• 2019-01-30 03:58:00
  • ព័ត៌មាន

​នៅ​តែ ៤ ថ្ងៃ​ទេ កុំ​ភ្លេច​ទៅគាំទ្រ​កម្មវិធី​ស្នាដៃ​និស្សិត​ DMC ​ផលិត​យ៉ាង​ពិសេស!

  • 2019-01-30 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​ធ្វើការ​សម្ពោធ​កម្មវិធី​ទូរសព្ទ​និង​គេហទំព័រ​ថ្មី​មួយ​នៃ​គម្រោង​ទី​ចង​ចាំ ឬ Mapping Memories Cambodia (MMC) ដែល​ទាក់ទង​នឹង​រឿងរ៉ាវ​នៅ​សម័យ​ខ្មែរ​ក្រហម​ តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ទីតាំង​សំខាន់ៗ​នៅ​លើ​ផែនទី​កម្ពុជា។

ក្រុមនិស្សិត DMC

​អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​សិក្សា ២០១៨ កន្លង​ទៅ​នេះ​និស្សិត​ជំនាន់​ទី ១៥ និង​ទី​១៦ នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​បាន​ផលិត​បទ​យក​ការណ៍​វិទ្យុ ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ កម្រង​រូបភាព និង​អត្ថបទ​ព័ត៌មាន ​ស្ដី​ពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​ខ្មែរ​ក្រហម​ ហើយ​ក្រុម​និស្សិត​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​នឹង​កន្លែង ព្រម​ទាំង​បាន​សម្ភាស​ អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​នោះ។

​ការ​ដាក់​សម្ពោធ​កម្មវិធី​ទូរសព្ទ ទី​ចងចាំ ឬ Mapping Memories Cambodia (MMC) នេះ​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចាប់​ពី​ម៉ោង ៤:៣០ ល្ងាច​ដល់ ៨:០០ យប់​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (DMC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ​គម្រោង​ទី​ចងចាំ ឬ Mapping Memories Cambodia (MMC) ក៏​មាន​បំណង​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​រឿងរ៉ាវ​ខ្មែរ​ក្រហម​ ព្រម​ទាំង​បង្កើត​ការ​សន្ទនា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ក្នុង​ចំណោម​យុវជន និង​ក្រុម​គ្រួសារ។

អ្នកអាច​ចូល​ទស្សនា ស្ដាប់​ និង​អាន សាច់​រឿង​ទាំងអស់​ជា​ភាសាខ្មែរ​ ឬ ​អង់គ្លេស​ តាម​រយៈ​គេហទំព័រ mappingmemoriescambodia.com ឬ​កម្មវិធី​ទូរស័ព្ទ​ទី​ចង​ចាំ ឬ Mapping Memories Cambodia (MMC) ដែល​នឹង​អាច​ទាញ​យក​បាន​ទាំង​នៅ​លើ App Store និង​នៅ​លើ Google Play Store នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០១៩។

​ការ​ដាក់​សម្ពោធ​គម្រោង​ទី​ចងចាំ ឬ Mapping Memories Cambodia (MMC) នេះ​ មាន​កម្មវិធី​សំខាន់ៗ​ជា​ច្រើន​រួម​មាន ការ​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​កម្មវិធី​ទូរសព្ទ​ទី​ចងចាំ MMC និង​គេហទំព័រ​ mappingmemoriescambodia.com ការ​សម្ដែង «របាំ​ផ្កា​ស្លា» អំពី​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​នៅ​សម័យ​ខ្មែរ​ក្រហម​ដោយ​ក្រុម​សិល្បៈ​សុភី​លីន ​ពិពណ៌​រូបថត​ និង​គំនូរ​វាស​ស្ដី​ពី​ខ្សែ​ជីវិត​របស់​ប្រជាជន​កម្ពុជា​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ការ​ដាក់​ឲ្យ​សាកល្បង​កម្មវិធី​ទូរសព្ទ​និង​គេហទំព័រ​ រួម​ទាំង​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ ខ្នាត​ខ្លី និង​សំណួរ​ចម្លើយ​ទាក់ទិន​នឹង​ការផលិត​នៃ​គម្រោង​នេះ។

​កម្មវិធី​សម្ពោធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​លោក សោម រតនា ​សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោកស្រី Julia Ilse អ្នក​សម្រប​សម្រួល​សេវា​សន្តិភាព​ស៊ីវិល (ស៊ី.ភី.អេស.) នៃ​កិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) លោក ឆាំង យុ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ ឯកសារ​កម្ពុជា (DC-CAM) ភ្ញៀវកិត្តិយស​ព្រម​ទាំង​សាស្ត្រាចារ្យ និង​និស្សិត សរុប​ប្រមាណ​ជាង ២៥០ នាក់។

ចុចដោនឡូតលើ Play Store | App Store

អត្ថបទ៖ រក្សា

មតិយោបល់