Cnet ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់